រដ្ឋាភិបាលសម្រេចយកថ្ងៃទី២០ វិច្ឆិកា កាន់ទុក្ខព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី ទូទាំងប្រទេស

0

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ព្រះរៀម បុប្ផាទេវី ហើយក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ដោយត្រូវទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ១ថ្ងៃ។

ការថ្លែងនេះ គឺនៅពេលដែលសម្ដេច ហ៊ុន សែនអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាច្រកម្ពុជា បានមានប្រសាសន៍ថ្វាយនូវការចូលរួមរំលែកទុក្ខ ជាមួយព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ចំពោះការបាត់បង់ព្រះរាជបុត្រីច្បង គឺសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។ សម្ដេចថា ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ទ្រង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់យើង ពីព្រោះព្រះអង្គបានចូលរួមកិច្ចការងារជាច្រើនក្នុងសង្គម ជាពិសេសការលើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរ ហើយព្រះអង្គក៏ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

គួរបញ្ជាក់ថាសម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​( សោយទិវង្គត់) កាលពីវេលា​ម៉ោង១២:៣០នាទីថ្ងៃត្រង់ នាថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។