កាលពីយប់ថ្ងៃទី១៦ មិថុនា លោក ខេង រតនៈ ហៅ នាយ ព្រែក បានស្កាត់ជួបគូដណ្ដឹងតែ២នាក់ ដោយលោកបានធ្វើពិធីខួបកំណើតអោយនាងយ៉ាងរ៉ូម៉ាទិកដែលគ្រាន់តែឃើញរូបក៏ចង់ច្រណែនជំនួស។ នៅក្នុងពិធីពញាក់អារម្មណ៍អោយគូស្នេហ៍ដើម្បីអបអរថ្ងៃខួបនោះ ក្រៅពីអោយបាច់ផ្កាដល់នាង នាយព្រែក ក៏ត្រូវគេឃើញបង្ហាញអារម្មណ៍យកចិត្តទុកចិត្តដាក់ចំពោះនាងផងដែរ។
រូបភាពជាច្រើនសន្លឹកដែលនាយព្រែក ធ្វើខួបអោយអនាគតភរិយានេះ បានបង្ហាញយ៉ាងច្បាស់ថាចំណងស្នេហ៍រវាងនាយព្រែក និងគូដណ្ដឹងនៅតែរឹងមាំ បើទោះជាអ្នកទាំងពីរភ្ជាប់ពាក្យគ្នាតាំងពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ ប្រមាណជិត២ឆ្នាំមកហើយ ហើយមិនទាន់កំណត់បាននូវថ្ងៃអាពាហ៏ពិពាហ៍នៅឡើយ។ ស្របគ្នាដែលលោក និងកញ្ញា ជា ស្រីតី ជាគូស្នេហ៍ ក៏មិនសូវឃើញបណ្ដើរគ្នានោះផង ទើបនាំអោយមានការប៉ាន់ស្មានដោយការយល់ឃើញផ្សេងៗនាពេលចុងក្រោយ។ ប៉ុន្តែក្រោយពេលនាយព្រែក ចំណាយពេលប៉ុន្មានម៉ោងនៅជាមួយគូដណ្ដឹង ហើយថែមទាំងបង្ហោះរូបភាពស្វីតៗជាមួយនាងផង គឺបានបង្ហាញយ៉ាងច្បាស់ថាចំណងស្នេហ៍មួយគូនេះ ដ្បិតថារវល់ការងាររៀងខ្លួនតែមិនអន់ជាងស្រមោច និងស្ករនោះទេ។ នាយព្រែកធ្លាប់បានបញ្ជាក់ថា លោក និងគូដណ្ដឹងដ្បិតថាមិនទាន់កំណត់បានថ្ងៃការ ប៉ុន្តែចំណងស្នេហ៍គឺមិនខុសពីនៅជិតគ្នានោះទេដោយសារតែលោកទៅណា ឬធ្វើអ្វី សុទ្ធតែបានទាក់ទងប្រាប់គ្នា ក្នុងពេលដែលបណ្ដាញសង្គមហ្វេសបុកក៏ធ្វើអោយលោក និងគូដណ្ដឹងដូចនៅជិតគ្នា មិនដាច់មួយជំហានផង។ លោកថាខ្លួន និងគូស្នេហ៍មានបំណងប្រឹងប្រែងរកលុយ និងចង់អោយស្រឡះការងារបន្តិចទៀតសិន ទើបកំណត់ថ្ងៃការ ខណៈដែលក្នុងពេលនេះ លោកក៏ជាប់កុងត្រាថតរឿងបុរាណ ស្ទើរមិនមានពេលទាំងអោយគូស្នេហ៍ផង ដែលលោកប្រាប់ថារង់ចាំបន្តិចទៀតក៏មិនអី។
គេមិនដឹងថាក្នុងថ្ងៃខួបកំណើតរបស់គូដណ្ដឹងលោកនោះ តើលោកមានអ្វីជាកាដូអោយនាងនោះទេ ប៉ុន្តែអ្វីដែលគេបានឃើញ គឺភាពផ្អែមល្ហែម ដែលអ្នកណាៗក៏ច្រណែន ស្របគ្នាដែលលោក និងគូស្នេហ៍ក៏សុទ្ធតែក្មេងវ័យ និងមានរូបសម្រស់ស្រស់ស្អាតមិនខុសពីគូស្នេហ៍តារាសិល្បៈទាំំងសងខាតផង៕