ង៉ែត សុភ័ក្ដ្រ ស្ទាបស្ទង់សំឡេង ក្រោយការសម្ដែងហើបឡើង

0

ក្រោយពីបានបោះជំហានក្លាយជាសមាជិកសំខាន់មួយក្នុងក្រុម«គ្រួសារតារាកម្ពុជា» តារាសម្ដែងសាច់ដុំ មាឌឌាំង លោក ង៉ែត សុភ័ក្ដ្រ ត្រូវគេកត់សម្គាល់ថាបានក្លាយជាតារាសម្ដែងមួយរូបដែលមានទីផ្សារ។ ប៉ុន្តែអាជីពសម្ដែងមានការសន្ទុះ លោកបែរជាមិនក្ដោបអាជីពហាលខ្យល់ហាលភ្លៀងមួយនេះអោយខ្លាំងណែនដៃនោះទេ លោកបែរជាឈោងចាប់អាជីពមួយផ្សេងទៀត គឺជាអាជីពចម្រៀង ខណៈដែលការស្ទាបស្ទង់បញ្ចេញសំឡេងរបស់លោកក៏ទទួលបានការចាប់អារម្មណ៍សូម្បីតែត្រឹមតែច្រៀងបង្ហោះលេងៗនៅឡើយ។

លោក ង៉ែត សុភ័ក្ដ្រ ដោយសារតែមើលឃើញការគាំទ្រក្នុងការបង្ហើសំនៀងនោះហើយ ទើបធ្វើអោយលោកងាកមកចង់ប្រឡូកក្នុងអាជីពចម្រៀងវិញ ស្របគ្នាដែលលោកក៏ជាតារាសម្ដែងមួយរូបដែលមានភាពអំណោយផលក្នុងការបកស្រាយបទចម្រៀង។

លោកបានបង្ហើសំនៀងមួយបទក្រោមចំណងជើងថា«ទឹកភ្នែកព្រាននារី»ដែលជាប្រភេទបទCover ហើយត្រូវគេឃើញមានចូលស្ដាប់ច្រើន និងស្សែចេញច្រើន។ ជាមួយនឹងសន្ទុះមួយបទនេះ គេឃើញចេញបង្ហោះបទចម្រៀងទំនុកច្រៀងផ្ទាល់ខ្លួនមួយភ្លាមៗក្រោមចំណងជើងថា«បែកគ្នាទៅបងចេកទេ?»ដែលនេះគឺជាបទបើកឆាក ហើយ ការស្សែចេញនៅលើបណ្ដាញហ្វេសប៊ុកក៏មានច្រើន និងអ្នកចូលទស្សនាក៏ច្រើនដងនៅក្នុងបណ្ដាញយូធូប។

អ្នកធ្លាប់តែឃើញការសម្ដែងរបស់លោកបានលាន់មាត់សរសើរថាលោកគឺជាតារាសម្ដែងដែលមានសំំឡេងល្អ ដែលភាពទាក់ទាញនេះកាន់តែមានថែមទៀត ស្របគ្នាដែលលោកក៏មានមុខមាត់ និងរូបរាងស្រស់សង្ហារនោះផង។ ក្រោយពីបទចម្រៀងបើកឆាកទទួលបានការគាំទ្រគេឃើញតារារូបនេះ ទាំងប្រមូលតារាសិល្បៈចេញថតបទ«បែកគ្នាទៅ បងចេកទេ» ដើម្បីផលិតMV ផង ដោយលោករំពឹងថាសន្ទុះក្នុងការវាយលុកទីផ្សារនឹងមានមិនអន់។

លោក ង៉ែត សុភ័ក្ត្រ និយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបទចំនួន២បទ គឺមួយបទCover និងមួយបទជាទំនុកច្រៀងរបស់ខ្លួន ហើយទទួលបានការចាប់អារម្មណ៍ ដែលធ្វើអោយលោកមានកម្លាំងចិត្តនឹងក្នុងងាកមកធ្វើបទចម្រៀងអោយកាន់តែល្អ។

យ៉ាងណាក៏ដោយលោកមិនទាន់ដឹងថាឱកាសចង់ក្លាយជាតារាចម្រៀងអាជីពរបស់លោកតើនឹងអាចសម្រេចគោលដៅតាមការចង់បាន ឬយ៉ាងណានោះទេ ក្នុងពេលដែលតារាចម្រៀង Original Song នៅក្នុងពិភពសិល្បៈក៏មិនងាយនឹងជោគជ័យផង។ លោកថាខ្លួននឹងប្រឹងផលិតបទចម្រៀងអោយកាន់តែល្អ ហើយបើទោះជាមួយបទ«បែកគ្នាទៅ បងចេកទេ»ធ្វើអោយមនុស្សកាន់តែច្រើនយល់ថាលោកគឺជាចេក ក៏លោកមិនខ្វល់នោះដែរ ក្នុងពេលដែលលោកយល់ថាមន្ទិលមួយនេះ ក៏ជាភាពទាក់ទាញធ្វើអោយបទចម្រៀងរបស់លោកទទួលបានការចាប់អារម្មណ៍។ លោកប្រកាសចំណាយការផលិតMV បទ«បែកគ្នាទៅ បងចេកទេ» អោយបានល្អ ដោយក្រោយការបង្ហោះបទនេះ លោកក៏នឹងបញ្ចេញបទចម្រៀងបន្តបន្ទាប់ទៀត ដើម្បីអោយស្គាល់ពីសមត្ថភាពទឹកដមសំឡេងរបស់ខ្លួនអោយកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here