អត្ថបទ៖ ឧត្តម
អតីតបេក្ខជនX factor Cambodia លោកង៉ូត សិលានិងដារីយ៉ាបានសាងស្នាដៃនៅកម្មវិធីប្រឡងលំដាប់ពិភពលោកធ្វើឲ្យគេស្គាល់នៅឡើយព្រោះសំឡេងល្អ។ក្រោយពេលធ្លាក់ចេញពីកម្មវិធីអ្នកទាំង២ត្រូវបានគេមើលឃើញហើយផ្តល់ការងារសិល្បៈឲ្យបំពេញដោយមហាជនពេញចិត្តរហូតគាំទ្រលើកទឹកចិត្ត។
បង្ហាញមុខក្នុងកម្មវិធីប្រគុំតន្ត្រីស្វែងយល់សុខភាពរបស់សមាគមរ៉ាក់នៅរោងចក្រមួយចំនួន សីលា និង ដារីយ៉ា ទទួលបានការស្វាគមន៍ច្រើនពីអ្នកគាំទ្រ ដែលឆ្លុះបញ្ចាំងពីការពេញចិត្តនឹងទឹកសំនៀងរបស់ពួក គេ។ ដារីយ៉ា បញ្ជាក់ថា នាងទទួលបានការងារសិល្បៈថ្មីៗមួយចំនួន ហើយអ្នកផលិតកម្មវិធីក៏ស្នើឲ្យនាងចាប់ដៃគូជាមួយ លោក ងូត សីលា ដែលសូម្បីតែការច្រៀងប្រចាំនៅក្រុមតន្ត្រីប្រចាំហាងមួយក៏មានការពេញចិត្តនឹងការចាប់ដៃគូនេះដែរ។ កញ្ញា បញ្ជាក់ថាទោះមិនទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងកន្លង មកប៉ុន្តែនាងពេញចិត្តនឹងអ្វីដែលទទួលបាននៅពេលនេះព្រោះតែមានការគាំទ្រច្រើនពីទស្សនិកជន។ នៅមិនទាន់មានផលិតកម្មទាក់ទងនាងមែន ប៉ុន្តែអ្វីដែលនាងនឹងបន្តធ្វើគឺការពង្រឹងសមត្ថភាពច្រៀងរាំ ថ្មីៗបន្តទៀតដើម្បីពង្រីកទីផ្សារការងារ ហើយនាងរំពឹងថានឹងអាចមានឱកាសបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនបង្ហញអ្នកដែលគាំទ្រនាង។
ថ្លែងស្រដៀងគ្នានេះដែរ លោក ងូត សិលា ដែលធ្លាប់បានឈានដល់វគ្គផ្សាយផ្ទាល់ក្នុងការប្រកួតចម្រៀងធំមួយនេះបានលើកឡើងថា លោកមានទីផ្សារការងារច្រើនគួរសមបើធៀបនឹងពេលមុនៗ។ លោកថា ការច្រៀងក្នុងកម្មវិធីតូចធំ ក្នុងកម្មវីធីកម្សាន្តរបស់ទូរទស្សន៍ក្នុងស្រុកថ្មីៗជាសញ្ញានៃការឈានឡើងមួយកម្រិតទៀតក្នុងការងារសិល្បៈដែលខ្លួនឯងមានស្រាប់កាលពីពេលកន្លងមក។ លោកថាការចាប់ដៃគូជាមួដារីយ៉ា គឺពិតជាធ្វើឲ្យលោកពេញចិត្ត ហើយលោករំពឹងថានឹងមានឱកាសបញ្ចេញស្នាដៃចម្រៀងផ្ទាល់ខ្លួនរួមគ្នាជាមួយតារាចម្រៀងស្រីស្រស់សោភានេះផងដែរ៕














