ព្រោះតែចង់ឈ្នះពាន«គ្រួសារតារាកម្ពុជា» តារាប្រុសទាំងនេះប្រឹងដល់ម្លឹង!

0

មកទល់ពេលនេះ មិនមែនមានតែតារាស្រីដែលប្រកាសចូលរួមក្នុងពិធីខួប«គ្រួសារតារាកម្ពុជា»ដែលប្រកាសរៀបចំនៅថ្ងៃទី៩ កក្កដា ប៉ុណ្ណោះទេ ដែលមានមហិច្ឆតារំលេចឈុតបុរាណ ដើម្បីដណ្ដើមយកពានតារាលេចធ្លោប្រចាំឆ្នាំអោយបានពីកម្មវិធីនេះ សូម្បីតែតារាប្រុសៗក៏អះអាងថាខ្លួននឹងច្នៃសំលៀកបំពាក់ប្លែកៗ ដើម្បីយកពានដែលម្នាក់ៗគិតថានឹងជួយអោយពួកគេមានការចាប់អារម្មណ៍នៅក្នុងសិល្បៈនោះ អោយបានរៀងខ្លួនផងដែរ។

អ្វីដែលគេកត់សម្គាល់គឺតារាប្រុសខាងក្រោមនេះ សុទ្ធតែហ៊ានតាំងចិត្ត ហ៊ានចំណាយពេលហាត់ប្រាណ និងថែរក្សារូបសម្រស់ដោយការលំបាកបំផុត ដើម្បីអោយខ្លួនអាចស្លៀកឈុតបុរាណដែលពួកគេសម្រិតសម្រាំងគម្រោងដណ្ដើមយកពាន អោយស្អាតសង្ហារ និងឈ្នះពាននៅក្នុងថ្ងៃនោះ។

លោក រតនៈ វិសិដ្ឋ បានអះអាងថា លោកសុខចិត្តអោយអ្នកជំនាញច្នៃឈុតស្ដេចនាគអោយខ្លួនដើម្បីពិធីនោះ ហើយបើឈុតដែលលោកចង់បានមិនអាចធ្វើទាន់ ក៏ត្រូវតែចំណាយថវិកាច្នៃមួយឈុតនៅក្នុងសម័យបុរាណណាមួយមិនអោយចាញ់តារាផ្សេងផងដែរ។

លោក ស៊ិន សុធារិទ្ធិ ក៏បានប្រកាសថាខ្លួនមិនត្រឹមតែសុំពេលផលិតករមិនទទួលថតនៅថ្ងៃទី៩ កក្កដានោះ ដោយមិនស្ដាយការងារប៉ុណ្ណោះទេ តែលោកក៏បានសម្ងំរកឈុតដ៏កម្រនៅក្នុងសម័យបុរាណកម្រមួយ ដើម្បីស្លៀកបង្អួតនៅថ្ងៃពិធីនោះដែរ។ លោករំពឹងយ៉ាងមុតមាំថាការលះបង់របស់ខ្លួន នឹងជួយអោយខ្លួនឈ្នះពាន ខណៈដែលលោកបង្ហើបថាបើមិនបានឈ្នះ ក៏ពិតជាមានការចាប់អារម្មណ៍នឹងការត្រៀមខ្លួនមួយនេះ។

លោក ជី គីមី ដែលត្រូវស្គាល់បន្ទាប់បានស្លៀកឈុតក្នុងសម័យអង្គរចូលរួមក្នុងព្រឹត្តិការណ៍ប្រកាសពានការប្រលងបុរសនារីឯកវាយណភណ្ឌជាមួយ«គ្រួសារតារាកម្ពុជា»កាលពីពេលកន្លងទៅ ក៏មានអ្នកជំនាញច្នៃម៉ូដអោយអស្ចារ្យដើម្បីទៅចូលរួមលើកពាននៅក្នុងថ្ងៃនោះផងដែរ។ មួយឈុតមេទ័ពរបស់លោកឃើញហើយញាក់សាច់ តែមិនទាន់ដឹងថាតើក្ដីសង្ឃឹមក្នុងការលើកពានទៅរួច ឬមិនរួចនោះទេ ក្នុងពេលតារាផ្សេងដ្បិតថាមិនបង្ហើបពីតម្រុយតែក៏មិនប្រាកដថានឹងមិនមានការត្រៀមប្រកួតប្រជែង។

លោកឌួង តារាផាឌីន ក៏បានប្រកាសបានចំណាយថវិកា និងការគិតយ៉ាងលំបាកដើម្បីសម្រេចមួយឈុតដែលច្នៃពីស្ដេចគ្រុឌ យកទៅបង្អួតនៅក្នុងពិធីនោះ។ លោកមួយរយៈក្នុងការត្រៀមខ្លួន គឺមិនខុសពីទទួលការងារធំមួយ នៅក្នុងសិល្បៈនោះទេ ដោយសារតែលោកចង់រកអ្វីដែលប្លែក ហើយអស្ចារ្យ ក្នុងកម្មវិធីលើកពានដែលជាកម្មវិធីធំនៅក្នុងថ្ងៃនោះ។

លោក ម៉ែន អម្រុងរ័ត្ន ក៏បានប្រកាសពីការត្រៀមខ្លួនយ៉ាងផ្ចិតផ្ចង់ សម្រាប់ការប្រកួតប្រជែងឈុតបុរាណនេះដែរ បន្ទាប់ពីលោកបាត់មុខមួយរយៈ ហើយត្រលប់មកវិញ ដោយគ្រោងទទួលយកការងារសិល្បៈជាថ្មីឆាប់ៗ។ លោកថាខ្លួនចំណាយពេលយ៉ាងលំបាកច្នៃមួយឈុតក្នុងសម័យព្រះបាទស៊ីសុវត្ថិ ដោយសូម្បីតែរចនាបទក៏លោកសម្រិតសម្រាំងដោយការលំបាកផងដែរ ព្រោះតែចង់លើកពាន និងទទួលបានតំណែងលេចធ្លោ។ លោកត្រូវបង្ខំចិត្តបោះចោលការងារអស់ជាច្រើន ព្រោះតែការត្រៀមខ្លួនមួយនេះ។

លោក ឈួន ពន្លឺ ដែលជាម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំប៉ុស្ដិ៍អប្សរា កាលពីដើមឆ្នាំ២០១៧ ក៏បានបង្ហាញពីការរំពឹងផងដែរ ថាមួយឈុតដែលលោកត្រៀមបង្ហាញនឹងធ្វើអោយខ្លួនឈ្នះពាន។ ទោះមិនទុកចិត្តមួយរយភាគរយ តែលោកក៏ប្រកាសដោយជំនឿចិត្តថា ពិតជាធ្វើអោយលោកទទួលបាននូវការចាប់អារម្មណ៍។ លោកសម្រេចចិត្តបោះចោលការងារប្រចាំហាង និងការងារមួយចំនួនអស់មួយសន្ធឹក ដោយចំណាយថវិកាក៏មិនតិចដែរ ដើម្បីចូលរួមប្រកួតប្រជែងនេះ៕