អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស ម្ដាយរបស់តារាសម្ដែងវ័យក្មេង លោក ដាវណ្ណ រីគី បានទទួលស្គាល់កូនទី៤របស់អ្នកស្រីរូបនេះ ពិតជាបានចូលសាលាមិនសូវដិតដល់មែន ដោយសារតែរវល់ថតច្រើនក្នុងរយៈពេលចុងក្រោយ។ អ្នកស្រីថានៅក្នុងថ្ងៃខ្លះ សុំច្បាប់សាលាឡើងចង់លែងហ៑ានសុំហើយ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្អូនកុងត្រាថតច្រើន។ យ៉ាងណាមិញអ្នកស្រីសប្បាយចិត្ត ដែលកូនប្រុសទទួលបានជោគជ័យក្នុងការប្រលងថ្នាក់ឌីប្លូម ហើយទទួលបានសញ្ញាប័ត្របញ្ជាក់ពីការប្រលងជាប់។ អ្នកស្រីបានសម្រេចចិត្តបើករថយន្តតាំងពីខេត្តមកលើកទឹកចិត្តកូនប្រុស ខណៈដែលលទ្ធផលនេះអ្នកស្រីប្រាប់ថារំភើបគ្មាន២។ អ្នកស្រីបន្តថា គ្មានអ្វីសប្បាយជាងកូនប្រុសប្រលងជាប់នោះទេ ទើបអ្នកស្រីសុខចិត្តបោះចោលការងារតាមខេត្ត ហើយរត់មកលើកទឹកចិត្តកូនប្រុស។
អ្នកស្រី ចាន់ សោភ័ណ្ឌ បញ្ជាក់ថា ដាវណ្ណ រីគី ដ្បិតតែវ័យក្មេងមែន តែគេច្បាស់លាស់ និងមានសមត្ថភាពរកបានមិនតិចនោះទេ ពីការងារសិល្បៈ។ អ្នកស្រីថាអំឡុងពេលជាប់ថតខ្លាំងអ្នកស្រីមិនចង់ជឿថា កូនប្រុសប្រលងឌីប្លូមជាប់ដោយជោគជ័យ ប៉ុន្តែនៅពេលកូនប្រុសប្រលងជាប់ គឺអ្នកស្រីចាត់ទុកមិនខុសពីបានដូងទុំ។ អ្នកស្រីជំរុញឲ្យកូនប្រលូកសិល្បៈ ប៉ុន្តែសម្រាប់ការសិក្សាមិនឲ្យចោលទេ ដោយគ្រោងទាំងបញ្ជូនឲ្យទៅរៀនតនៅសហរដ្ឋអាមេរិកផង៕