មិនមែនជារឿងងាយទេ ទម្រាំទទួលបានពានជាតារាលេចធ្លោក្នុងឈុតសំលៀកបំពាក់បុរាណរបស់គ្រួសារតារាកម្ពុជា ក្នុងការប្រកួតប្រជែងដែលក្រុមសិល្បៈមួយនេះ ធ្វើឡើង។ យ៉ាងណាមិញ ម្ចាស់ពានឆ្នាំចាស់ លោក រុន ណាកូ បែរជាទទួលបានពានដល់ទៅ២ ពីគ្រួសារតារាកម្ពុជា បន្ទាប់ពីលោកត្រូវបានគេដាក់អោយបោះឆ្នោតនៅលើផេក”គ្រួសារតារាកម្ពុជា” និងផេក”ផ្ទះតារា Home Stars” ហើយទទួលបានសំលេងនាំមុខគេ។
តារាសម្ដែង និងជាសមាជិកក្រុមបង្ហាញម៉ូដ BN ដែលគ្រងឈុតព្រះបាទសុរិយាវរ្ម័ន ទី២ ហើយទទួលបានពានលេចធ្លោ និងត្រូវទម្រង់នោះ កាលពីឆ្នាំ២០១៨រូបនេះ ទទួលបានពាន Year Award ឬ ពានប្រជាប្រិយភាពពីការបោះឆ្នោត យ៉ាងមានកិត្តិយស ដោយពានរបស់លោក ត្រូវបានប្រគល់អោយដោយអ្នកនាង ចាន់ តារាទី នៅក្នុងវេទិកាការប្រកួតឈុតបុរាណលើកទី២ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក។
ពិតជាមានកិត្តិយសមិនអម់ទេ សម្រាប់អ្នកកាន់ពានឈុតបុរាណគ្រួសារតារាកម្ពុជា កាលពីរដូវកាលទី១ ដោយសារតែមុនពិធីផ្ទេរពាន ម្ចាស់ពានទាំង៦ ត្រូវបានគេដាក់អោយបោះឆ្នោតស្វែងរកម្ចាស់ពានមួយរូប ក្នុងចំណោមអ្នកទាំង៦ ដើម្បីអោយក្លាយជាម្ចាស់ពានប្រជាប្រិយ ឬ ពាន Year Award របស់គ្រួសារតារាកម្ពុជា។ លោកត្រូវគេដាក់អោយបោះឆ្នោតលើផេក”ផ្ទះតារា Home Stars” និងផេក”គ្រួសារតារាកម្ពុជា” ក្នុងចំណោមម្ចាស់ពាន៥រូបផ្សេងទៀត ដើម្បីអោយមហាជន Like និង Share ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី១ កក្កដា រហូតដល់យប់ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៩។ ម្ចាស់ពានទាំង៦ ដែលមានឈ្មោះអោយមហាជនបោះឆ្នោតអោយនោះ រួមមាន អ្នកនាង ម៉ៅ សុីណាត តារាចម្រៀង ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ កញ្ញា ប៑េប៑ី តារាចម្រៀងផលិតកម្មថោន ម្ចាស់ពានលេចធ្លោប្រចាំ២០១៨ លោក សុិន សុធារិទ្ធ តារាសម្ដែង ម្ចាស់ពានគ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨ លោក ម៉ែន អម្រុងរ័ត្ន តារាម៉ូដែល ម្ចាស់ពានឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ និង កញ្ញា ភី សម័យ តារាសម្ដែង ម្ចាស់ពានគ្រងឈុតបុរាណច្នៃផ្នែកនារី កាលពីឆ្នាំ២០១៨។ ឆ្លងកាត់ការបោះឆ្នោតភ្លូកទឹកភ្លូកដី លើសង្គមហ្វេសប៑ុក តារាទាំង៦ មានសំឡេងប្រកៀកប្រកិតគ្នា។ យ៉ាងណាមិញ ម្ចាស់ពាន លោក រុន ណាកូ ទទួលបានសំលេងនាំមុខគេ នៅថ្ងៃបិទបញ្ចប់ការបោះឆ្នោត ទើបទទួលពានប្រជាប្រិយភាពសម្រាប់អ្នកគ្រងឈុតបុរាណរដូវកាលទី១។
លោក រុន ណាកូ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីដណ្ដើមបានពានជាលើកទី២ ពីការបោះឆ្នោតរបស់មហាជន។ លោកកាន់តែសប្បាយចិត្ត ដែលតារារៀមច្បង អ្នកនាង ចាន់ តារាទី គឺជាអ្នកឡើងប្រគល់ពាន ដែលលោកបញ្ជាក់ថា កាលពីមុនធ្លាប់តែស្រម៉ៃ ប៉ុន្តែពេលនេះ ស្រាប់តែបានទទួលពានយ៉ាងមានកិត្តិយសពី អ្នកនាង។ លោកក៍ប្រកាសអរគុណ ដល់គ្រួសារតារាកម្ពុជា ផងដែរ ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតឈុតបុរាណនេះឡើង ហើយផ្ដល់ឱកាសអោយលោកក្លាយជាម្ចាស់ពានកាលពីឆ្នាំ២០១៨ ដែលជួយអោយលោកបន្តកាន់ពានប្រជាប្រិយភាពលើកនេះ ជាថ្មីទៀត។







































