ក្នុងពិធីសម្ពោធហាងកាហ្វេអ៊ីថៈនីន កាលពីថ្ងៃទី២៨ មេសា តារាស្រីល្បីឈ្មោះមួយចំនួនបង្អួតសម្រស់គ្នាស្រស់ស្អាតយ៉ាងខ្លាំង រហូតធ្វើអោយអ្នកឃើញ ជាពិសេសជនជាតិថៃសុទ្ធលាន់មាត់ថា ឈុតស្បៃៗដ្បិតថា ជនជាតិថៃក៍មានដែរ ប៉ុន្តែតាមរយៈសម្រស់តារាស្រីទាំង១១ ជនជាតិថៃសរសើរថាស្អាតៗមិនដាច់ពីមាត់។
អ្នកនាង ម៉ៅ ស៊ីណាត៖ ដ្បិតថាវ័យជ្រេបន្តិចមែន ប៉ុន្តែតារារូបនេះ នៅពេលគ្រងឈុតស្បៃសម័យលង្វែកពណ៌លឿងខ្លី សម្រស់របស់អ្នកនាងមិនចាញ់តារាសម្ដែងរាងខ្ពស់ស្រឡះមួយចំនួននោះទេ។ នេះជាលើកទី១ ដែលអ្នកនាងបានបង្ហាញឈុតបុរាណក្នុងក្រុមមួយធំ ខណៈដែលឈុតដែលអ្នកនាងបង្ហាញគឺសូម្បីតែជនជាតិថៃ ក៏សរសើរថាស្រស់ស្អាតផងដែរ។
អ្នកនាង ឈួន សុវវណ្ណឆៃ៖ ក៏មិនអន់នោះដែរ ជាមួយនឹងឈុតបែបសេដ្ឋនីនៅក្នុងសម័យលង្វែក ដែលមួយឈុតរបស់អ្នកនាងក្រៅពីមានពណ៌ស្រស់ក៏មើលទៅមិនចាញ់តារាសម្ដែងវ័យក្មេង។ ម្នាក់ៗសរសើរថា អ្នកនាងពិតស្អាតប្លែកជាងមុន បើទោះជាអ្នកនាងជាតារាដែលមានចំណូលចិត្តតែងខ្លួនបែបស្រគត់ស្រគំច្រើនជាងស៊ីវិល័យ ដែលធ្វើអោយមហាជនស៊ាំភ្នែកទៅហើយ។
អ្នកនាងឆ័យលី ដាឡែន៖ រឹតតែស្អាតទៅទៀត ជាមួយនឹងឈុតពណ៌ក្រហមស្បៃៗ សមនឹងសាច់សខ្ចីរបស់អ្នកនាងដែលមិនខុសពីពងមាន់បក។ អ្នកនាងបានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលេបានគ្រងឈុតក្នុងសម័យកាលមួយនោះ ហើយបានរួមជុំតារាសិល្បៈល្បីៗយ៉ាងច្រើនកុះករ ដែលត្រូវគេចាត់ទុកថាជាវេទិកាកម្រ សម្រាប់តារាសិល្បៈដែលសុទ្ធតែរវល់ច្រើន និងរឹតតែជារឿងកម្រសម្រាប់ការគ្រងឈុតបែបសម័យលង្វែកជុំគ្នាផងនោះ។
អ្នកនាង តូច ស្រីពេជ្រ៖ ជាមួយនឹងឈុតពណ៌ខៀវអ្នកនាងក៏រំលេចសម្រស់បានស្អាតមិនចាញ់ក្មេងៗផងដែរ ជាពិសេសនៅពេលអ្នកនាងញញឹមដាក់មុខកាមេរ៉ា ហើយអ្នកណាក៏សរសើរថាស្អាត។ អ្នកនាងទើបតែបានចុះមកលេងពីអាមេរិកប៉ុណ្ណោះ ហើយក៏គម្រោងឡើងទៅវិញនៅអំឡុងដើមខែ៥ខាងមុខផងដែរ ទើបអ្នកនាងឆ្លៀតពេលពីដើរកម្សាន្ត ហើយចូលរួមក្នុងសកម្មភាពមួយនេះ ដើម្បីបន្សល់នូវអនុស្សាវរីយ៍ធំមួយជាមួយមិត្តរួមក្រុម។
កញ្ញា ប៉ុបពី៖ ដ្បិតថា កញ្ញា ជានារីមិនពិត ប៉ុន្តែសម្រស់ផូរផង់ និងការតែងខ្លួនក្នុងឈុតសម័យលង្វែក ធ្វើអោយជនជាតិមើលភ្លឹកតែម្ដង ដោយបានទាំងសរសើរថា នាងជាតារាខ្មែរស្រស់ស្អាត ស្របគ្នាដែលឈុតស្បៃៗក្នុងសម័យលង្វែករបស់ខ្មែរ ក៏ស្អាត និងមានលក្ខណៈពិសេសដាច់គ្នា ទាំងប្រភេទចរបាប់ និងស្បៃៗស្រាប់។
