មិនសរសើរមិនបាន យ៉េយ៉េ និង គន់ រៀមរតនៈ

0
មិនធ្វើការវិភាគលើការងារសិល្បៈ និងទីផ្សារឡើងឆាក គេកត់សម្គាល់ថាតារាសម្ដែងភេទទី៣រូប កញ្ញា យ៉េយ៉េ និង គន់ រៀមរតនៈ លេចធ្លោមិនទេ ក្នុងការឈឺឆ្អាលសង្គម និងអ្នកសិល្បៈដូចគ្នា។ បើទោះជាអ្នកទាំងពីរមិនមានលទ្ធភាពដោយផ្ទាល់ខ្លួន ប៉ុន្តែគេឃើញអ្នកទាំងពីរចេញមុខប្រកូកប្រកាសជួយសង្គម និងអ្មកសិល្បៈដូចគ្នា គួរអោយសរសើរ ក្នុងពេលដែលតារាសិល្បៈភាគច្រើនប្រជែងគ្នាយកបណ្ដាញហ្វេសប៑ុកឃោសនាលក់ផលិតផលច្រើនជាងចំណាយឈឺឆ្អាលនឹងរឿងក្រៅពីខ្លួននោះ។

កញ្ញា យ៉េយ៉េ ត្រូវគេឃើញច្រើនលើកមកហើយ ដែលនាងបានយកអាក់ខោនហ្វេសប៑ុករបស់ខ្លួនប្រកាសរកជំនួយជួយដល់អ្នកសិល្បៈ ដែលមានទុក្ខលំបាក ដោយក្នយងរយៈពេលចុងក្រោយ កញ្ញា Live ផង បង្ហោះអរគុណផង រកជំនួយយកលុយព្យាបាលជំងឺម្ដាយរបស់តារាសម្ដែងភេទទី៣ អ៑ុក ដារ៉េត និងមុននេះបន្តិចគៀគររកជំនួយជួយដល់តារាភេទទី៣ កញ្ញា ចូចូ នោះៗ។ មនុស្សជាច្រើនសុទ្ធតែប៉ាន់ស្មានថាការងារឈឺឆ្អាលមួយនេះងាយស្រួល ប៉ុន្តែអ្នកធ្លាប់ធ្វើពិតប្រាកដទើបយល់ពីការលះបង់ ដោយសារតែត្រូវប្រើពេលច្រើនក្នុងការតបសារក្រុមសប្បុរសធម៌ ចំណាយពេលចុះទៅដល់កន្លែងជនទុរគត និងត្រូវចំណាយពេលបង្ហោះអរគុណ និងដើរប្រមូលលុយដោយផ្នែកៗខុសៗទិសដៅគ្នា។ ក្នុងនោះការធ្វើអោយម្ចាស់ជំនួយមានទំនុកចិត្ត គឺរឹតតែលំបាកថែមទៀត ដោយការឈឺឆ្អាលក្នុងរឿងនេះមួយ ត្រូវលះបង់មិនរវល់ការងារផ្ទាល់ខ្លួនមិនតិចនោះឡើយ។ អ្វីដែលសំខាន់គឺនាងមិនមែនធ្វើសកម្មភាពដូចខ្យល់បក់ ដោយរមែងប្រកូកប្រកាសជួយជាហូរហែរ រាល់ពេលដែលអ្នកសិល្បៈមានទុក្ខ។

លោក គន់ រៀមរតនៈ ហៅចែរ៉ូស្សា ក៍រឹតតែល្បីល្បាញក្នុងសកម្មភាពមនុស្សធម៌មិនណយនោះដែរ។ ស្ទើរគ្រប់សកម្មភាពសប្បុរសធម៌ និងក្នុងសកម្មភាពលើកស្ទួយវប្បធម៌ជាដើម គឺឆ្ងាយប៉ុណ្ណាហត់នឿយប៉ុណ្ណា ក៍នាងមិនដែលបាត់មុខ។ ការងារសិល្បៈនាងមិនសូវមានអ្វីប្រជែងនឹងតារាជោគជ័យមួយចំនួនច្រើនមែន ប៉ុន្តែសម្រាប់ការងារសង្គមគឺនាងលេចធ្លោ។ ក្នុងនោះរាល់ការបរិច្ចាគជួយគ្នា ក៍នាងកម្របាត់ឈ្មោះផងដែរ បើទោះជានាងមិនមែនជាអ្នកមាន។ អ្វីដែលគួរសរសើរទៅទៀត គឺនាងកំពុងដើរជាអ្នកនាំពាក្យក្នុងការរ៉ៃអង្គាសថវិកាជួយដល់សាលាខ្វះខាតមួយនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ដែលជាទីកំណើតរបស់ខ្លួន។ នាងត្រូវគេឃើញចំណាយឡើងចុះ ដើម្បីថតផង Live វីដេអូផង អោយសប្បុរសជនបានដឹងពីការលំបាករបស់សាលាមួយនោះ ខណៈដែលនាងក៍ប្រឹងបង្ហោះអរគុណដល់សប្បុរសជន ស្ទើរមិនមានពេលសម្រាក។ នេះជាសកម្មភាពគំរូមួយ ដែលតារាសិល្បៈភេទទី៣ បានធ្វើដើម្បីសង្គម និងសប្បុរសធម៌៕