យោងតាមប្រតិកម្មរបស់គ្រួសារលោកគ្រូ រស់ សេរី ដែលជាគ្រូគុនល្បុកត្តោ និងជាម្ចាស់ក្លិបល្បុកត្តោអង្គរមានប្ញទ្ធិនៅខេត្តសៀមរាប ដែលឌីជេ អាចារ្យធំ ធ្លាប់បានចេញមុខរ៉ៃអង្គាសប្រាក់ជួយលោកគ្រូកាលពីជិត២ឆ្នាំមុន បានអះអាងថា ជំនួយដែលអាចារ្យធំប្រមូលបាននោះ មិនទាន់យកមកប្រគល់ជូនលោកគ្រូ រស់ សេរី តាមការសន្យាចំពោះមុខម្ចាស់ជំបួយនៅឡើយទេ។ មិនដឹងថាថវិកាដែលអាចារ្យធំ ប្រមូលបានក្នុងពេលលោកគ្រូ រស់ សេរី ត្រូវគេឈូសឆាយផ្ទះគ្មានកន្លែងនៅនោះ មានចំនួនប៉ុន្មានទេ ប៉ុន្តែបើផ្អែកតាមអ្នកជួយខ្លះ១០០ដុល្លារ ខ្លះ៥០ដុល្លារ ដោយមានទាំងលោក ជី ដេវីត ១០០ដុល្លារផង គឺរង្វង់ខ្ទង់ពាន់ដុល្លារ។
លោក ម៉ៃ សុគន្ធ គឺជាអ្នកបំផុសពីប្រតិកម្មរបស់គ្រួសារលោក រស់ សេរី ដែលមិនបានជំនួួយ បន្ទាប់ពីថវិកានោះត្រូវគេដឹងថា អាចារ្យធំប្រមូលបានក្នុងដៃជាយូរមកហើយ។ ក្នុងអ្នកធ្លាប់បរិច្ចាគថវិកាជួយលោកគ្រូ រស់ សេរី ក៏បង្ហាញប្រតិកម្មផងដែរ ប៉ុន្តែអាចារ្យធំ នៅតែមិនមានការបកស្រាយ ដោយលើហ្វេសប៊ុករបស់លោក ហាក់មិនដឹងពីប្រតិកម្មនេះ ឬ ដឹងហើយ តែមិនខ្វល់ចំពោះការទាមទារ។ យ៉ាងណាមិញ គេឃើញអាចារ្យធំបង្ហោះពីទុក្ខយាយទទួលមរណភាពបណ្ដាក់គ្នា ទើបគេចាំមើលថា ក្រោយពេលលោកស្ងប់ទុក្ខ តើនឹងដោះស្រាយថវិកាជំនួយពីសប្បុរសជន ដែលត្រូវគេចោទថាប្រមូលក្ដាប់ជិត២ឆ្នាំហើយ មិនប្រគល់អោយលោកគ្រូ រស់ សេរី សោះ បែបណា?