អ្នកនាង សុវណ្ណនី ហៅញ៉ាញ់ ដ្បិតថាកម្របង្ហាញខ្លួននៅក្នុងសកម្មភាពសប្បុរសធម៌ និងកម្មវិធីលើកកម្ពស់វប្បធម៌របស់ខ្មែរកន្លងមក ប៉ុន្តែមួយឈុតពណ៌លឿងដែលនាងបានគ្រងនៅក្នុងពិធីនោះ ក៏ស្អាតប្លែកភ្នែកផងដែរ ក្នុងចំណោមតារាជើងចាស់ៗ ដែលបានប្រឡូកការងារសម្ដែងជាយូរមកហើយដូចគ្នា។ មកទល់ពេលនេះ អ្នកនាងមិនត្រឹមតែជាតារាសម្ដែង និងជាពិធីករប្រចាំប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះទេ តែក៏ផលិតករកម្មវិធីមិនអន់ផងដែរ ទើបមិនសូវមានពេលថែរក្សាសម្រស់ដូចមុន ប៉ុន្តែនៅតែស្អាតនៅពេលបានគ្រងឈុតលង្វែកពណ៌លឿងស្រស់។
កញ្ញា ភីយ៉ាៈ តារាសម្ដែងដែលមានឈ្មោះដើមថា លី ឌីណា រូបនេះ ក៏ស្អាតដូចគ្នានៅពេលកញ្ញាប្ដូរពីឈុតអាវបំពង់ក្នុងសម័យលង្វែក ហើយគ្រងឈុតស្បៃក្នុងសម័យមួយនេះជាជំនួស។ មួយឈុតពណ៌បៃតងចាស់របស់នាង បានជួយអោយនាងលើកសម្រស់យ៉ាងខ្លាំង ក្នុងចំណោមតារាល្បីឈ្មោះ និងឡើងកូដនៅក្នុងថ្ងៃនោះ។
កញ្ញា ផប់ រចនា៖ តារាម៉ូដែល និងជាតារាសម្ដែងឡើងកូដរូបនេះ រឹតតែស្អាតទៅទៀតនៅពេលរំលេចឈុតមានស្បៃដូចគ្នាក្នុងទម្រង់ពណ៌សាច់។ នេះជាលើកទី១ដែលនាងបានចូលរួមក្នុងសកម្មភាពរបស់«គ្រួសារតារាកម្ពុជា» ប៉ុន្តែសម្រាប់ភាពលេចធ្លោរគឺមិនអន់នោះទេ ដោយសារតែនាងមានទន់សម្រស់ពីធម្មជាតិ ដែលកាន់តែស្អាត នៅពេលបានស្លៀកមួយឈុតក្នុងសម័យកាលលង្វែក។
កញ្ញា សុខ ស្រីម៉ុច៖ ឈុតស្បៃរបស់នាង ក៏ស្អាតគួរអោយសរសើរផងដែរ ជាមួយនឹងឈុតលង្វែកស្បៃពណ៌សាច់របស់នាង។ នេះមិនមែនជាលើកទី១ ដែលនាងបានគ្រងសម្លៀកបំពាក់បុរាណមួយនេះទេ ប៉ុន្តែបានធ្វើអោយនាងផុសនូវអារម្មណ៍រំភើបនៅពេលដែលនាងមានឱកាសបានបង្អួតសម្រស់ និងសំលៀកបំពាក់បុរាណរបស់ខ្លួនបង្អួតជនជតិថៃ ដែលចូលរួមកុះករនៅក្នុងពិធីនោះ។
កញ្ញា រៀម ច័ន្ទបរមី៖ តារាសម្ដែងច្រើនឆ្នាំរូបនេះ ត្រូវគេកត់សម្គាល់ថាកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ មិនថាឈុតសម័យ និងឈុតក្នុងសម័យបារាំងនោះទេ។ នាងកាន់តែស្អាតទ្វេរដង ជាមួយនឹងឈុតមានស្បៃក្នុងសម័យលង្វែក ដែលត្រូវបានគេយល់ច្រឡំថា ជាប្រទេសជិតខាងតាមរយៈភាពយន្តរឿង«បុព្វេសន្និវាស»នោះ។ ក្នុងមួយរយៈចុងក្រោយ គេកត់សម្គាល់ថានាងទទួលបានការចាប់អារម្មណ៍ច្រើនជាងមុនដាច់ឆ្ងាយ ពោលគឺចាប់តាំងពីនាងបានក្លាយជាសមាជិក«គ្រួសារតារាកម្ពុជា»ហើយបានលេចមុខក្នុងសកម្មភាពធំៗរបស់ក្រុម។
កញ្ញា អៀ ម៉េងលិ៖ តួឯកស្រីក្នុងរឿង«០០៩»រូបនេះ ក៏ស្អាតណាស់ដែរ ក្នុងឈុតពណ៌ម្ទេស។ បើទោះជាកញ្ញាត្រូវគេកត់សម្គាល់ថាស្លៀកឈុតបែបសម័យទាក់ទាញភ្នែកជាង ប៉ុន្តែនៅពេលបានគ្រងក្នុងឈុតសម័យលង្វែកក៏មិនអន់នោះដែរ។ កញ្ញា ទើបតែមានឱកាសបង្ហាញខ្លួនក្នុងក្រុមសិល្បៈមួយនេះប៉ុណ្ណោះ ដោយកញ្ញាប្រកាសនឹងចូលរួមជាមួយក្រុមអោយតែមានពេលវេលាដកឃ្លាបាន។
កញ្ញា ហេង ស្រីពេជ្រ៖ ដ្បិតថា តារាស្រីរូបគីឡូធ្ងន់បន្តិចក្ដី ប៉ុន្តែមួយឈុតក្នុងសម្លៀកបំពាក់សម័យលង្វែករបស់នាង ក៍ធ្វើអោយនាងទទួលបាននូវការចាប់អារម្មណ៍ មិនធម្មតានោះដែរ៕