ក្រឡេកទៅមើលភាពយន្ត «បាតដៃខ្មៅ» គេឃើញសុទ្ធតែវត្តមានតារាៗដែលម្ចាស់បទ Original song តែម្ដង ដោយមិនសូវឃើញវត្តមានតារាល្បីៗក្នុងពិភពសម្ដែងនោះទេ ប៉ុន្តែភាពយន្តនេះ ត្រូវគេអះអាងថានឹងជោគជ័យពេញទឹហឹងដោយសារតែបានដាក់បញ្ចូលនូវអបិយជំនឿរបស់ខ្មែរដែលអ្នកខ្លះមិនបានដឹងរាប់មិនអស់។
ភាពយន្តនេះ បានបង្កប់នូវអបិយជំនឿប្លែកៗ របស់បងប្អូននៅភាគឥសាន ពិសេសគឺពិធីរំដោះគ្រោះ និងហៅវិញ្ញាណ ឬកាប់ក្របីសែនជាដើម។
ផលិតករបានទាំងបង្ហើបថា នេះជារឿងដែលបានបង្កប់នូវជំនឿស្ដីពីតំណមពាក្យសម្តី របស់អ្នកដំណើរ និងតំណមសម្រាប់ការប្រើពាក្យចំពោះអ្នកជិតស្លាប់ ឬវិញ្ញាណអាក្រក់នានាដែលសុទ្ធតែមានឥទ្ធិពលកាចសាហាវ មកតាមព្យាបាទ និងនាំចង្រៃ ឬ ឧប្បតិ្តហេតុនានាដែលនឹកស្មានមិនដល់នោះផង។
យោងតាមការទម្លាយ ជាធម្មតាក្នុងការធ្វើដំណើរផ្លូវឆ្ងាយនានា ខ្មែរតែងតែប្រកាន់យកនូវតំណមជាច្រើនដែលក្នុងនោះមានពាក្យសម្តីមិនសមរម្យ និងកាយវិការប្រមាថដែលនឹងរំលេចនៅក្នុងរឿងបាតដៃខ្មៅនេះផងដែរ។ ម្យ៉ាងវិញទៀតឈុតរន្ធត់ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ស្តែងៗរឿងបាតដៃខ្មៅដែលទស្សនិកជនស្ទើតែមិនហ៊ានទស្សនានឹងលាយលំទៅដោយការធ្វេសប្រហែសរបស់អ្នកបើកបរបច្ចុប្បន្ននៅលើដងផ្លូវ។ អ៊ីចឹងហើយទើបភាពយន្តនេះ ត្រូវគេប៉ាន់ស្មានថានឹងអាចជោគជ័យ ក្នុងពេលដែលភាពយន្តនេះ ក៏គ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី២៨ មិថុនានោះដែរ៕