នៅក្នុងពេលនេះ តារាសម្ដែង តារាចម្រៀង និងជាវីជេ អាលីយ៉ា ត្រូវគេអះអាងថាធ្លាក់ដល់ចំណុចសូន្យជាថ្មីទៀត ដោយក្រៅពីធ្លាក់ខ្លួនអស់លុយអស់កាក់ជាថ្មី នាងក៏ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដល់កម្រិតរកលុយសូម្បីតែទិញម្ជូរហូបនៅលើគ្រែពេទ្យលែងបានហើយ។ នាងត្រូវគេអះអាងថា ចុះស្គម និងធ្លាក់ខ្លួនយ៉ាងខ្លាំង ដោយក្នុងពេលត្រូវបានបញ្ជូនទៅពេទ្យកាល់ម៉ែត្រមុននេះ មិនមានសូម្បីតែសាច់ញាតិចុះសួរសុខទុក្ខ។
ប្រភពពីអ្នកបានឃើញវីជេរូបនេះ ត្រូវបញ្ជូនទៅសម្រាកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បានអះអាងថា នាងមានជំងឺសួត ហើយធ្លាក់ខ្លួនបាក់សាច់បាក់ឈាម ហើយចុះស្គមយ៉ាងចម្លែក ដោយនាងមិនមានសូម្បីតែអ្នកមើលថែ។
អ្នកបានឃើញនាងនៅក្នុងមន្ទីរពេទ្យកាលនៅក្នុងថ្ងៃនោះ មានការខ្លោចចិត្តយ៉ាងខ្លាំង ដោយនាងបានស្រែកត្អូញត្អែថាឃ្លានម្ជូរនឹងចំណីខ្លាំងណាស់ តែមិនមានលុយទិញ ដែលនេះជាការធ្លាក់ខ្លួនមួយថ្មី បន្ទាប់ពីនាងមានវិបត្តិផ្លូវចិត្តក្រោយត្រូវម្ចាស់ផ្ទះរឹបអូសយកទ្រព្យ ព្រោះតែអតីតសង្សារមិនបង់លុយអោយម្ចាស់ផ្ទះ ដែលនាងធ្លាប់ជួលកាលពីមុន ហើយសូម្បីតែនាងស្នើសុំបង់លុយដែលនៅខ្វះខាត ក៏ម្ចាស់ផ្ទះប្រើសិទ្ធិក្ដោបយក។
មកទល់ម៉ោងនេះ មិនទាន់ដឹងថានាងបានចេញពីមន្ទីរពេទ្យហើយ ឬយ៉ាងណាទេ ប៉ុន្តែអ្នកដែលបានឃើញសភាពរបស់នាង សុទ្ធតែមានការសង្វេគចិត្ត ដោយមានការទម្លាយថានាងត្រូវបានអ្នកឃើញផ្ទាល់ភ្នែក ទិញខោអាវជជុះអោយនៅក្នុងពេលនោះផង។ នាងត្រូវគេអះអាងថា ស្រក់ទឹកភ្នែក ក្នុងពេលឃើញនាងអ្នកស្គាល់នាងម្នាក់ចុះមកសួរសុខទុក្ខនាង ហើយនាងនិយាយថា ឃ្លានម្ជូរ ឃ្លានបាញ់ស៊ុងណាស់ ក៏គ្មានលទ្ធភាពទិញ។
អ្នកបានឃើញនាងនិយាយថា អាលីយ៉ា មិនមានសូម្បីតែឆ្នាំងសាកទូរស័ព្ទ សម្លៀកបំពាក់ក៏គ្មាន ទើបអ្នកបានឃើញនាងផ្ដល់អាវជជុះអោយ២ និងថ្មទូរស័ព្ទឲ្យមួយ។ អាលីយ៉ា ត្រូវបានគេទម្លាយថាមានជំងឺរលាកទងសួត ហើយមុនមកដល់កាល់ម៉ែត នាងបានដេកសម្រាកព្យាបាលនៅខេត្តសៀមរាបមួយអាទិត្យជាង ប៉ុន្តែបណ្ដាលមកពីជំងឺរបស់នាងកាន់តែធ្ងន់ទើបត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រកាលពីប៉ុន្មានថ្ងៃមុន។
អាលីយ៉ា ធ្លាប់បានបញ្ជាក់ថា បណ្ដឹងទាមទារទ្រព្យរបស់នាង មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែអ្នកក្ដោបទ្រព្យនាងគឺជាអ្នកមានស្ដុកស្ដម្ភ និងមានបុណ្យស័ក្ដផង។ ទ្រព្យដែលមានម្ចាស់ផ្ទះនោះប្រមូលយក រួមមាសម្អាងការ សំលៀកបំពាក់បើកហាង និងគ្រឿងផលិតកុនតែម្ដង ដោយសារតែក្នុងពេលនោះនាងគឺជាផលិតករកុន និងជាអ្នកលក់សំលៀកបំពាក់ធំមួយ៕