តូច ស្រីពេជ្រ បែកបាក់ស្វាមីនៅអាមេរិក

0

ទោះមិនទាន់មានការសារភាពដោយផ្ទាល់មាត់នៅឡើយ ប៉ុន្តែយោងតាមប្រភពផ្លូវការដែលអាចទុកចិត្តបានអះអាងថា ជីវិតស្នេហាឆ្លងទ្វីបរវាងតារាស្រី អ្នកនាង តូច ស្រីពេជ្រ និងស្វាមី ដែលគេមិនទាន់ទាំងបានស្គាល់មុខស្វាមីរបស់អ្នកនាងផងនោះបែកបាក់គ្នាហើយ ដោយអ្នកទាំងពីរបានចែកផ្លូវគ្នាយ៉ាងសន្តិវិធី ដែលហាក់ដូចមិនមានរឿងអ្វីកើតឡើងនោះផង។ ការតម្លាយនេះ គឺស្របនឹងហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ស្រាប់តែផុសពីរឿងខូចចិត្ត និងជីវិតឯកោជាញឹកញយនាពេលចុងក្រោយ ស្របគ្នាដែលអ្នកនាងក៏បង្ហាញពីការប្រេះឆាស្នេហ៍ជារឿយៗ។

ប្រភពដែលអាចទុកចិត្តបានថ្លែងប្រាប់ដោយមិនអោយបញ្ចេញឈ្មោះថា តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ ការពិតអ្នកនាងបានបែកបាក់ស្វាមីនៅលើទឹកដីអាមេរិកបាត់ទៅហើយ ដោយអ្នកនាង និងស្វាមីគ្រាន់តែនៅរាប់អានគ្នាដើម្បីកូនស្រី និងដើម្បីកុំអោយមានរឿងចម្រូងចម្រាស់ណាមួយ ដែលនាំអោយខ្ចរខ្ចាយដល់មនុស្សនៅជុំវិញខ្លួនប៉ុណ្ណោះ។ ប្រភពនោះបន្តថាតារាស្រីរូបនេះ សម្រេចចិត្តបែកបាក់ស្វាមី គឺបន្ទាប់ពីអ្នកនាង និងស្វាមី មានរឿងមិនចុះសម្រុងនឹងគ្នាយ៉ាងច្រើន ព្រមជាមួយនឹងគម្លាតការងាររៀងខ្លួនធ្វើអោយគូស្នេហ៍របស់អ្នកនាង កាន់តែឆ្ងាយមនោសញ្ចេតនាពីគ្នា។ ម្យ៉ាងហេតុផលជីវិតរស់នៅលើទឹកដីថ្មី ដែលមិនអោយនាងសាំនឹងបរិយាកាសដែលប្ដីផ្សេងប្រពន្ធផ្សេង ដូចខ្វះភាពកក់ក្ដៅនោះផង ទើបធ្វើអោយអ្នកនាងកាន់តែមានអារម្មណ៍តូចចិត្ត ហើយសភាពការខ្វែងគំនិតក៏តម្រូវអោយអ្នកនាងសុំបែកស្វាមី ដោយសន្តិវិធី។ អ្នកនាង និងស្វាមី ត្រូវគេទម្លាយថា នៅមិនទាន់សម្រេចចិត្តប្ដឹងលែងលះដល់ប្រព័ន្ធតុលាការនៅឡើយទេ ដោយសារតែស្វាមីអ្នកនាង ចង់អោយអ្នកនាងទទួលបានលិខិតផ្លូវការ ដែលអាចរស់នៅលើទឹកដី១អាមេរិកដោយស្របច្បាប់សិន ទើបសម្រេចចិត្តលែងគ្នាដល់ផ្លូវច្បាប់។

ប្រភពនោះបញ្ជាក់ដោយគួរអោយទុកចិត្តថា «ប្ដីប្រពន្ធគាត់ការពិតមានរឿងមិនចុះសម្រុងគ្នាច្រើនហើយ ទើបគាត់(តូច ស្រីពេជ្រ) មិនដែលបង្ហាញមុខស្វាមី ហើយលូវបែកគ្នាតែម្ដង អ្នកដឹងបានដឹងគឺពួកគាត់ពិតជាបែកគ្នាមែន!»។ តបនឹងការលើកឡើងនេះ អ្នកនាងតូច ស្រីពេជ្រ បានឆ្លើយប្រាប់ថាខ្លួនមិនទាន់ចង់បកស្រាយពីការលេចធ្លាយដែលបានលើកឡើងនោះទេ ប៉ុន្តែអ្នកនាងបានបញ្ជាក់យ៉ាងខ្លីថា ការពិតគឺនៅតែជាការពិតក្នុងថ្ងៃណាមួយ។

ជាមួយមន្ទិលដាច់ដោចស្វាមីនៅលើទឹកដីអាមេរិកនេះ អ្នកនាងតូច ស្រីពេជ្រ ត្រូវបានគេប៉ាន់ស្មានថានឹងមិនអាចទំនេរបែបនេះយូរទេ ដោយសារតែអ្នកនាងក៏ជាតារាដែលមានឈ្មោះបោះសំឡេងនៅស្រុកខ្មែរមួយរូបមុនចាកចេញទៅអាមេរិក ហើយបើទោះជាអ្នកនាងមានវ័យជ្រេបន្តិចមែន ប៉ុន្តែបើនិយាយពីរូបសម្រស់គឺមិនធម្មតា ដែលច្បាស់ណាស់បើអ្នកនាងពិតជាទំនេរ គឺបុរសចាស់ក្មេងពិតជាចូលអន្ទង។ យ៉ាងណាមិញ គេកំពុងចាំអ៊ុតមើលថា បើអ្នកនាងពិតជាបែកបាក់ស្វាមីមែន ច្បាស់ជាមិនយូរទេ អ្នកនាងនឹងមានបុរសថ្មីជ្រាតចូលក្នុងជីវិត ដោយសារតែអ្នកនាងក៏នារីដែលមានរូបសម្រស់មិនចាញ់ក្រមុំក្មេងៗ៕