ពិតជាទាក់ទាញទៀតហើយ ជាមួយនឹងបទចម្រៀងថ្មីសន្លាងរបស់លោក ជ័យ សុវ៉ាត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ។ ចម្រៀងមួយបទរបស់លោកដែលត្រូវគេឃើញចេញបង្ហោះក្ដៅៗ ត្រូវគេឃើញមានការទាក់ទាញអ្នកគាំទ្រមិនធម្មតា ដោយគ្រាន់តែបទចម្រៀងនោះដាក់បង្ហោះមិនទាន់បានប៉ុន្មានផង។
បទចម្រៀងដែលមានចំណងជើងថា «ហត់» របស់លោក មានអ្នកចូលទស្សនាកើនឡើងតែមួយពព្រិកភ្នែក ខណៈដែលបទចម្រៀងនោះ ក៏ទាក់ទាញ និងបុកត្រូវអារម្មណ៍អ្នកស្ដាប់ភាគច្រើន ជាពិសេសអ្នកមានវិបត្តិស្នេហា ឬវិបត្តិក្នុងជីវិត ដែលស្ថានភាពនេះរមែងកើតមានចំពោះបុគ្គលគ្រប់គ្នាដោយជៀសមិនផុត។
សូម្បីតែចំណងជើងបទចម្រៀងក៏ស្ដាប់ត្រូវចិត្តអ្នកស្ដាប់នោះដែរ ក្នុងពេលដែលបទចម្រៀងនេះ ក៏មានសាច់ភ្លេង និងអត្ថន័យស្ដែងអោយឃើញពីស្ថានភាពផ្លូវចិត្តរបស់មនុស្សភាគច្រើន។ យ៉ាងណាមិញ គេមិនទាន់ដឹងថាបទ «ហត់» របស់លោក ជ័យ សុវ៉ាត នឹងអាចកម្រើកក្នុងស្រទាប់អ្នកស្ដាប់កម្រិតណានោះទេ ក្នុងពេលដែលបទចម្រៀងនេះក៏ស្ថិតក្នុងការឃ្លាំមើល ថាតើនឹងអាចកន្ទ្រាក់អ្នកស្ដាប់នៅក្នុងសន្ទស្សន៍ច្រើនបែបណានៅឡើយ។
ភាគីសាមីខ្លួនត្រូវគេឃើញផុសបង្ហោះបទនេះ អមដោយការបញ្ជាក់ថា ជាបទដែលប្រើការតាំងចិត្តដើម្បីថតឡើងទាំងការលើកដាក់សំឡេង និងការថតជាសាច់រឿង ហើយលោកក៏បានប្រកាសថាសង្ឃឹមថានឹងបទនេះនឹងមានការគាំទ្រក្នុងកម្រិតមួយច្រើន។
បទចម្រៀងរបស់លោកត្រូវគេឃើញចែកចាយទូលំទូលាយក្រោយពីការបង្ហោះក្ដៅៗ ខណៈដែលបទចម្រៀងនេះ ក៏មានសាច់រឿង និងសាច់ភ្លេង និងអត្ថន័យតែម្ដង ត្រូវនឹងសំឡេង និងប្រវត្តិកម្សត់របស់លោក ទើបធ្វើអោយបទចម្រៀងនេះ ទាក់ទាញសូម្បីតែចំណងជើងតែម្ដង៕