តារាសិល្បៈជាង២០០នាក់ ត្រៀមខ្លួនទទួលមេដាយកិត្តិយស និងពានឆ្នើម ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

0

នៅថ្ងៃទី៩ កក្កដា នេះព្រឹត្តិការណ៍សិល្បៈធំ៣ នឹងត្រូវប្រកាសធ្វើឡើងក្នុងពិធីខួបគម្រប់២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា» ដោយព្រឹត្តិការណ៍នេះគម្រោងចូលរួមពីសំណាក់តារាក្នុងពិភពសិល្បៈ ដោយរួមមានទាំំងផលិតករជើងចាស់ និងតារល្បីៗយ៉ាងហោច២៥០នាក់។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល«គ្រួសារតារាកម្ពុជា»ប្រកាសធ្វើឡើង ដោយមានការបង្ហាញទម្រង់សំលៀកបំពាក់បុរាណ ការប្រកាសតំណែងតារាឆ្នើមប្រចាំក្រុមក្នុងពិភពសិល្បៈ និងពិធីប្រគល់មេដាយកិត្តិយសជូនដល់តារាសិល្បៈប្រមាណជាង១០០នាក់ដែលមានស្នាដៃជួយដល់សង្គម ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នជាច្រើន ដោយតារាសិល្បៈយ៉ាងហោច២០០នាក់ បានត្រៀមខ្លួនទាំងការទទួលមេដាយកិត្តិយស និងត្រៀមខ្លួនប្រកួតឈុតបុរាណដើម្បីដណ្ដើមពាននៅក្នុងព្រឹត្តិការណ៍នោះរួចរាល់អស់ហើយ។

លោក ផាត់ តារារដ្ឋ អ្នករៀបចំព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់តារាចាស់ក្មេងនៅក្នុងពិភពសិល្បៈ ពិធីខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា»នឹងមានរបៀបវារៈសំខាន់៣ ដើម្បីលើកកម្ពស់ និងមុខមាត់ដល់តារាសិល្បៈដែលមានស្នាដៃក្នុងកិច្ចការសង្គម ជាពិសេសធ្លាប់បានចូលរួមក្នុងសកម្មភាពច្រៀងរាំសប្បុរសធម៌របស់ក្រុមនាពេលកន្លងមក។ លោកថានៅក្នុងពិធីនោះ តារាសិល្បៈដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងសង្គមប្រមាណជាង១០០នាក់នឹងត្រូវបានបំពាក់មេដាយកិត្តិយសក្នុងនាមជាតារាដែលបានលះបង់ជួយដល់សកម្មភាពសប្បុរសធម៌ ដោយការប្រគល់មេដាយកិត្តិយស នឹងបែងចែកជាមេដាយសំរិទ្ធិ មេដាយប្រាក់ និងមេដាយមាសកម្រិតទី១ កម្រិតទី២ អាស្រ័យទៅតាមសកម្មភាពចូលរួមក្នុងកិច្ចការសង្គម និងកេរ្តិ៍ឈ្មោះរបស់តារាម្នាក់ៗ។ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏នឹងមានការប្រកាសថាតារាសិល្បៈរូបណាជាពិធីករឆ្នើម ជាផលិតករឆ្នើម ជាតារាប្រជាប្រិយប្រចាំឆ្នាំ និងជាពិធីករពិធីការិនីឆ្នើមប្រចាំក្រុម ដែលមិនខុសពីការប្រគល់ពាន Star Award ប្រចាំឆ្នាំ ដើម្បីជាការលើកទឹកចិត្តដល់តារាសិល្បៈ ដែលមានស្នាដៃក្នុងកិច្ចការសង្គម ហើយជាតារាដែលបានឈានឡើងនៅក្នុងពិភពសិល្បៈ។ លោកថានឹងមានតារាឆ្នើមច្រើននាក់លេចឡើងក្នុងការទទួលបាននូវតំណែង Star Award នោះ តែការប្រគល់ជូន នឹងស្ថិតតែក្នុងរង្វង់តារាសិល្បៈ ដែលធ្លាប់មានស្នាដៃជួយដល់សកម្មភាពសប្បុរសធម៌របស់«គ្រួសារតារាកម្ពុជា»រយៈពេល២ឆ្នាំកន្លងមកប៉ុណ្ណោះ។ អ្វីដែលពិសេសគឺពិធីជប់លៀង និងប្រគល់មេដាយឆ្នើមនាថ្ងៃនោះ នឹងតម្រូវអោយតារាសិល្បៈ និងភ្ញៀវកត្តិយសរួមគ្នាលើកកម្ពស់ទម្រង់បុរាណបុរាណ ដោយតម្រូវអោយរួមគ្នាគាស់កកាយនូវសំលៀកបុរាណពីគ្រប់សម័យកាលចូលរួមតាមដែលអាចធ្វើទៅបាន ដោយអ្នកដែលស្លៀកបុរាណត្រូវទម្រង់ ស្អាត និងលេចធ្លោ ក៏នឹងត្រូវទទួលបានពានប្រចាំឆ្នាំចំនួន៨ផ្សេងគ្នា ក្រោមការវាយតម្លៃពិន្ទុ ពីគណកម្មការដែលបានរៀបចំជូននាថ្ងៃនោះផងដែរ។

លោក ផាត់ តារារដ្ឋ បន្តថា ព្រឹត្តិការណ៍សិល្បៈធំ៣នៅក្នុងថ្ងៃនោះ នឹងកាន់តែអធឹកអធម ដោយសារតែមានវត្តមានដ៏ខ្ពស់ខ្ពស់ពី លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីក្រសួងវប្បធម៌ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធនឹងការលើកស្ទួយវិស័យសិល្បៈជាច្រើនទៀត។ លោកថាពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ធំរបស់តារាសិល្បៈ ហើយក៏ជាការបំផុសអោយមានការស្គាល់តម្លៃការងារសប្បុរសធម៌ និងលើកកម្ពស់សំលៀកបំពាក់បុរាណ ស្របគ្នាដែលតារាសិល្បៈច្រើននាក់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងសម្រស់ និងឈុតបុរាណគ្រប់សម័យកាលនោះ៕