បន្ទាប់ពីបានបរិច្ចាគថវិកាច្រើនលានរៀលជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិធីការិនីកញ្ញា ឌួង ហ្សូរីដា ក៏អះអាងថាទើបតែបានបរិច្ចាគថវិកាដែលបានពីការចំណេញកាបូប និងផលិតផលម៉ាក Proud to Cambodia ទៅអោយសាលាដោយជួយជាកុំព្យុទ័រមួយឈុតគិតជាសាច់ប្រាក់អស់រាប់រយដុល្លារផងដែរ។ នាងថានេះជាសកម្មភាពបន្តដែលខ្លួនប្រឹងធ្វើ ខណៈដែលនាងក៏នឹងបន្តប្រកាសលក់កាបូប និងផលិតផលបែបនេះ បន្តទៀត ដើម្បីអាចមានលុយច្រើនជួយដល់សង្គម ដោយមិនចាំបាច់រ៉ៃអង្គាស។
កញ្ញា ឌួង ហ្សូរីដា ដែលទើបបានបំពេញតួនាទីជាតារាឆ្នើមមួយរូប ក្នុងព្រឹត្តិការណ៍ប្រគល់មេដាយ និងការប្រកួតឈុតសំលៀកបំពាក់បុរាណរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា បានថ្លែងបញ្ជាក់ថា កញ្ញាមិនដកថយនឹងសកម្មភាពសប្បុរសធម៌នោះទេ ទើបនាងសម្រេចចិត្តដកថវិកាចំណេញដែលទើបទទួលបានជាថ្មីក្រោយការប្រគល់អស់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា អោយទៅសាលាមួយដែលខ្វះខាតខ្លាំងនៅខេត្តសៀមរាបមុននេះ។ នាងថាខ្លួនគ្រាន់តែបានរួមចំណែកក្នុងចំណោមជំនួយដ៏ច្រើនពីសប្បុរសជនរហូតដល់រាប់ពាន់ដុល្លារ ដែលយកទៅប្រគល់នោះតែប៉ុណ្ណោះ តែអំណោយរបស់នាងគឺមានន័យដោយសារតែកើតចេញពីញើសឈាម និងការប្រឹងប្រែង ដែលមិនមែនបានពីការប្រកាសសុំពីសប្បុរសជនណាម្នាក់។ នាងថាខ្លួនបានទិញកុំព្យុទ័រមួយឈុតដែលមានតម្លៃជាង៥០០ដុល្លារ និងបានចំណាយពេលយកទៅប្រគល់ដោយផ្ទាល់ ដោយសារតែចង់រួមចំណែក ក្នុងការជួយនេះ។
នាងប្រកាសថានៅមានគម្រោងជួយដល់សាលាខ្វះខាតនោះបន្តទៀត ដោយគ្រាន់តែមិនទាន់ដឹងថាតើត្រូវជួយអ្វី ដោយរង់ចាំអោយថវិកាចំណេញពីការលក់ដូររបស់នាងបានកំណើតគួរសមបន្តិចសិន៕