ប៉ែន សុផានី ក្លាយជាជំទាវផ្កាយ២

0

វង្ស សុម៉ាលីន

តារាសម្ដែងជើងចាស់អ្នកនាង ប៉ែន សុផានី បានធ្វើពិធីឡើងគេហដ្ឋានថ្មីជាង១៨ម៉ឺនដុល្លា នៅឯបុរីពិភពថ្មីចម្ការដូង២កាលពីថ្ងៃទី៥ ខែមករានេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺនៅក្នុងពិធី អ្នកនាងក៏បានបង្ហាញមុខស្វាមីជាផ្លូវការ ធ្វើឱ្យមហាជន និងភ្ញៀវកិត្តិយសជាច្រើនមានការស្ងើចសរសើរ។

បន្ទាប់ពីក្លាយជាស្ត្រីមេម៉ាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ អ្នកនាងប៉ែន សុផានី បានជំពប់ស្នេហ៍ម្ដងទៀតជាមួយបុរសពោះម៉ាយកូន២ម្នាក់ ដែលត្រូវបានគេស្គាល់ថាជាមន្ត្រីផ្កាយ២ មានមុខមានមាត់នៅក្នុងសង្គមផងដែរ។ តាមរយៈការបង្ហាញមុខគូរស្នេហ៍ដោយបើកចំហរនេះ សរបញ្ជាក់ឱ្យឃើញថា អ្នកនាងបានក្លាយជាជំទាវរួចទៅហើយ បើទោះជាអ្នកទាំងពីរពុំទាន់បានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ធំដុំពិតមែនក្ដី ប៉ុន្តែអ្នកនាងនិងគូរស្នេហ៍បានព្រមព្រៀងចុះអេតាស៊ីវិល ក្លាយជាប្ដីប្រពន្ធពេញច្បាប់ និងបានរៀបពិធីផ្សំផ្គុំដឹងឮពីចាស់ទុំទាំងសងខាងរួចមកហើយ។ ជាងនេះទៅទៀតអ្នកនាងបានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលបានទទួលនូវស្នេហាថ្មីពិតប្រាកដ មិនអភ័ព្វដូចជាការគិតរបស់អ្នកនាងកន្លងមកនោះទេ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកនាងមានភាពកក់ក្ដៅនោះគឺ អ្នកនាងអាចស្វែងរកដៃគូរជីវិតដែលមានវ័យស្របាលគ្នាបាន អាចជឿទុកចិត្ត និង មើលថែរគ្នាទៅវិញទៅមកដោយមិនប្រកាន់នូវអតីតកាលនោះឡើយ។

នៅពេលជជីករឿងដំណើរជីវិតក្នុងសិល្បៈអ្នកនាងក៏បង្ហាញជំហរដ៏រឹងមាំថា គឺមិនចោលនោះឡើយ បើសិនជាមានផលិតករត្រូវការឱ្យថត គ្រាន់តែកាន់បន្ថយមិនសម្រុកដូចកាលខ្លួនមួយនោះឡើយ។ ដោយសារតែអ្នកនាងត្រូវរៀបចំខ្លួនដើម្បីបំពេញតួនាទីជាភរិយា និងជាមេផ្ទះដ៏ល្អ ពីព្រោះស្វាមីរបស់អ្នកនាងគឺជាអ្នកមានមុខមានមាត់ ដូច្នេះរាល់ការចូលរួមកម្មវិធីផ្សេងៗអ្នកនាងត្រូវរៀបចំ និងអមដំណើរជាមួយស្វាមី ដើម្បីបំពេញកិត្តិយសឱ្យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះអ្នកនាងក៏នឹងមានត្រៀមបើកជាអាជីវកម្មតូចមួយដើម្បីគ្រប់គ្រងដោយផ្ទាល់ខ្លួន ជំនួសឱ្យការងារសិល្បៈ និងដើម្បីមានពេលវេលាមើលថែរគ្រួសារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here