ថ្ងៃខួប យ៉េ យ៉េ បង្ហូរទឹកភ្នែកពេលអវត្តមានម្ដាយ

0

តារាកំប្លែងភេទទី៣កញ្ញា យ៉េយ៉េ បានរៀបចំពិធីខួបកំណើតយ៉ាងធំដុំមួយគម្រប់អាយុ ២៧ ឆ្នាំ កាលពីយប់ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០នេះ។ បើទោះជាក្នុងកម្មវិធីមានភាពសប្បាយរីករាយ និង មានភ្ញៀវកិត្តយសចូលរួមអបអរច្រើនក៏ពិតមែន ប៉ុន្តែយ៉េយ៉េ បែជាបង្ហូរទឹកភ្នែកទៅវិញ នៅពេលដែលកម្មវិធីរបស់នាងអវត្តមានអ្នកម្ដាយជាទីស្រឡាញ់។

ជាក់ស្ដែងតារាកំប្លែង និង ជាតារាសម្ដែងកញ្ញា យ៉េយ៉េ បានធ្វើខួបកំណើតដ៏ធំមួយគម្រប់អាយុ ២៧ឆ្នាំ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយសជាតារាសិល្បៈមួយចំនួនធំ និងសាច់ញាតិរហូតដល់ទៅ៤០តុឯណោះ។ យ៉ាងណាមិញនៅក្នុងកម្មវិធីហាក់មានភាពអធិកអធមនិងសប្បាយរីករាយជាខ្លាំង ស្របពេលនោះដែរ កញ្ញាក៏បង្ហាញពីអារម្មណ៍តូចចិត្តភាពនឹករលឹក និងមានការសោកស្ដាយជាខ្លាំង ខណៈកម្មវិធីរបស់នាងគ្មានវត្តមានអ្នកម្ដាយនិងឪពុកចូលរួមជាគូរដូចកម្មវិធីមិត្តសិល្បៈដ៏ទៃទៀត ដោយមានតែឪពុករបស់នាងដែលមានអាយុ៨០ឆ្នាំចូលរួមតែប៉ុណ្ណោះ។

យ៉េយ៉េ បានបង្ហាញអារម្មណ៍តូចចិត្ត និងបង្ហូរទឹកភ្នែកដោយនាងបានរៀបរាប់ថា នាងពិតជាចង់ឱ្យអ្នកម្ដាយរបស់នាង បានមកឈរនៅទីនេះ មើលពីសមិទ្ធផលជោគជ័យដែលនាងបានខំប្រឹងប្រែងរហូតមកទល់សព្វថ្ងៃ ក្រោយជម្នះពីពាក្យថាជាខ្ទើយឥតតម្លៃ បានក្លាយជាមនុស្សដែលមានគេទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតរកប្រាក់ចំណូលបានផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់។ ពិសេសនាងចង់មើលថែម្ដាយផ្ដល់គ្រប់យ៉ាងដើម្បីតបស្នងសងគុណដល់ម្ដាយនាង ដែលគាត់តែងតែជាកម្លាំងជម្រុញ និងលើកទឹកចិត្ត ការពារនាងពីពាក្យសម្ដីមជ្ឈដ្ឋានខាងក្រៅដែលធ្លាប់បានមើលងាយនាង។ ប៉ុន្តែគួរឱ្យសោកស្ដាយបន្ទាប់ពីនាងមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ អ្នកម្ដាយរបស់នាងបែរជាចាកចោលនាងដោយសារតែជម្ងឺររយៈពេល៥ឆ្នាំមកហើយ ធ្វើឱ្យនាងគ្មានឱកាសបានបំពេញក្ដីសុខតួនាទីជាកូនល្អ និង តបស្នងសងគុណចំពោះគាត់ឱ្យអស់ពីលទ្ធភាពនៅឡើយ។

មិនតែប៉ុណ្ណោះ យ៉េយ៉េ ក៏បានផ្ដាំផ្ញើរទៅដល់កូនៗគ្រប់រូប ឱ្យយកពេលវេលាថែរទាំឪពុកម្ដាយឱ្យបានល្អ និង ព្យាយាមសងគុណឪពុកម្ដាយបន្តិចបន្តួចតាមអ្វីដែលអាចធ្វើទៅបាន កុំឱ្យហួសពេលដូចជារូបនាង។ នេះគឺជារឿងដ៏គួរឱ្យកោតសរសើរនៅពីក្រោយភាពជោគជ័យរបស់អ្នកកំប្លែងស្រីមាឌធំ ភេទទី៣ដែលធ្លាប់តែបង្ករភាព សប្បាយរីករាយដល់ទស្សនិកជន ឥឡូវនេះអ្នកច្បាស់ជាជ្រាបហើយថាតារារូបនេះមានការតស៊ូរ និង លំបាកកម្រិតណានោះទេទម្រាំនាងមានថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here