មិនធម្មតា! រឿង«រឿងបាតដៃខ្មៅ» អង្គុយទស្សនាសុទ្ធតែថ្នាក់ដឹកនាំជាន់ខ្ពស់

0

ចាត់ទុកថាជារឿងកម្រដែលថ្ងៃសម្ពោធភាពយន្តរឿង”បាតដៃខ្មៅ” ដែលត្រូវគេស្គាល់ថាជាភាពយន្តផលិតដោយក្រុមហ៊ុន Sabay កាលពីថ្ងៃទី២៦ មិថុនា មានវត្តមានអញ្ជើញចូលរួមសុទ្ធតែមន្ត្រីជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នល្បីៗ ដែលកាន់តែធ្វើអោយពិធីមួយនេះមានការភាពអធឹកអធម។

អ្វីដែលកាន់តែទាក់ទាញទៅទៀត គឺភាពយន្តនេះ ត្រូវគេឃើញថ្នាក់ដឹកនាំដែលមកចូលរួមអង្គុយទស្សនារហូតដល់ចប់ ហើយបានទាំងឆក់អារម្មណ៍អ្នកបានទស្សនាអោយសរសើរមិនដាច់ពីមាត់ បើទោះជាភាពយន្តនេះសម្ដែងដោយតារាថ្មីៗ និងមិនមែនជាតារាដែលមានភាពល្បីល្បាញនៅក្នុងពិភពភាពយន្ត។

ថ្នាក់ដឹកនាំដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ រួមមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា និងថ្នាក់ដឹកនាំជាមន្ត្រីក្រសួង និងស្ថាប័នជាច្រើនទៀត ខណៈដែលតួសម្ដែងនៅក្នុងពិភពសិល្បៈ មិនសូវឃើញបង្ហាញខ្លួនច្រើនទេ ប៉ុន្តែមន្ត្រីជាអ្នកមានមុខមាត់ទាំងពីរ និងអ្នកជំនួញ បានជួយអោយថ្ងៃសម្ពោធរឿងនេះលេចធ្លោខ្លាំង។

មន្ត្រីជាន់ខ្ពស់ភាពយន្តភាគច្រើនបើទោះជាបានចូលរួមក្នុងកម្មវិធីសម្ពោធភាពយន្តបែបនេះ តែកម្របង្ហាញខ្លួនដល់ចប់ និងអង្គុយទស្សនាជាមួយភាពយន្តខ្លាំងណាស់ ទើបគេមើលឃើញថាភាពយន្តរឿង«បាតដៃខ្មៅ»មានភាពទាក់ទាញបើធៀបនឹងភាពយន្តដែលសម្ដែងដោយតារាថ្មីៗដូចគ្នា។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ ឲ្យដឹងថា លោកអ្នកមិនទាន់បានទស្សនារឿង “បាតដៃខ្មៅ” អាចនឹងគិតថា រឿងនេះ ចូលដល់អារម្មណ៍អ្នកទស្សនាបានអត់។ ប៉ុន្តែលោកអ្នកនឹងភ្ញាក់ផ្អើលចំពោះសាច់រឿងមួយនេះ ក៏ដូចជាទេពកោសល្យតួសម្តែង ដែលគ្រាន់តែជាអ្នកចម្រៀងបែបស្នាដៃកូនខ្មែរ បែរជាមកក្លាយជាថតភាពយន្ត រួចសម្តែងបានកម្រិតមួយនឹកស្មានមិនដល់។ លោកថា រឿងនេះ ជាការផ្តល់ឱកាសឲ្យអ្នកនិពន្ធវ័យក្មេងៗ និងតារារលកក្រោយ បានបញ្ចេញសមត្ថភាព។ លោកថារឿង”បាតដៃខ្មៅ” បោះទុនល្មមទេ តែបានដាក់ទិសដៅបង្ខំតារាថ្មីភាគច្រើន ជាអ្នកចម្រៀង អ្នកនិពន្ឋរហូតទាល់តែអាចសម្រេចបាន។ រឿងនេះ បង្ហាញពីអបិយជំនឿប្លែកៗរបស់ប្រជាជននៅតំបន់ភូមិភាគឦសាន ដូចជាប្រពៃណីរំដោះគ្រោះ ហៅវិញ្ញាណកាប់ក្របីសែនជាដើម។ ស្នាដៃដំបូងនេះ នឹងចាក់បញ្ចាំងគ្រប់រោងកុន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨តទៅ។ លើសពីនេះទៅទៀត រឿងនេះក៏បានបង្កប់នូវជំនឿនានា ដូចជាតំណមសម្តី ដែលអ្នកដំណើរទូទៅគួរជៀសវៀងចំពោះអ្នកជិតស្លាប់ ឬវិញ្ញាណអាក្រក់នានា ដែលសុទ្ធតែមានឥទ្ធិពលកាចសាហាវ តាមព្យាបាទឲ្យជួបឧប្បតិ្តហេតុនានា ដែលនឹកស្មានមិនដល់៕