តួឯកស្រីរឿង «បុព្វេសន្និវាស» មកកម្ពុជាលើកនេះ ខ្លាំងជាងលើកមុន

0

ប្រមាណជា២លើកមកហើយដែលតួឯកស្រីល្បីឈ្មោះប្រចាំប្រទេសថៃ កញ្ញាប៊េឡា បានមកកាន់កម្ពុជា ប៉ុន្តែគេមើលឃើញថាវត្តមានរបស់នាងនៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន គឺខ្លាំងជាង២លើកមុន ដោយទំនងមកពីភាពយន្តរបស់នាងរឿង«បុព្វេសន្និវាស»ផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ។ វត្តមានរបស់នាងលើកនេះ គឺថាម្នាក់ដែលជាអ្នកគាំទ្រ គឺថាកញ្ជ្រោលឡើងចង់ផ្ទុះសាលកម្មវិធីតែម្ដង ដល់ថ្នាក់អ្នករៀបចំបិទមិនអោយអ្នកគាំទ្រចូលនៅពាក់កណ្ដាលកម្មវិធី។

នេះជាជំនួបតារាដែលបានធ្វើឡើងក្នុង ឱកាសគម្រប់ខួប៣ឆ្នាំរបស់ទូរទស្សន៍ភីអិនអិន ដោយក្រៅពីវត្តមានតារាថៃក៏មានការសម្ដែងពីសំំណាក់ពីតារាកម្ពុជា ជាមួយនឹងការប្រូម៉ូដរឿងថ្មីៗដែលតារាខ្មែរបានសម្ដែង និងត្រៀមដាក់បញ្ចាំងនៅPNN ដូចគ្នា ធ្វើអោយអ្នកគាំទ្រម្នាក់ៗស្រែកចង់របើកដំបូលផ្សារអ៊ីអនផងដែរ ដោយគ្រាន់តែឥទ្ធិពលទាក់ទាញអ្នកគាំទ្រខ្លាំងក្លាបំផុត គឺសន្ទុះរបស់តារាថៃ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសឈ្មោះថា”ជំនួបតារាភីអិនអិន២០១៨”ដោយរួមមានវត្តមាន តារាល្បីៗដូចជា លោក ខាត់ វៃហាំង កញ្ញា យូប៊ិន លោកអេតវីន លោក យឹម ណារ៉ា កញ្ញាជីមមី តារាថៃPerth Mai ឌីឌី ក្រុមតារាចម្រៀង Original Song Small World Small Band និងតារាក្នុងរឿងភាគល្បីៗជាច្រើនទៀតរបស់ភីអិនអិន។

កញ្ញា បេឡារ៉ានី ដែលត្រូវគេស្គាល់ថាជាតួឯក្នុងរឿង”បុព្វេសន្និវាស” និយាយថា នេះជាលើកទី៣ហើយ ដែលនាងបានមកជួបប្រិយមិត្តកម្ពុជា ក្រោយពេលខ្សែភាពយន្តរបស់នាងចាក់បញ្ចាំង ហើយមានអ្នកគាំទ្រពេញទំហឹង។ តារាដ៏ស្រស់ស្អាត ហើយពេញដោយទេពកោសល្យរូបនេះ ក៏បានសម្តែងឈុតឆាកខ្លីៗក្នុងសាច់រឿង “បុព្វសន្និវាស” ជូនអ្នកគាំទ្រទស្សនាផ្ទាល់ និងបាននៅលេងហ្គេមជាមួយផង ទើបធ្វើអោយសន្ទុះគាំទ្រគឺស្ទើរតែផ្ទុះសាលកម្មវិធី។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញតារាថៃល្បីៗ អោយមកប្រទេសកម្ពុជា ហើយទទួលបាននូវការគាំទ្រខ្លាំងក្លាបែបនេះ ហើយតែងតែអញ្ជើញតារាល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីមកជួបអ្នកគាំទ្ររបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិសេសៗដែលភីអិនអិនបានធ្វើឡើង។ ក្រៅពីមានការផ្សាយភាពយន្តភាគថៃ ក៏លើកកម្ពស់ភាពយន្តភាគខ្មែរ និងភាពយន្តភាគហុងកុងមួយចំនួនដែរ៕