ទោះជាអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ចេញមុខធ្វើបុណ្យ៧ថ្ងៃអោយ កាលពីថ្ងៃទី៣ កក្កដា ដូចការគ្រោងទុក ក៏ពិធីបុណ្យរបស់ វីជេ អាលីយ៉ា នោះខ្សត់ភ្ញៀវចូលរួម ដោយមានតែតារាសិល្បៈ និងភ្ញៀវកិត្តិយសតិចតួចបំផុតបង្ហាញខ្លួន។ យ៉ាងណាមិញ ពិធីបុណ្យរបស់នាងនៅតែបញ្ចប់ទៅដោយរលូន បើទោះជាមានភ្ញៀវមិនច្រើនកុះករ។
តារាសិល្បៈនៅក្នុងពិធីនោះរួមមាន អ្នកនាងលី ម៉ារីណា, អ្នកនាងឈួន សុវណ្ណឆៃ, លោកមាស សុខរតនៈ, អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មសរកេសារ៉ាភាពយន្ត នាយក្រូច, លោកអៀម សុខា, លោកស៊ឹម សោភ័ណ្ឌ, លោកសាយ សៀរ៉ា, កញ្ញារក្សា, លោករិន សាវ៉េត, កញ្ញាអ៊ុង នីនិច, អ្នកនាងលី ចាន់សីហា, កញ្ញាឌួង ហ្សូរីដា, លោកវីជេ អាឡាស្កូ លោកលី សុជន លោកកៅ សីហា, លោកអែនឌី, លោកគង់ ចំរ៉ុង, លោកសន សុវណ្ណារ៉ា, និងតំណាង«គ្រួសារតារាកម្ពុជា»ពីរបីរូបចូលរួម។ ពិធីនេះត្រូវគេឃើញមានសភាពស្ងប់ស្ងាត់ខុសពីការគ្រោងទុកយ៉ាងខ្លាំង ជាពិសេសសម្រាប់វត្តមានមហាជនដែលអាណិតស្រឡាញ់តារាសិល្បៈកញ្ញា វីជេអាលីយ៉ា គឺមានវត្តមានទៅបុណ្យនោះតិចតួចបំផុត។
កញ្ញា ឌួង ហ្សូរីដា និយាយថា វាមិនចម្លែកទេ ដែលបុណ្យសព ឬបុណ្យ៧ថ្ងៃ របស់អ្នកក្រ ឬតារាមិនសូវល្បីហើយខ្សត់តារាសិល្បៈ និងមហាជនចូលរួម តែបើតារាល្បី ឬមានអ្នកធំឈរធ្វើបុណ្យអោយ គឺមិនហៅក៏ទៅ។ យ៉ាងណាមិញ កញ្ញាថាកម្លាំងតារា និងភ្ញៀវកិត្តិយសដែលបានចូលរួមសុទ្ធតែបានធ្វើអោយពិធីបុណ្យរបស់នាងបញ្ចប់ទៅដោយរលូន។
អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញអារម្មណ៍សោកស្ដាយដែលពិធីបុណ្យអាលីយ៉ាមិនមានភាពអធឹកអធមដូចការគ្រោងទុក ដើម្បីអោយម្ចាស់វិញ្ញាណបានស្ងប់។ អ្នកនាងថាខ្លួនសប្បាយចិត្តដែលបានឈរឈ្មោះធ្វើបុណ្យអោយនាង ហើយក៏មិនមានគម្រោងធ្វើកម្មវិធីតិចតួចតាមជាក់ស្ដែងបន្តទៀតនៅពេល១០០ថ្ងៃ ដើម្បីអោយបង្គ្រប់កិច្ចតាមប្រពៃណីព្រះពុទ្ធសាសនាអោយនាង៕