ក្នុងពិធីប្រគល់ថវិកាចំនួន១១លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៧ មិថុនា រួមជាមួយនឹងសិល្បការិនី និងសប្បុរសជនទាំងអស់ ឌីជេហេរ៉ូ ដែលត្រូវគេស្គាល់ថាជាពិធីករប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏មានឈ្មោះជាម្ចាស់ជំនួយម្នាក់ដែរ ដោយសារតែលោកបានកៀង ម្ចាស់បុរី NR VIP លោកវន វណ្ណៈ ដែលត្រូវគេស្គាល់ថាជាអ្នកជំនួញធំម្នាក់ផងដែរ អោយយកថវិកាមកប្រគល់អោយដែរ។ អ្វីដែលគេកត់សម្គាល់ គឺលោកបានប្រកាសថាទើបតែចុះពីសិង្ហបុរីក្ដៅៗប៉ុណ្ណោះ ហើយគាប់ជួនកញ្ញាឌួង ហ្សូរីដា ហៅអោយមកជួយប្រគល់លុយ ទើបលោកប្រឹងកៀងអ្នកមានប្រាក់កាសអោយបានរួមចំណែក។ លោកប្រកាសនៅចំពោះមុខអ្នកកាសែតថា លោកនឹងបន្តកៀងគរអ្នកមានទ្រព្យពីមុខជំនួញ ជាបងធម៌អោយកាន់តែច្រើន ដើម្បីបានជួយដល់សង្គម។
លោក ហេរ៉ូ និយាយថាការពិតលោកមិនមានបំណងកៀងគរអ្នកណាអោយមកចូលរួមក្រោយពេល ពិធីការិនី កញ្ញា ឌួង ហ្សូរីដា ហៅអោយមកជួយប្រគល់លុយនោះទេ ប៉ុន្តែដោយសារតែលោកចង់ក្នុងពិធីប្រគល់នោះបានលុយច្រើនជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាច្រើន ទើបលោកប្រឹងប្រែងខលបបួលបងធម៌ៗដែលខ្លួនរាប់អានច្រើននាក់អោយមកចូលរួម ហើយលទ្ធផលក្នុងចំណោមអ្នកដែលលោកអញ្ជើញ ដោយគ្មានគម្រោងទាំងអស់គឺ លោក វន វណ្ណៈ បានមកចូលរួមតាមសំណើ ដោយម្ចាស់បុរី NR VIP រូបនេះ បានទាំងបរិច្ចាគ៦លានរៀលបន្ថែម ដែលលោកបានហៅការប្រគល់ថវិកានោះថា គឺជាការរួមចំណែករបស់លោក។ លោកថារវាងខ្លួន និងលោកវន វណ្ណៈ រាប់គ្នាជាបងប្អូនធម៌ជាយូរមកហើយ ទើបលោកហ៊ានកៀងអោយមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដោយសារតែបានដឹងមុនថាអោយតែបានមកចូលរួម គឺពិតជាមានការបន្ថែមថវិកាដើម្បីបំពេញបន្ថែម ជួយដល់សង្គម។ យ៉ាងណាលោកថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានគៀងបងធម៌ អោយមកធ្វើបុណ្យ និងជួយសង្គម ដោយគ្រាន់តែការប្រគល់ថវិកាជួយដល់គន្ធបុប្ផារបស់បងធម៌លើកនេះ គឺជារឿងចៃដន្យបន្ទាប់ពីលោកទើបចុះមកពីសិង្ហបុរី ហើយគ្រាន់តែបបួលលេងៗ ស្រាប់តែលោកចូលរួម។
លោក ហេរ៉ូ និយាយថា ទាំងនេះគឺជាមូលហេតុដែលលេចមុខភាគច្រើនក្នុងសកម្មភាពសប្បុរសធម៌ ដោយសារតែលោកមានអ្នករាប់អានច្រើន ហើយភាគច្រើនបងធម៌ដែលលោករាប់អាន គឺចូលចិត្តធ្វើបុណ្យដោយសូម្បីតែអញ្ជើញដោយតក់ក្រហល់ក៏មានចូលរួម។ លោកកាន់តែសប្បាយចិត្តបន្ថែមទៀត នៅពេលដែល លោក វន វណ្ណៈ បានប្រកាសប្រគល់ម៉ាស៊ីនចម្រោះទឺកស្អាត៣គ្រឿងយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបានប្រគល់ថវិកាបន្ថែមចំនួន៦លានរៀល ដើម្បីអោយបងប្អូនជាអ្នកយកកូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យមានទឹកស្អាតគ្រប់គ្រាន់ទទួលទាន៕