មកទល់ពេលនេះមានការទម្លាយថា តារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ កំពុងក្លាយជាមេម៉ាយសំបូរស្នេហ៍ម្នាក់នៅលើទឹកដីអាមេរិក ដោយអ្នកនាងត្រូវបានបង្ហើបថាមានបុរសសញ្ជាតិអាមេរិកតាមអន្ទងសុំស្នេហ៍មិនតិចនោះទេ ចាប់តាំងពីមានដំណឹងថាអ្នកនាងថា បាក់បែកប្ដី ហើយក្លាយជាស្រ្តីមេម៉ាយ។ យ៉ាងណាមិញប្រភពផ្លូវបានទាំំងបង្ហើបអ្នកនាងមិនខ្វល់ពីការលែបខាយទាំងនោះទេ បើទោះជាអ្នកនាងពេលនេះ ចាប់ផ្ដើមលែងខ្លួនស្រស់ស្អាតជាងមុន និងមើលមានសាច់ឈាមស្រស់ថ្លាព្រោះតែលែងពិបាកចិត្តខ្វល់ចិត្ត ដូចពេលរស់នៅជុំជាមួយស្វាមី។
ប្រភពពីអ្នកដែលមានទំនាក់ទំនងជាមួយ អ្នកនាង តូច ស្រីពេជ្រ នៅលើទឹកដីអាមេរិកបានអះអាងថា អ្នកនាងតូច ស្រីពេជ្រ ពិតជាមានមន្តស្នេហ៍មិនអន់ជាងនារីវ័យក្មេងនោះទេ ដោយសារតែដំណឹងបែកប្ដីមិនទាន់ទាំងផ្អើលបានប៉ុន្មានថ្ងៃផង ក៏មានអ្នកសុំខ្លួនចូលស្អំបេះដូង តែអ្នកនាងមិនព្រមទទួល។ អ្នកទម្លាយពីរឿងរបស់អ្នកនាងបង្ហើបថា អ្នកនាង ស្រីពេជ្រ ពេលនេះឈប់ខ្វល់ពីរឿងធ្លាក់ខ្លួនជាស្រ្តីមេម៉ាយទៀតហើយ ប៉ុន្តែអ្វីដែលអ្នកនាងគិតបន្តគឺខំរកលុយ និងសួរខ្លួនឯងថាអ្នកនាងត្រូវបន្តជ្រើសយកបុរសម្នាក់សម្រាប់ជីវិតក្នុងជំហានបន្ទាប់ ឬឈប់ត្រឹមហ្នឹង នៅក្នុងកាលៈទេសៈដែលមានអ្នកស្រឡាញ់ទាំំងចាស់ទាំងក្មេងបណ្ដាក់គ្នាលែបខាយនៅក្នុងពេលនេះ។
យ៉ាងណាមិញប្រភពដែលអាចទុកចិត្តបានអះអាងថា អ្នកនាងនឹងមិនជ្រើសបុរសរស់នៅអាមេរិកទៀតទេ ដោយសារតែអ្នកនាងរង់ចាំអោយបានតែលិខិតរស់នៅអាមេរិកស្របច្បាប់ ហើយនឹងត្រលប់មកប្រឡូកសិល្បៈ និងបើកមុខជំនួញនៅស្រុកខ្មែរវិញ។ ប្រភពនោះទម្លាយថា អ្នកនាងក្រោយពីធ្លាក់ខ្លួនមេម៉ាយ កាន់តែលែងខ្លួនស្អាតជាងមុន ហើយមើលទៅស្រស់ស្រាយគ្រប់ពេល ប៉ុន្តែអ្វីដែលគួរសរសើរគឺអ្នកនាងប្រាប់ថាអត់យកស្វាមីនៅអាមេរិកទៀតទេ ដោយសារតែអ្នកនាងយល់ថាជីវិតប្ដីប្រពន្ធនៅក្នុងស្រុកនោះ ខ្វះភាពផ្អែមល្ហែម ហើយពិបាកអោយអ្នកនាងទទួលយកស្ថានភាពប្ដីចេញប្រពន្ធចូលព្រោះតែសម្ពាធការងារដូចដែលអ្នកនាងបានជួប។ អ្នកនាងបានទម្លាយប្រាប់អ្នកស្និទ្ធថាកំពុងខំរកលុយត្រលប់មកស្រុកខ្មែរវិញ ដោយនឹងជ្រើសបុរសល្អម្នាក់ធ្វើជាស្វាមីតែម្ដង។
អ្នកនាងតូច ស្រីពេជ្រ នៅតែប្រកាន់ជំហរមិនធ្វើការបកស្រាយនូវអ្វីដែលបានទម្លាយដូចដើម ដោយអ្នកនាងបញ្ជាក់ថា ចាំដល់ពេលអ្នកនាងគិតថាគួរនឹងធ្វើការបរិយាយសិនទើបអ្នកនាងនឹងបើកចំហរ។ យ៉ាងណាមិញ អ្នកនាងមិនធ្វើការប្រកែកថាខ្លួនមិនបានបែកបាក់ស្វាមី និងបានបង្ហើបថាអ្នកនាងពិតជាត្រលប់មករស់នៅក្នុងស្រុកវិញនៅក្នុងកាលៈទេសៈសមស្រប៕