មិនមែនជាព្រឹត្តិការណ៍ដំបូងនោះទេ ដែលតារាល្បីត្រូវបានក្រុមហ៑ុនបុរីឡេងណាវ៉ាត្រា ចាយទុនធានាយកទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែគឺជាការប្រគំតន្ត្រីមិនធ្លាប់មាន ដែលចូលរួមដោយតារាល្បីពីកម្ពុជា ហើយមានក្រុមតន្ត្រី និងវង់ភ្លេងរបស់ក្រុមចចកសមុទ្រ ទៅបញ្ចេញស្នាដៃដោយផ្ទាល់។ ព្រឹត្តិការណ៍នេះ រំពឹងថានឹងធ្វើអោយកក្រើកមិនធម្មតានោះទេ នៅក្នុងប្រវត្តិសាស្ត្ររបស់តារាខ្មែរ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រាប្រកាសថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រយកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀងដោយការចាក់សាច់ភ្លេងទៀតទេ។ លោកថាការប្រគំតន្ត្រី Live Band និងចាក់ភ្លេង មានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។ ការប្រគំតន្ត្រីដែលក្រុមហ៑ុនរបស់លោក នឹងLive Band នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែ៩ ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗដែលលោកយកទៅនៅក្នុងឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ លោក ប៉ែន ចំរ៉ុង លោក ខេម កញ្ញា អុីវ៉ា និង គូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត។
ការប្រគំលោកថា សម្ដែងតែមួយពេលប៉ុណ្ណោះ ដោយលោកប្រកាសថា បងប្អូនពលករខ្មែរនៅក្នុងប្រទេសកូរ៉េ នឹងកាន់តែសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ត្រី Live Band ដោយផ្ទាល់ ហើយលេងដោយក្រុមចចកសមុទ្រដ៍ល្បីល្បាញទៀត៕










