អ៊ិន សុភិន និង ភិន សុដាលីស បានតំណែងថ្មី ពីដៃគូអាមេរិក

0

កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ ផលិតករល្បីឈ្មោះ លោក អុិន សុភិន និង កូនស្រី គឺអ្នកនាង ភិន សុដាលីស បានទទួលតំណែងថ្មីគួរអោយសរសើរ ពីដៃគូជាជនជាតិអាមេរិក បន្ទាប់ពីអ្នកទាំងពីរត្រូវបានតែងតាំងតំណែងជាផ្លូវការ។ យ៉ាងណាមិញ ទាំងលោក អ៊ិន សុភិន និង អ្នកនាង ភិន សុដាលីស សុទ្ធតែប្រកាសថាមិនដកឃ្លាពីសិល្បៈ បើទោះជាតំណែងថ្មី នឹងជួយអោយអ្នកទាំងពីរកាក់កប។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ក្រៅពីការងារជាម្ចាស់ផលិតកម្ម លោកមានក្រុមហ៊ុនមួយផ្ទាល់ខ្លួន គឺក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដោយបានធ្វើអាជីវកម្មផ្នែកទទួលបញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយដោយសារតែក្រុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម្មង់ទំនិញដោយផ្ទាល់នៅអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិអោយលោកបង្កើតក្រុមហ៊ុន ឬ ធ្វើជាតំណាង Kango Express Cambodia ដែលមានសិទ្ធិកុម្ម៉ង់គ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ។ លោកថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចកុម្ម៉ង់ទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ ដោយសារតែកិច្ចសហការ។ លោកថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចកុម្ម៉ង់ទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកច្រើន និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ ក៏លែងកើតមានទៀតហើយ ដោយសារមានក្រុមហ៊ុនលោកជាតំណាងនៅកម្ពុជាទទួលខុសត្រូវ។ លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណាងអោយក្លាយជាអគ្គនាយក ហើយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។ លោកថាជំហានជោគជ័យកើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរដែលបានធ្វើឡើងនេះ គឺក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬ បានរបស់មិនដូចក្នុងរូប ឬ របស់កន្លែងក្លាយ។

អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។ អ្នកនាងនឹងមាននាទីឡើងចុះអាមេរិកញឹកញាប់ ប៉ុន្តែមិនចោលការសម្ដែងនោះទេ គឺអ្នកនាងនៅតែទទួលនៅពេលមានរឿងត្រូវសម្ដែង ដែលទម្លាក់ដោយផលិតកម្មមហាហង្ស។ លោក អ៊ិន សុភិន ក៏ប្រកាសជំហរមិនកាត់បន្ថយការផលិតភាពយន្តក្នុងមួយឆ្នាំយ៉ាងតិច៤រឿង តាមផែនការដែលធ្លាប់បានធ្វើនោះផងដែរ។

នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មី និងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្សចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here