មកស្គាល់អតីតកាលក្នុងពិភពសិល្បៈ របស់ ម្ចាស់ហាង Mr.Man

0

បើសំដៅដល់ឈ្មោះលោក ម៉ៅ ប៊ុនរតនា គេស្គាល់ត្រឹមថាលោកគឺជាម្ចាស់ជំនួញ ក្រោយពេលល្បីល្បាញនឹងហាងខោអាវយីហោ Mr.Man ប៉ុណ្ណោះ ដោយស្ទើរមិនចាប់អារម្មណ៍ថាលោកក៏ជាតារាសិល្បៈមួយរូបដែរនោះឡើយ។ ប៉ុន្តែការពិតលោកបានប្រឡូកអាជីពចម្រៀង និងសម្ដែងច្រើនឆ្នាំមកហើយ ដោយអាចនិយាយបានថាទទួលបានផ្លែផ្កាតិចតួចទើបមិនសូវមានអ្នកចាប់អារម្មណ៍ ហើយបែរជាល្បីក្រោយក្លាយជាម្ចាស់ហាង Mr.Man ទៅវិញ។

លោក ម៉ៅ ប៊ុនរតនា បានថ្លែងរំលឹងពីអតីតកាលថា ការពិតមុនពេលបោះទុនបើកហាងលក់សំលៀកបំពាក់Mr.Man លោកគឺជាតារាសិល្បៈប៉ុណ្ណោះ ដោយលោកបានប្រឡូកអាជីពចម្រៀង និងសម្ដែង ហើយមានស្នាដៃរាប់មិនអស់។ ជាក់ស្ដែងលោកបានសម្ដែងក្នុងភាពយន្តជាច្រើនជាមួយតារាៗរៀមច្បង ដូចជាលោកទេព រិន្ទដារ៉ូ និងតារាសម្ដែងជាច្រើនទៀត ដែលខ្លះធ្លាប់សម្ដែងជាមួយលោកក៏នៅបន្ត និងខ្លះទៀតបោះបងអាជីពដូចគ្នានឹងលោកដែរ។ ក្នុងនោះស្នាដៃភាពយន្តរឿង«រលកស្នេហ៍ចម្រៀងជិវិត»របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺជាភាពយន្តដែលធ្វើអោយលោកត្រូវបានគេស្គាល់ច្រើន មុនពេលដែលលោកសម្រេចចិត្តបោះបង់សិល្បៈ ហើយងាកមកស៊ប់នឹងសិល្បៈ១០០ភាគរយ។

លោកបានរំលឹកថាការប្រឡូកអាជីពចម្រៀង និងសម្ដែងនៅក្នុងពេលនោះ លោកបានទទួលឱកាសឡើងច្រៀងលើកម្មវិធីតន្ត្រីខេត្តក្រុង និងកម្មវិធីតូចធំច្រើន ប៉ុន្តែអាចបណ្ដាលមកពីលោកមិនខ្សែរយៈឡើងប៉ុស្ដិ៍អោយបានច្រើន និងមិនសូវមានការលើកស្ទួយអោយខ្លាំង ទើបបានត្រឹមតែសម្ដែង និងច្រៀង ប៉ុន្តែមិនសូវមានអ្នកស្គាល់។ លោកថាខ្លួនទើបតែត្រូវអ្នកសិល្បៈ និងមហាជនស្គាល់ច្រើន ក្រោយពីបានក្លាយខ្លួនជាម្ចាស់ហាង Mr.Man ប៉ុណ្ណោះ ដោយសារតែលោកបានឧបត្ថម្ភជាប្រចាំដល់គ្រប់តារាដែលត្រូវការឡើងឆាក និងសម្ដែងនានា និងបានចាប់ដៃគូជាមួយផលិតករទូរទស្សន៍ជាច្រើនដើម្បីជួយផ្ដល់សំលៀកបំពាក់អោយពិធីករ និងពិធីការិនី អោយត្រូវនឹងទម្រង់កម្មវិធី ដើម្បីសម្រួលកុំអោយតារាសិល្បៈចំណាយច្រើនលើសំលៀកបំពាក់។

លោកម៉ៅ ប៊ុនរតនា បន្តថា បើទោះជាលោកចេញឆ្ងាយពីការសម្ដែង និងច្រៀង ដែលធ្លាប់ប្រឡូកទាំងយប់ទាំងថ្ងៃ ប៉ុន្តែលោកនៅតែបានផ្សារភ្ជាប់ជាមួយតារាសិល្បៈ និងពិភពសិល្បៈស្ទើរតែខ្លាំងជាងមុនទៅទៀត ដោយសារតែលោកកាន់តែមានទំនាក់ទំនងល្អច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាសិល្បៈថ្មីៗ ខណៈដែលលោកប្រកាសថាដោយសារតែលោកបានផ្សារភ្ជាប់មុខជំនួញ នឹងតារាសិល្បៈហើយ ទើបមុខជំនួញហាងខោអាវរបស់លោកទទួលបានជោគជ័យ៕