អត្ថបទ៖ វង្ស សុម៉ាលីន
ខ្លាញីប្រចាំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែខិតជិតដល់ថ្ងៃសម្រាលកូនឆាប់ៗនេះហើយ។ អ្វីដែលកាន់តែច្បាស់នោះគឺនាងនឹងមិនសម្រាលកូននៅក្នុងស្រុកនោះទេ ដោយគ្រោងសម្រាលនៅក្រៅប្រទេស។
បន្ទាប់ពីបញ្ចប់បេសកកម្ម ធ្វើជាគណៈកម្មការក្នុងកម្មវិធី X Factor Cambodia ជោគជ័យភ្លាម តារាចម្រៀងឱក សុគន្ធកញ្ញា និង ស្វាមី មិនរង់ចាំយូរក៏បានដឹងដៃគ្នា ហោះហើរទៅក្រៅប្រទេស ដើម្បីត្រៀមទទួលសមាជិកថ្មីដោយក្ដីរំភើប។ តាមរយៈការបង្ហាញក្នុងបណ្ដាញសង្គមហ្វេកប៊ុកផ្ទាល់របស់ កញ្ញានិង ស្វាមី បានបញ្ជាក់យ៉ាងច្បាស់ថានាងនឹងជ្រើសរើសមន្ទីរពេទ្យ Bumrungrad ដែលជាមន្ទីរពេទ្យដ៏ល្បី និង ទំនើបមួយក្នុងប្រទេសថៃ ដើម្បីសម្រាលកូនប្រុសដំបូង។ ដូចប្រិយមិត្តបានជ្រាបរួចមកថាអ្នកនាង និងស្វាមីហាក់បង្ហាញឱ្យឃើញនូវក្ដីស្រឡាញ់ និង ក្ដីរំភើបរីករាយជាខ្លាំង ខណៈដែលពេលនេះប្ដីប្រពន្ធមួយគូរនេះកំពុងស្ថិតនៅក្នុងប្រទេសថៃ ដើម្បីត្រៀមខ្លួនបង្ហាញសមាជិកថ្មី
យ៉ាងណាមិញ បើទោះជាកូនក្នុងផ្ទៃរបស់តារាចម្រៀងរូបនេះកាន់តែចាស់ខែយ៉ាងណាក្ដី ក៏សម្រស់របស់នាងនៅតែស្រស់ស្អាត មិនមានភាពប្រប្រួលបន្តិចសោះឡើយ។ អ្វីដែលធ្វើឱ្យអ្នកម្ដាយផ្សេងទៀតលួចច្រណែននោះគឺ ក្នុងអំឡុងពេលនាងកំពុងពពោះ ស្វាមីជាទីស្រឡាញ់របស់នាងតែងតែផ្ដល់ភាពកក់ក្ដៅ មើលថែរគិតគូរដល់សុខភាព និងក្ដីសុខរបស់នាងគ្រប់ពេលវេលា។

















