កាលពីល្ងាចថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ផលិតកម្មមហាហង្ស បានប្រកាសសម្ពោធរឿង”ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩ យ៉ាងអធឹកអធម ដោយមានតារាសិល្បៈ ក្នុង និងក្រៅផលិតកម្មចូលរួមយ៉ាងច្រើនកុះករ។ ភាពយន្តនេះ នឹងដាក់លក់សំបុត្រផ្លូវការនៅថ្ងៃទី៤ កក្កដា នេះ។
ពិធីដែលបានប្រកាសឡើងនោះ ត្រូវគេកត់សម្គាល់ថា មានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសអោយតួសម្ដែងនីមួយៗដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍យ៉ាងមានកិត្តិយស នៅក្នុងពិធី។ លោក អុិន សុភិន ម្ចាស់ផលិតកម្មបានថ្លែងបញ្ជាក់ថា ភាពយន្តរឿង”ព្រលឹង” ត្រូវបានផលិតមួយឆ្នាំគត់ ទម្រាំបានបញ្ចាំង ដោយលោករំពឹងយ៉ាងខ្លាំង ថាភាពយន្តនេះ នឹងទទួលជោគជ័យ មិនខុសពីរឿង”ផ្ទះចុងភូមិ” ព្រោះសម្អាងថា ជារឿងមានរូបភាពភ្លឺច្បាស់ សំលេងងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត ហើយឈុតឆាករន្ធត់តាំងពីដើមដល់ចប់ គឺទាក់ចិត្ត។
លោកថាមួយរឿងនេះ លោកស្រលាញ់ពេញចិត្តគ្រប់ជំហាន ពោលគឺតាំងពីដំណាក់កាលចេញផលិត ទើបក្នុងពេលប្រកាសសម្ពោធ លោកធ្វើធំដុំ ដោយបានទាំងជូនស្រោមសំបុត្រដល់តារាមួយរូបៗ ដែលជាតួអង្គសម្ដែង អមដោយបាច់ផ្កា ដើម្បីលើកទឹកចិត្តផងដែរ៕


























