តារាចាស់ថ្មី រួមគ្នាគ្រងឈុតទសវត្សរ៍ទី៦០ ដើម្បីសុីក្លូ

0

នៅសួនច្បារព្រះនាងប្រាជ្ញាបារមី កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ឆាយ សុីវលីន និងដៃគូសហការ បានប្រកាសបើកពិធីប្រណាំងសុីក្លូជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីលើកកម្ពស់ដល់សុីក្លូនៅកម្ពុជា។ តារាសិល្បៈទាំងល្បីៗ និងមិសូវល្បី ត្រូវគេឃើញតែងខ្លួនជាលំនាំនៅក្នុងសម័យទសវត្សរ៍ឆ្នាំ៦០ ហើយធ្វើពិធីដង្ហែរសុីក្លូ ដើម្បីបំផុសសុីក្លូរួមគ្នា។ 

លោកជំទាវ ឆាយ សុីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងបញ្ជាក់ថា ពិធីប្រណាំងសុីក្លូ ដែលប្រកាសធ្វើឡើងពីថ្ងៃទី២២ និង២៣ មិថុនា នេះ មានការប្រមូលផ្ដុំសុីក្លូសរុបចំនួន១៣៦សុីក្លូ ដោយអ្នកចូលរួមប្រណាំងទាំងអស់សុទ្ធតែទទួលថវិកាលើកទឹកចិត្តក្នុងមួយសុីក្លូ១០មុឺនរៀល ហើយអ្នកលេខ១ បានចំនួន៤០មុឺនរៀល និង បានតិចៗជាងនេះបន្តិចបន្តួច សម្រាប់អ្នកលេខ២ និងលេខ៣។ លោកជំទាវថា ការរៀបចំនេះ គឺគ្រាន់តែចង់អោយអោយអ្នកទេសចរណ៍ និងអ្នកចង់កម្សាន្តជាមួយទេសភាពក្នុងទីក្រុង ងាកមកប្រើប្រាស់សេវាកម្មសុីក្លូអោយបានច្រើនឡើងវិញ ដើម្បីកុំអោយសុីក្លូកាន់តែឯកានៅក្នុងពេលនេះប៉ុណ្ណោះ។ លោកជំទាវបន្តថា សុីក្លូអ្នកនៅភ្នំពេញលែងប្រើសម្រាប់ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរដូចមុនទៀតហើយ  ដូច្នេះ គឺមានតែរួមគ្នាបំផុសអោយក្លាយជាមធ្យោបាយទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់ជិះលេង និងថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ទើបលោកជំទាវយល់ថា តារាសិល្បៈ និងក្រុមយុវវ័យ គឺល្អបំផុត ដើម្បីជួយអោយសុីក្លូបន្តដង្ហើម។ 

អ្នកនាង យុគ ចិន្តា ពិធីការិនី ដែលបានគៀរគរតារាសិល្បៈច្រើននាក់អោយចូលរួមបំផុស  រហូតមានការចូលរួមពីសិល្បករសិល្បការនីរបស់គ្រួសារតារាកម្ពុជាមួយចំនួនផង បានអះអាងថា អ្នកនាងនឹងចូលរួមបំផុសសុីក្លូនៅគ្រប់សកម្មភាព ដើម្បីរួមចំណែក អោយមានការចាប់អារម្មណ៍កាន់តែខ្លាំងលើសុីក្លូនៅកម្ពុជា។ អ្នកនាងក៍នឹងរំលេចកម្មវិធី ដែលអាចធ្វើទៅបាននៅលើកញ្ចក់ទូរទស្សន៍ ដោយបន្តចាប់ដៃជាមួយសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយបង្កើនការចាប់អារម្មណ៍ចំពោះសុីក្លូអោយបានកាន់តែច្រើន។ 

តារាសិល្បៈដែលបានបង្ហាញខ្លួនគ្រងឈុតទសវត្សរ៍ទី៦០ និងបានជិះសុីក្លូដង្ហែជានិមិត្តរូបនៅក្នុងថ្ងៃនោះរួមមាន អ្នកនាង  យុគ ចិន្តា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ហង្ស សុជាតា អ្នកនាង សាង សុរិយា កញ្ញា ភីយ៉ា អ្នកនាង យីវ ម៉ូនីកា លោក សឹម សុវណ្ណដូល្លា លោក ឆាលី កញ្ញា កែវ ពេជ្រកុសុម៉ា  កញ្ញា ដាវីន និងកញ្ញា វ៉ាន់ លីលីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here