បើទោះជាមានការរិះគន់ចំពោះតារាសិល្បៈ ដែលពាក់ព័ន្ធនឹងឆាកនយោបាយ ក៏តារាចច្រៀង និងតារាចម្រៀង លោក ឌីជេ កណ្ដុរនៅតែឃើញសកម្មក្នុងឆាកនយោបាយ ដោយបានទាំងចេញមុខហែរបក្សយ៉ាងសកម្មក្នុងរយៈពេលនេះផង។ អ្វីដែលគេកត់សម្គាល់ថា គឺលោកថែមទាំងសាក់ជាប់នឹងដៃនូវពាក្យដែលបង្ហាញពីគាំទ្រគណបក្សមួយ ដោយមិនខ្វល់ពីការរិះគន់នៅជុំវិញខ្លួន។
ស្នាមសាក់ដែលឌីជេកណ្ដុរបានសាក់នោះ គឺមានពាក្យថា«សម្ដេចហ៑ុនសែន» និងពាក្យថា«គណបក្សប្រជាជន» ដែលការសាក់នេះ គឺមិនមានតារាណាម្នាក់លះបង់នោះទេ ជាពិសេសសម្រាប់សិល្បៈដែលត្រូវការភាពល្បីល្បាញពីកម្លាំងមហាជន។ ឌីជេកណ្ដុរ និយាយថា ហេតុដែលលោកសម្រេចចាក់សាក់ទាំងពីរពាក្យនោះ គឺដោយសារតែលោកយល់ថានោះជាអ្វីដែលលោកពេញចិត្ត និងថាលោកចង់ធ្វើអ្វីដែលលោកមានតម្រូវការ។
លោកមិនខ្វល់ចំពោះការរិះគន់ណាមួយនោះទេ ដោយសារតែលោកគិតថាខ្លួនក៏ជាបុគ្គលម្នាក់ ដែលមានសិទ្ធិគ្រប់គ្រាន់ គាំទ្រគណបក្សណាមួយដែលខ្លួនពេញចិត្ត។
គួរបញ្ជាក់ផងដែរថា ក្នុងមួយរយៈចុងក្រោយ គេឃើញឌីជេកណ្ដុរ ចេញមុខយ៉ាងសកម្មក្នុងសកម្មភាពហែរបក្សជាមួយលោក ឧកញ៉ាស្រីចាន់ថន តែលោកគ្រាន់តែចេញមុខហែរបក្សដោយច្រៀងរាំដើម្បីក្បួនដង្ហែរនោះបានសើចសប្បាយប៉ុណ្ណោះ មិនមានការស្រែកជ័យឃោសរិះគន់គណបក្សមួយផ្សេង ធ្វើអោយមានការរិះគន់នោះឡើយ៕