ឈុតគ្រប់សម័យកាលពី «គ្រួសារតារាកម្ពុជា» កក្រើកការប្រកួតផ្ដាច់ព្រ័ត្រ

0

ធៀបនឹងការរំលេចឈុតបុរាណក្នុងសម័យបុរាណមុន គេចាត់ទុកថាតារាសិល្បៈមកពីក្រុម «គ្រួសារតារាកម្ពុជា» កាន់តែធ្វើអោយមានការទទួលស្គាល់ខ្លាំងឡើង ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨» វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១ ឧសភា នៅសាលមហោស្រពកោះពេជ្រ។

សម្លៀកបំពាក់បុរាណដែលក្រុមនេះបង្ហាញជូននៅក្នុងវេទិការលើកនេះ គឺអស្ចារ្យជាងលើកមុនៗឆ្ងាយណាស់ ដោយអាចនឹងនិយាយបានថាវត្តមានបង្ហាញខ្លួនរបស់ «គ្រួសារតារាកម្ពុជា» បានជួយបន្ថែមសម្រស់ ធ្វើអោយព្រឹត្តិការណ៍ទាំងមូលលេចធ្លោតែម្ដង ជាមួយនឹងការរំលេចសម្លៀកបំពាក់កាលពីបុរាណ។

សម្លៀកបំពាក់ដែល«គ្រួសារតារាកម្ពុជាបង្អួត»លើកនេះ មិនត្រឹមតែផ្ដោតលើសម័យលង្វែក និងសម័យអាណានិគមបារាំងដូចមុននោះទេ ប៉ុន្តែក៏មានរំលេចអោយឃើញនូវទម្រង់សម្លៀកបំពាក់ក្នុងសម័យចតុមុខ សម័យសង្គមរាស្ត្រនិយម សម័យឧដុង្គ និងសម័យអាណាចក្រអង្គរ យ៉ាងត្រដែតពេញក្នុងកម្មវិធីផងដែរ។ វត្តមានរបស់តារាមួយក្រុមនេះសរុបជាង៤០រូប ស្ទើរមិនធ្វើអោយតារាណាម្នាក់ដែលបានបង្ហាញខ្លួន មិនទទួលបាននូវការចាប់អារម្មណ៍នោះទេ ដោយសូម្បីតែតារារះថ្មីប្រចាំក្រុម ក៏មានការប្រមាញ់រូបថត និងសុំថតពីសំណាក់តារាដូចគ្នា និងពីភ្ញៀវកិត្តិយសយ៉ាងកុះករផងដែរ ដោយសារតែសម្លៀកបំពាក់បុរាណទាំងនោះ បានជួយអោយតារាដែលបានតុបតែងក្លាយជារាជនី និងជាទេពបុត្រគ្មានពីរ នៅក្នុងព្រឹត្តិការណ៍នាយប់នោះ។ អ្វីដែលគេកត់សម្គាល់គឺតារាសិល្បៈ ដែលបានរួមចំណែកលះបង់ពេលវេលា និងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើអោយកម្មវិធីទាំងមូល លេចធ្លោនូវសិល្បៈសម័យបុរាណយ៉ាងល្អប្រណិតនោះ គឺសុទ្ធសឹងតែជាតារាល្បីៗ និងមានកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈនាពេលបច្ចុប្បន្ន។

អ្វីដែលគេភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍បំផុត គឺ«គ្រួសារតារាកម្ពុជា»បានរំលេចនូវទម្រស់សម្លៀកបំពាក់ក្នុងសម័យអង្គរ និងសម័យចតុមុខ ដែលពេលកន្លងមកក្រុមនេះមិនធ្លាប់បានបង្ហាញ។

លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ហេតុផលដែលក្រុមរបស់លោកតម្រូវអោយសមាជិកដែលបានចុះឈ្មោះចូលរួមតែងតួជាទម្រង់បុរាណក្នុងសម័យណាមួយ គឺដើម្បីបំផុសអោយមានការចូលរួម និងអភិរក្សអោយកាន់តែច្រើនឡើងវិញ នូវសម្លៀកបំពាក់បុរាណរបស់ខ្មែរ ជាពិសេសនៅក្នុងបរិយាកាសដែលកូនខ្មែរជំនាន់ក្រោយច្រើនឡើង ស្ទើរមិនដឹងថាខ្មែរមានអ្វីខ្លះជាវប្បធម៌បុរាណរបស់ខ្លួន ហើយបែរជាថាសម្លៀកបំពាក់បែបនេះឬបែបនោះ ដែលមានប្រទេសជិតខាងចម្លងតាម ថាជារបស់ជាតិសាសន៍របស់គេ។

លោកថា«គ្រួសារតារាកម្ពុជា»នឹងប្រកាសពីការរួមចំណែកបំផុសទម្រង់សម្លៀកបំពាក់ក្នុងសម័យបុរាណនេះអោយបានច្រើនបំផុត ដោយក្រៅពីអាចបង្ហាញអោយសាធារណៈជនបានឃើញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក៏ជាមុខមាត់ធំមួយរបស់តារាសិល្បៈដែលបានរួមចំណែកតុបតែងកាយក្នុងទម្រង់បុរាណបែបនោះ។

លោក ផាត់ តារារដ្ឋ បានថ្លែងបញ្ជាក់ថា សមាជិគគ្រួសារតារាកម្ពុជា មិនត្រឹមតែធ្វើសកម្មភាពដើម្បីពង្រីកកិត្តិយសរបស់តារាម្នាក់ៗជាសមាជិកនៅក្នុងក្រសែភ្នែកមហាជនប៉ុណ្ណោះទេ តែក៏បណ្ដុះគំនិតតារាសិល្បៈដែលជាសមាជិករបស់ខ្លួន អោយកាន់តែចូលរួមលើកស្ទួយ នូវទម្រង់សម្លៀកបំពាក់បុរាណរបស់ខ្លួនផងដែរ ជាពិសេសគឺតារាសិល្បៈជំនាន់ក្រោយ ដែលជាកម្លាំងស្នូលរបស់ក្រុម។ នៅក្នុងព្រឹត្តិការណ៍នោះ គេក៏កត់សម្គាល់ថាបេក្ខនារីទាំងធ្លាក់ និងជាប់លេខ លេចធ្លោរសម្រាប់ការប្រកួតផងដែរ ជាមួយនឹងសម្លៀកបំពាក់ដែលកែច្នៃដោយហាង«បូរ៉ានិចកាត់ដេរ» ឌែលគ្រប់ឈុតដែលបានបង្ហាញគឺធ្វើអោយបេក្ខនារីស្រស់ស្អាត៕