មិនត្រឹមតែធ្វើពិធីបំពាក់មេដាយកិត្តិយស ដើម្បីអោយតារាជើងចាស់ និងតារាដែលមានស្នាដៃច្រើន ជាពិសេសគឺមន្ត្រីជាន់ខ្ពស់ បានបំពាក់មេដាយអោយតារាជំនាន់ថ្មីប៉ុណ្ណោះទេ កម្មវិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា!» ក៏មានពិធីដណ្ដើមពានតារាលេចធ្លោប្រចាំ សម្រាប់អ្នកគ្រងឈុតបុរាណបានស្អាត និងស្រស់ស្អាតជាងគេចំនួន៦បានផងដែរ។ តារាប្រុសស្រីសរុបចំនួន៦នាក់ នឹងត្រូវកំណត់ថាជាអ្នកឈ្នះពានប្រចាំឆ្នាំ ប្រសិនបើឈុត និងតែងខ្លួនបែបបុរាណរបស់តារាទាំងនោះ ធ្វើអោយទាក់ទាញជាងគេនៅក្នុងពិធី។
លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានអះអាងថា ពីដំបូងពិធីខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា»គ្រាន់តែមានគម្រោងធ្វើពិធីបំពាក់មេដាយក្នុងក្រុម ទៅអោយតារាសិល្បៈ ដែលធ្លាប់ស្ម័គ្រចិត្តក្នុងកម្មវិធីសប្បុរសធម៌តាមរយៈក្រុមប៉ុណ្ណោះ ប៉ុន្តែដោយសារតែកម្មវិធីនេះ តម្រូវអោយតារាទាំងអស់ដែលចូលរួមទទួលមេដាយពីថ្នាក់ដឹកនាំស្ថាប័នធំៗ រៀបចំខ្លួនជាទម្រង់បុរាណ អាស្រ័យទៅតាមឯកទេសរៀងខ្លួន ទើបលោកសម្រេចធ្វើពាន និងរៀបចំគណកម្មការដើម្បីជ្រើសរើសអ្នកលេចធ្លោផ្នែកសំលៀកបំពាក់បុរាណនៅក្នុងកម្មវិធីនោះតែម្ដង។
លោកថាការប្រកួតពាននេះ កំណត់តែតារា និងភ្ញៀវដែលស្លៀកឈុតបុរាណបានលេចធ្លោជាងគេប៉ុណ្ណោះ ដោយសូម្បីតែតារាក្រៅក្រុមដែលចុះឈ្មោះជប់លៀង និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ក៏អាចឈ្នះពានបានដែរ អោយតែសំលៀកបំពាក់ដែលបានបង្ហាញនៅក្នុងពិធីនោះ ត្រូវតាមលក្ខណ្ឌរបស់កម្មវិធី។ លោកថាព្រឹត្តិការណ៍ប្រគល់មេដាយកិត្តិយសជូនដល់សិល្បករប្រមាណជាង១០០នាក់នោះ នឹងបើកឱកាសអោយតារាជើងចាស់ ផលិតករជើងចាស់ និងឥស្សរជនដែលត្រូវបានអញ្ជើញ ឡើងបំពាក់មេដាយកិត្តិយសជូនដល់សិល្បករដែលមានស្នាដៃ ខណៈដែលពិធីជួបជុំអាហារសាមគ្គីទ្រង់ទ្រាយធំនោះ ក៏នឹងមានអ្នកចូលរួមភាគច្រើនជាពិសេសគឺតារាសិល្បៈ តែងតួជាទម្រង់បុរាណ ដើម្បីរំលេច និងលើកកម្ពស់ដល់សំលៀកបំពាក់បុរាណខ្មែរ។
យ៉ាងណាមិញ លោកថាសំលៀកបំពាក់ក្នុងសម័យអាណានិគមបារាំង នឹងមិនត្រូវបានកំណត់អោយប្រកួតប្រជែងពាននោះទេ ដោយសារតែលោកយល់ថាសំលៀកបំពាក់ក្នុងសម័យនោះ គឺឈុតដែលខ្មែរទទួលឥទ្ធិពលពីបរទេស និងត្រូវបានកំណត់ថាមិនមែនជាឈុតបុរាណរបស់ខ្មែរ។ លោកថាតារាសិល្បៈភាគច្រើនកំពុងស្វះស្វែងរកឈុតបុរាណរៀងខ្លួន ដោយតាមការប៉ាន់ស្មាន សំលៀកបំពាក់ក្នុងសម័យអង្គរ និងក្នុងសម័យលង្វែក ឧដុង្គជាដើម នឹងត្រូវអណ្ដែតយ៉ាងផុសផុលនៅក្នុងពិធីទាំងមូល។
លោក ផាត់ តារារដ្ឋ បន្តថាពានទាំង៦ដែលនឹងកំណត់អោយប្រជែងគ្នារួមមាន ពានតារាលេចធ្លោ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម និងត្រូវទម្រង់ជាងគេ(ប្រុសស្រី) ពានតារាលេចធ្លោ ផ្នែកបំផុសឈុតកម្រក្នុងសម័យបុរាណ (ប្រុសស្រី) និងពានតារាលេចធ្លោ ផ្នែករំលេចឈុតបុរាណកែច្នៃ (ប្រុសស្រី)។ ក្រៅពីពានទាំង៦ ក៏នឹងមានការប្រកាសចំណាត់ថ្នាក់កិត្តិយសដល់តារាសិល្បៈ ដែលមានស្នាដៃក្នុង«គ្រួសារតារាកម្ពុជា»ទាំងក្នុងក្រុម និងក្រុមជាច្រើនតំណែងទៀតផងដែរ ដើម្បីលើកកិត្តិយសតារាសិល្បៈខ្មែរដែលបានចូលរួម៕