អតីតតួឯកស្រី សរ កេសរ៉ា ធ្វើខួបលើកនេះសប្បាយកប់លើទូក

0

ក្នុងពិធីខួបកំណើតរបស់តួឯកស្រីល្បីឈ្មោះ ក្នុងជំនាន់សង្គមរាស្រ្តនិយម ដែលត្រូវគេស្គាល់ថាជាតួឯកតាំងពីជំនាន់លោក គង់ សុអឿន គឺ អ្នកស្រី សរ កេសរ៉ា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ត្រូវគេកត់សម្គាល់ថាសប្បាយឡើងកប់តែម្ដង ដោយសារតែអ្នកស្រីបានចំណាយធ្វើលើទូកធំមួយ ដែលមិនខុសពីជិះទូកលំហែរកាយ និងច្រៀងរាំសប្បាយក្អាកក្អាយនៅក្នុងពិធីនោះ។ វត្តមានតារាចាស់ក្មេង រួមមានទាំងតារាល្បី និងផលិតឆ្នើមៗ ត្រូវគេឃើញបង្ហាញខ្លួនច្រៀងរាំ នៅក្នុងពិធីនេះ យ៉ាងកងរំពងផងដែរ។

អ្នកស្រី សរ កេសារ៉ា ដែលធ្លាប់បានគ្រងតំណែងជាតួក្នុងសម័យសង្គមរាស្រ្តនិយមជាច្រើនរឿង និងមានឈ្មោះកេរ្តិ៍ឈ្មោះខ្ទរខ្ទារនាសម័យកាលនោះបានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំអោយអ្នកស្រីសម្រេចចិត្តធ្វើខួបកំណើតនៅលើទូកធំ ហើយលំហែរអារម្មណ៍តាមដងទន្លេនោះ គឺដោយសារតែអ្នកស្រីចង់ជួបជុំមិត្តភ័ក្រ្តនៅក្នុងសិល្បៈ ដើរលេងលើទូក និងច្រៀងរាំអោយសប្បាយចិត្តម្ដង ក៏ដូចជាដើម្បីបង្អួតទេសភាពដងទន្លេមេគង្គកម្ពុជានាពេលល្ងាច និងពេលរាត្រី។ ម្យ៉ាងមកពីអ្នកស្រីទើបតែបើកដំណើរការ ក្រុមហ៊ុន សរកេសរ៉ា អ៊ីនធឺធេនមេន កាលពីពេលថ្មីៗផង ទើបអ្នកស្រីសម្រេចចិត្តធ្វើពិធីជប់លៀងជាទ្រង់ទ្រាយអោយសប្បាយម្ដងនៅលើទូកនាថ្ងៃនោះតែម្ដង។

អ្នកស្រីថានោះជាពិធីដែលអ្នកស្រីធ្វើឡើងជាទ្រង់ទ្រាយមិនតូចមិនធំ ប៉ុន្តែអ្វីដែលសប្បាយបំផុតគឺបានមិត្តភ័ក្រ្តចាស់ៗកុះករចូលរួមអរអរ ដែលក្នុងនោះ លោក ទេព រិន្ទដារ៉ូ អ្នកស្រីថុង ស៊ីវទៀង និងផលិតករជាច្រើនរូបទៀតក៏បង្ហាញខ្លួន។

អ្នកស្រីបន្តថា សម្រាប់តារាសិល្បៈក្មេងៗក៏មានវត្តមានច្រើនដែរ ដូចជាសមាជិកក្នុងក្រុមសរកេសរ៉ា អ៊ីនធឺធេនមេនរបស់អ្នកស្រី និងតារាសិល្បៈមកពីគ្រួសារតារាកម្ពុជាជាច្រើនទៀតដែលរួមមាន លោកគីម ថាណា តារាចម្រៀងBN លោកកូតា ពិធីករ លោកសេម ម៉ាកូ តារាចម្រៀង កញ្ញាអ៊ុង នីនិច តារាចម្រៀង លោក សន សុវណ្ណារ៉ា ពិធីករ និងតារាចាស់ក្មេងយ៉ាងច្រើនកុះករជាច្រើនរូបទៀត។ ពិធីជប់លៀងនោះត្រូវគេឃើញជិះទូកលើដងទន្លេមេគង្គ រហូតដល់កោះដាច់ ដោយនៅលើទូកមានតន្ត្រី និងការច្រៀងរាំយ៉ាងកងរំពងរហូតដល់យប់៕