ដឹងមូលហេតុ វីជេអាលីយ៉ា គ្មានញាតិធ្វើបុណ្យសពអោយ កាន់តែសង្វេគ

0

មហាជនជាច្រើនកំពុងងឿងឆ្ងល់ពីមូលហេតុ ដែលនាំអោយតារាស្រីវីជេអាលីយ៉ា មិនមានសាច់ញាតិថែទាំក្នុងពេលនាងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ និងហេតុផលមិនមានសាច់ញាតិចេញមុខធ្វើបុណ្យ ក្រោយពេលនាងស្លាប់ ខណៈដែលពេលកន្លងមកនាងក៏មិនដែលបង្ហើបអោយដឹងជាសាធារណៈ។

ប៉ុន្តែនៅពេលបានដឹងពីមូលហេតុទើបគេយល់ថាគឺជារឿងកាន់តែសង្វេគ ដែលមិនគួរជីវិតរបស់នាងអភ័ព្វយ៉ាងនេះ។

អ្នកស្រី ងិន ម៉ាលីយ៉ា ម្ដាយបង្កើតលោកថៃ នរៈវិទូ ដែលស្រឡាញ់រាប់អាននាងបំផុត តាំងពីនាងឡើងកូដក្នុងសិល្បៈបានថ្លែងបញ្ជាក់ថា វីជេអាលីយ៉ា អត់មានសាច់ ឪពុកម្ដាយនោះទេ ដោយសារតែនាងគឺក្មេងកំព្រាដែលត្រូវម្ដាយបង្កើតហើយបោះបង់ចោលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយត្រូវបានស្រ្តីម្នាក់យកទៅចិញ្ចឹមធ្វើកូន។

បន្ទាប់ពីមកជីវិតរបស់នាងក៏ចេះតែរសាត់អណ្ដែត បានជួបអ្នកអាណិតស្រឡាញ់បន្តបន្ទាប់ រហូតមានឱកាសបានសិក្សាផ្នែកភាសា និងបានក្លាយជាតារាដោយនឹកស្មានមិនដល់។ យ៉ាងណាមិញ ការស្រឡាញ់របស់មនុស្សដែលយកអាសារនាងមិនដូចសាច់ញាតិ បងប្អូននោះទេ ទើបពេលនាងធ្លាក់ខ្លួន គឺធ្លាក់ដល់ដំណាក់កាលអត់បាន អត់កន្លែងនៅ ហើយពេលហាមាត់សុំលុយគេដើម្បីរស់ ធ្វើអោយម្នាក់ៗយល់ថានាងសម្ដែង។

មិនខុសពីការលើកឡើង កញ្ញា ស៊ូ ដាណេ តារាចម្រៀង បានបង្ហោះជាសាធារណៈមុនពិធីបូជាសពយ៉ាងតក់ក្រហល់ ក្រោយពេលស្លាប់កាលពីវេលាម៉ោង៣ និងជាង២០នាទីថ្ងៃទី២៨ មិថុនា ថា «ប្រវត្តិសង្ខេបដ៏គួរអោយអាសូររបស់អាលីយ៉ា ដែលលោកអ្នកពុំបានដឹងហើយឆ្ងល់ថាហេតុអ្វីបានជាគ្មានសាច់ញាតិមកថែរក្សាមើលថែនិងមកបុណ្យសពគឺ ព្រោះនាងជាក្មេងកំព្រាតាំងពីកំណើត ត្រូវឱពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យកាល់ម៉ែត្រនេះ ត្រូវម្តាយធម៌យកទៅចញ្ចឹមឈ្មោះ (គង់ឡាំងសាធ) អ្វីដែលអនិច្ចារបំផុតជាងនេះ គឺនាងត្រូវមកស្លាប់នៅកន្លែងដែលនាងធ្លាប់កើតដោយត្រូវឱពុកម្តាយបោះបង់ ហើយជាទីកន្លែងដែលស្លាប់គ្មានសាច់ញ្ញាត្តិដូចគ្នា»។

ជាមួយនឹងការលាតត្រដាងនេះ ទើបម្នាក់ៗភ្ញាក់ខ្លួនព្រឺតនៅពេលដែលនាងធ្លាក់ខ្លួនសំពះសុំផ្ទះគេជ្រក និងសុំលុយដើម្បីបាយមួយពេលៗ ក្រោយពីអស់លទ្ធភាពជួលផ្ទះគេនៅ បន្ទាប់ពីមុខរបរត្រូវគេរឹបអូសយកទាំងអយុត្តិធម៌ តែបែរជាមានមនុស្សជាច្រើនមាក់ងាយនាង ថានាងធ្លាប់ល្បី និងហឺហារកាលពីមុន មិចបានដល់ថ្នាក់សាច់ញាតិមិនជួយ គឺប្រហែលជាងធ្វើរឿងមិនល្អជាដើម។ យ៉ាងណាមិញ ក្រោយពីប្រវត្តិរបស់នាងត្រូវបានលាតត្រដាង ម្នាក់ៗបានត្រឹមតែស្រណោះប៉ុណ្ណោះ ថាការពិតរូបនាងគឺអភ័ព្វដល់ម្លឹង។

ក្រោយបញ្ចប់ពិធីបូជាសពយ៉ាងតក់ក្រហល់ វីជេអាលីយ៉ា នឹងត្រូវអ្នករាប់អាននាងចេញមុខធ្វើបុណ្យ៧ថ្ងៃអោយ នៅថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវត្តទួលអស់លោកដដែល បើទោះជានាងមិនមានសាច់ញាតិមកជួយធ្វើបុណ្យ៕
https://youtu.be/v02cVQ1ViQM