កាលពីព្រឹកថ្ងៃទី១៨ មិថុនា មុននេះ តារាចម្រៀងល្បីល្បាញរបស់ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើពិធីឡើងផ្ទះជាលក្ខណៈគ្រួសារយ៉ាងអធឹកអធម អមដោយការចូលរួមពីចាស់ទុំទាំងសងខាង ដោយនាង និង លោក អុឹង សុខលី ប្អូនប្រុសថៅកែហង្សមាស ដែលត្រូវគេស្គាល់ថា ជាអគ្គនាយករងទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស បានប្រកាសជាគូស្នេហ៍គ្នាលែងលាក់លៀមផង។ ពិធីនោះ មិនត្រឹមតែសម្ពោធផ្ទះថ្មី ដែលគេបង្ហើបថា ជាផ្ទះរួមគ្នា របស់នាង និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែក៍ជាការជួបជជែកគ្នាជាថ្មី និងផ្លូវការ ដែលមិនខុសពីធីភ្ជាប់ពាក្យនោះផងដែរ។
នេះជាពិធីបើកចំហរលើកដំបូង រវាង កញ្ញា ឱក សុគន្ធកញ្ញា និង ប្អូនប្តុសថៅកែហង្សមាស បន្ទាប់ពីគេបានដឹងជាយូរមកហើយថាអ្នកទាំងពីរស្រលាញ់គ្នា តែម្នាក់ៗខំប្រឹងបិទបាំង។ អ្នកចូលរួមក្នុងកម្មវិធីរបស់នាង បានបង្ហាញពីការសាទរជាពន់ពេក ដែល ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស ធ្វើពិធីសម្ពោធវីឡាដែលជាទ្រព្យរួម ដែលកាន់តែបង្ហាញយ៉ាងច្បាស់ថា ពួកគេសម្រេចចិត្តដើរផ្លូវរួមគ្នា បើទោះមិនទាន់មានឈ្មោះជាប្ដីប្រពន្ធ។ ពិធីដែលបានធ្វើឡើងនោះ ត្រូវគេចាត់ទុកថា ជាពិធីភ្ជាប់ពាក្យផ្លូវការ របស់នាង និងគូស្នេហ៍ដោយបើកចំហរផង ទើបធ្វើអោយម្នាក់រំភើបចិត្តជំនួស។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា ក្រោយពេលប្រកាសភ្ជាប់ពាក្យភ្ជាប់នឹងពិធីឡើងវីឡានេះ តើនាង និងអគ្គនាយករងទូរទស្សន៍ហង្សមាស គ្រោងរៀបការថ្ងៃណាអោយច្បាស់នៅឡើយទេ ដោយប្រភពជិតស្និទ្ធិបានត្រឹមតែបង្ហើបថា នឹងអាចឆាប់ ឬ យូរបន្តិចទៀតប៉ុណ្ណោះ។
ការសម្រេចចិត្តភ្ជាប់ពាក្យនេះ គឺជាលទ្ធផលបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នាដោយបិទបាំងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែថ្ងៃនេះទេ ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើពិធីទាំងឡើងផ្ទះ ស្របពេលជាមួយនឹងពិធីចូលស្តីដណ្តឹង ដោយលែងបិទបាំង ដើម្បីបញ្ចប់នូវការរិះគន់៕