បន្ទាប់ពីទទួលសំណើអញ្ជើញអោយចូលរួមជាគណអធិបតីក្នុងពិធីប្រគល់មេដាយដល់តារាសិល្បៈរបស់«គ្រួសារតារាកម្ពុជា» មន្ត្រីជាន់ខ្ពស់មកពី៣ស្ថាប័នផ្សេងគ្នា បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍មួយនេះ ដោយបានទាំងអះអាងថានោះជាព្រឹត្តិការណ៍សិល្បៈទ្រង់ទ្រាយធំ មិនគួរខកខាននោះផង។ មន្ត្រីជាន់ខ្ពស់ទាំង៣ស្ថាប័ន សុទ្ធតែបង្ហាញឆន្ទៈក្នុងចូលរួម ដើម្បីមកធ្វើកិត្តិយសនៅក្នុងពិធីផង និងបំពាក់មេដាយជូនសិល្បករសិល្បការិនីឆ្នើមៗផង។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ការប្រាព្ធពិធីបែបនេះ មិនខុសពីការលើកទឹកចិត្តអោយសិល្បករសិល្បការិនីដែលធ្លាប់បានចូលរួមជួយសង្គមតាមរយៈ «គ្រួសារតារាកម្ពុជា» កាន់តែចង់ស្ម័គ្រចិត្តជួយសង្គមកាន់តែច្រើនឡើងថែមទៀតនោះទេ ដោយលោកបានចាត់ទុកថា ពិធីជប់លៀងរបស់«គ្រួសារតារាកម្ពុជា»នៅថ្ងៃទី៩ ខែកក្កដា នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងក្លាយការព្រឹត្តិការណ៍រួមចំណែកលើកកិត្តិយស និងមុខមាត់ចំពោះតារាសិល្បៈដែលមានស្នាដៃដ៏កម្រ ដែលមិនធ្លាប់មានក្រុមណាមួយដែលមានសកម្មភាពសង្គមដូចគ្នាធ្លាប់ធ្វើ។ លោកថាក្នុងនាមជាថ្នាក់ដឹកនាំក្រសួង«ព័ត៌មាន»លោកនឹងផ្ដល់កិត្តិយសក្នុងពិធីមួយនេះ ដើម្បីលើកកម្ពស់វិស័យសិល្បៈផង និងលើកទឹកចិត្តអោយអ្នកចង់ជួយសង្គមកាន់តែចង់ចូលរួមអោយខ្លាំង។ អ្វីដែលលោកមានការចាប់អារម្មណ៍ទៅទៀត គឺពិធីទាំងមូលតម្រូវអោយអ្នកចូលរួមទទួលមេដាយ ស្លៀកពាក់បែបបុរាណ ហើយមានការប្រកាសពានសម្រាប់អ្នកស្លៀកពាក់ស្អាតជាងគេផង។
លោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា បើទោះជាលោករវល់យ៉ាងណានៅក្នុងអំឡុងថ្ងៃនោះ ក៏លោកនឹងផ្ដល់កិត្តិយសចូលរួមអោយខានតែបាន ដើម្បីចូលរួមបំពាក់មេដាយកិត្តិយសជូនដល់តារាសិល្បៈរបស់«គ្រួសារតារាកម្ពុជា» និងចូលរួមជាសក្ខីភាពមួយក្នុងការប្រកួតប្រជែងសំលៀកបំពាក់បុរាណនៅក្នុងព្រឹត្តិការណ៍នោះដែរ ដើម្បីលើកទឹកចិត្តអោយមានការលើកកម្ពស់សំលៀកបំពាក់បុរាណខ្មែរអោយកាន់តែខ្លាំងពីសំណាក់តារាសិល្បៈ។ លោកថានេះជាកម្មវិធីសិល្បៈដែលមានអត្ថន័យ ហើយក៏មិនគួរនឹងខកខានដែរ សម្រាប់តារាសិល្បៈដែលមានកិត្តិយសត្រូវទទួលបានមេដាយ និងការប្រកួតប្រជែង។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានថ្លែងយ៉ាងខ្លីជុំវិញកម្មវិធីនេះថា ថ្វីដ្បិតថាលោកមមាញឹកខ្លាំងនៅខេត្តសៀមរាប តែលោកនឹងចូលរួមបំពាក់មេដាយក្នុងកម្មវិធីមួយនេះ ដោយសារតែលោកចាប់អារម្មណ៍ និងយល់ថានេះជាកម្មវិធីដែលលើកមុខមាត់អ្នកសិល្បៈ និងលើកកម្ពស់តម្លៃវប្បធម៌ធំមួយ ដែលលោកថាត្រូវតែរួមចំណែកផ្ដល់កិត្តិយសអោយ«គ្រួសារតារាកម្ពុជា»។
ក្រៅពីវត្តមានរបស់ឥស្សរជនល្បីឈ្មោះទាំង៣ មន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតក៏នឹងក្លាយជាគណអធិបតីនៅក្នុងពិធីបំពាក់មេដាយកិត្តិយស និងពិធីប្រកួតសំលៀកបំពាក់បុរាណនោះដែរ ខណៈដែលតារាសិល្បៈ ក៏បានត្រៀមខ្លួនរំលេចឈុតបុរាណប្លែកៗដើម្បីប្រជែងយកភាពលេចធ្លោរបស់ខ្លួន៕