ទាក់ចិត្តយុវវ័យ ភាពយន្តរឿង”គ្រូប៊ីអាយជី”

0

តាំងពីថ្ងៃទី៩ មករា ឆ្នាំ២០២០ ដែលភាពយន្តរឿង”គ្រូប៊ីអាយជី” ចាប់ផ្ដើមវាយលុករោងកុន ហើយធ្វើអោយយុវវ័យកញ្ជ្រោលចាប់អារម្មណ៍។ នៅតាមបណ្ដារោងសំខាន់ៗរួមមានទាំងនៅភ្នំពេញ សៀមរាប បាត់ដំបង និង ប៉ោយប៉ែត គេឃើញភាពយន្តមួយនេះ ទាក់ចិត្តអ្នកទស្សនាបានច្រើន។

នេះជាភាពយន្តដែលរំលេចពីភាពកំប្លុកកំប្លែង មនោសញ្ចេតនាស្នេហា និងភ័យរន្ធត់ ដែលផលិតឡើងដោយផលិតករល្បីឈ្មោះលោក វង្ស ពិសិដ្ឋ ដែលត្រូវគេស្គាល់ថាមានស្នាដៃច្រើនមកហើយ។ ភាពទាក់ទាញរបស់ភាពយន្តនេះ គឺដោយសារតែរឿងនេះឆ្លុះបញ្ចាំងពីសាច់រឿងត្រូវចិត្តយុវវ័យ ហើយអ្នកទិញសំបុត្រទស្សនា គឺបានរួមចំណែកបរិច្ចាគផលចំណេញ២០ភាគរយ ជួយដល់គន្ធបុប្ផា និងជួយដល់មូលនិធិចាស់ជរា។

យុវវ័យដែលជាហ្វេនទស្សនារឿងនេះ ត្រូវគេឃើញផុសសរសើរ និងទទូចអោយអ្នកចង់លើកស្ទួយវិស័យភាពយន្តខ្មែរ និងចង់បរិច្ចាគថវិកាជួយដល់សង្គម ទិញសំបុត្រទស្សនារឿងអោយបានច្រើន កុំអោយស្ដាយក្រោយ។ យុវតី សុភា ដែលបានទស្សនារឿង”គ្រូប៊ីអាយជី” កាលពីល្ងាចថ្ងៃទី១០ មករា នៅរោងកុនទំនើប TK និយាយថាសប្បាយចិត្ត ដែលភាពយន្តបរិច្ចាគថវិកាជួយដល់សង្គម តែសាច់រឿងដែលឆ្លុះបញ្ចាំងគឺល្អមើល។ នាងថាខ្លួនមកទស្សនារឿង”គ្រូប៊ីអាយជី” គ្រាន់តែចង់បរិច្ចាគថវិកាពីការទិញសំបុត្រ ជួយដល់សង្គមតាមការប្រកាសរបស់ផលិតករប៉ុណ្ណោះ ប៉ុន្តែក្រោយពេលទស្សនាកាន់តែសប្បាយចិត្ត ដោយសារភាពយន្តនេះល្អមើល ជាពិសេសក្នុងឈុតគ្រូប៊ីអាយជីទៅបង្រៀននៅខេត្ត និងឈុតខ្មោចរន្ធត់ម្ដងៗ។ នាងទទូចអោយយុវវ័យទស្សនារឿងនេះអោយបានច្រើន ដើម្បីបានចូលរួមលើកស្ទួយភាពយន្តខ្មែរដែលមានគុណភាពផង និងបានជួយអោយផលិតករចំណេញអោយច្រើនជួយដល់សង្គមផង។