ខាងក្រោមនេះ ជាអត្ថន័យត្រួសៗ នៃឈុតនីមួយៗ ដែលបានស្លៀកបង្ហាញ៖
-លោក លឿង វិសាល៖ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ លោកគឺជាអតីតបុរសឯកវាយនភ័ណ្ឌឆ្នាំ២០១៩ ដោយលោកបានគ្រងឈុតស្ដេចសមុទ្រក្នុងការបង្ហាញខ្លួនជាទូតសុឆន្ទៈលើកដំបូងនាថ្ងៃនោះ។
-កញ្ញា ពេជ្រ ចរណៃ៖ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ កញ្ញាបានគ្រងឈុតព្រះនាងសីតា ក្នុងរឿងរាមកេរ្តិ៍ និងជាឈុតក្នុងសិល្បៈល្ខោនខោល ដែលត្រូវបានអង្គការយូឌីស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ កាលពីឆ្នាំ២០១៨។ កញ្ញាក៏ជាកីឡាការិនី ផ្នែកល្បុក្កតោ ដែលចេះក្បាច់គុនយ៉ាងស្ទាត់ជំនាញមួយរូប។
-កញ្ញា វណ្ណា វត្តី៖ គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ២០១៩។ កញ្ញាគ្រងឈុត ដែលមានឈ្មោះថា ទេពអប្សរាអង្គរ ដែលតួអង្គអប្សរានេះមានឆ្លាក់នៅចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ ឈុតនេះ មានម្កុដកំពូល៣ ហើយតំណាងអោយអប្សរាដែលធំជាងគេ ក្នុងចំណោមព្រះនាងអប្សរាទាំងឡាយនៃអវតា។ ក្បូរក្បាច់រចនារបស់ឈុតនេះ បង្ហាញពីភាពរុងរឿងនៃសិល្បៈខ្មែរដ៏សំបូរបែបរបស់ខ្មែរ នៅក្នុងសម័យអង្គរ។ ឈុតនេះជាការច្នៃឡើងដោយ អ្នកឯកទេសច្នៃឈុតបុរាណ គឺ លោក អុី សុខជា។
-លោក ឌួង តារាផាឌីន៖ គឺជាតារាចម្រៀងសំលេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩។ លោកគ្រងឈុតព្រះគ្រូព្រាហ្មណ៍ ដែលជាគ្រូនៃអង្គព្រះមហាក្សត្រនៅក្នុងសម័យអង្គរ។ ព្រះគ្រូព្រាហ្មណ៍ គឺជាអ្នកចាត់ចែងសាសនាដ៏សំខាន់ នៅក្នុងសម័យអង្គរ ក្នុងពេលដែលប្រទេសកម្ពុជាគោរពព្រហ្មញ្ញសាសនា ជាសាសនារបស់រដ្ឋ។ មួយឈុតនេះ មានការច្នៃឡើងដោយរូបលោកផ្ទាល់ និងមានការចូលរួមពីអ្នកជំនាញច្នៃឈុតបុរាណ គឺលោក អុី សុខជា។
-កញ្ញា ភីយ៉ា៖ គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៩។ កញ្ញាគ្រងឈុត អប្សរាបាយ័ន ដែលបានចម្លងចេញពីចម្លាក់នៃប្រាសាទបាយ័ន ដោយក្បូរក្បាច់នៃតួអង្គអប្សរាអង្គនេះ គឺបង្ហាញពីសិល្បៈរីកចំរើនរបស់ខ្មែរ នៅក្នុងសម័យអង្គរ។ មួយឈុតនេះបានជួយអោយកញ្ញាលើកពាន ជាតារាគ្រងឈុតបុរាណស្រស់ស្អាតជាងគេ នៅក្នុងការប្រលងឈុតបុរាណ របស់គ្រួសារតារាកម្ពុជានៅប្រាសាទសំបូរព្រៃគុកកន្លងទៅ។ ឈុតនេះក៏ជាការច្នៃឡើងដោយលោក អុី សុខជា។
-លោក រុន ណាកូ៖ គឺជាម្ចាស់ពាន គ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ ដោយក្នុងពេលនោះ លោកបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលជាអ្នកកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ លោកទទួលបានពានក្នុងនាមជាអ្នកគ្រងឈុតបុរាណជាថ្មីមួយទៀត តាមរយៈការបោះឆ្នោតកាលពីដើមខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមជាម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់ទាំង៦រូប។ លោកគឺជាតារាសម្ដែងមួយរូប ជាតារាម៉ូដែលប្រចាំក្រុមបង្ហាញម៉ូដ BN និងជានិស្សិតពេទ្យជិតបញ្ចប់ឆ្នាំ នៅខេត្តកំពត។ ឈុតដែលលោកបានគ្រងនៅក្នុងថ្ងៃនេះ គឺជាមានឈ្មោះថា ឈុតម្កុដកំពូល៣របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រងនៅក្នុងពិធីឡើងគ្រងរាជ និងពិធីសំខាន់មួយចំនួនក្នុងការគ្រប់គ្រងប្រទេស។ ឈុតនេះជួនកាលគ្រងដោយសំពត់ ជួនកាលដោយក្បិន ដោយមានឆ្លាក់នៅប្រាសាទបាយ័ន និងជាការច្នៃឡើងដោយ លោក អុីសុខជា។
-លោក អុី សុខជា៖ មិនមែនជាម្ចាស់ពានគ្រងឈុតបុរាណនោះទេ ប៉ុន្តែលោកគឺជាអ្នកច្នៃម៉ូដ ដែលត្រូវបានបេក្ខជនបេក្ខនារីនៅក្នុងការប្រកួតគ្រងឈុតបុរាណនៅឆ្នាំ២០១៩ ទាក់ទងអោយជួយច្នៃឈុត ហើយឈុតដែលលោកច្នៃឡើងជួយអោយបេក្ខនារី២រូប គឺលេខ១ និងលេខ២ លើកពានក្នុងឆ្នាំ២០១៩។ ឈុតដែលលោកបង្ហាញ មានឈ្មោះថា ឈុតព្រះវិស្ណុ វាសុទេវនារាយណ៍ ដែលជាអទិទេពល្បីល្បាញ ក្នុងព្រហ្មញ្ញសាសនា។