ដើម្បី ២-៣០០០ដុល្លារ ឆ័យលី ដាឡែន សុខចិត្តគ្រាំចិត្តដល់ម្លឹង

0

មកទល់ពេលនេះ តារាសម្ដែងអ្នកនាង ឆ័យលី ដាឡែន នៅតែអះអាងថា អ្នកនាងមិនអាចផ្ដាច់ខ្លួនពីការងារសិល្បៈបានឡើយ ខណៈដែលអ្នកនាងក៏មានទីផ្សារក្នុងការងារចេញថតភាពយន្ត ទទួលបានក្នុងមួយរឿងពី២ពាន់ ទៅ៣ពាន់ដុល្លារនាពេលនេះ។ ប៉ុន្តែអ្នកនាងថានៅពីក្រោយឱកាសទទួលបានថវិកាស្រួលៗទាំងនោះ អ្នននាង បានក្លាយជាស្រ្តីដែលគ្រាំឈាមយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលអ្នកនាងត្រូវបង្ខំចិត្តផ្ញើកូនប្រុសអោយម្ដាយក្មេងនៅខេត្តកំពង់ឆ្នាំងជាអ្នកមើលថែ ហើយកាលពីល្ងាចថ្ងៃទី១៤ មិថុនា ម្ដាយក្មេករបស់អ្នកនាងប្រាប់ថាកូនប្រុសឈឺធ្ងន់ តែអ្នកនាងបែរជាមិនអាចទៅមើលបាន ដោយសារតែរវល់ចង់បានលុយ២ពាន់ និង៣ពាន់ដែលជាប់កុងត្រា។

អ្នកនាងថា ពិតជាមានអារម្មណ៍ក្ដុកក្ដួល យ៉ាងខ្លាំងក្នុងពេលដែលអ្នកនាងដកឃ្លាមិនរួចពីការសម្ដែងផង ស្រាប់តែម្ដាយក្មេង បានខលអោយអ្នកនាងចុះទៅយកកូនប្រុសវ័យជាង៨ខែពីខេត្តកំពង់ឆ្នាំង កាលពីល្ងាចម្សិលមិញ ដោយអះអាងថាកូនប្រុសរបស់អ្នកនាងមានជំងឺរលាកបំពង់ករ និងហើមពោះខ្លាំង ដែលក្រុមគ្រូពេទ្យនៅក្បែរផ្ទះម្ដាយក្មេងអត់ហ៊ានទទួលមើល។ អ្នកនាងថាគ្រាន់តែទទួលដំណឹងភ្លាម អ្នកនាងចង់ទម្លាក់ដៃចោលដើម្បីទៅយកកូន ប៉ុន្តែមិនអាចទៅបាននោះទេ ដោយសារតែអ្នកនាងត្រូវទទួលការងារចេញថតនៅព្រឹកព្រលឹមថ្ងៃទី១៥ មិថុនានេះ ដែលមានន័យថាបើអ្នកនាងចុះទៅកំពង់ឆ្នាំង គឺទោះជាយកកូនប្រុសមកពេទ្យគន្ធបុប្ផាបាន ក៏អត់មានពេលមើលថែ ហើយបើទោះជាត្រឹមតែឡើងមើលទៅមើលកូនប្រុសក៏អាចនឹងមកថតវិញទាំងព្រលឹមមិនទាន់។

អ្នកនាងថាបើកុំតែម្ដាយក្មេងសម្រេចចិត្តយកកូនប្រុសទៅកាន់មន្ទីរពេទ្យឯកជនធំមួយនៅទីរួមខេត្តកំពង់ឆ្នាំង ហើយសំណាងបានខាងមន្ទីរពេទ្យនោះទទួលព្យាបាលបាន គឺអ្នកនាងពិតជានៅមិនសុខនោះទេ ក្នុងពេលដែលកូននៅឆ្ងាយ ហើយមានដំណឹងឈឺធ្ងន់បែបនេះ។

អ្នកនាងយល់ថាខ្លួនឯងពេលខ្លះពិតជាខុសចំពោះកូនប្រុស ដែលសុខចិត្តទទួលកុងត្រាពីមួយរឿងទៅមួយរឿង ជាថ្នូរនឹងប្រាក់កម្រៃ២ពាន់ និង៣ពាន់ក្នុងមួយរឿង ហើយបំភ្លេចតួនាទីជាម្ដាយ។ យ៉ាងណាមិញ អ្នកនាងថាខ្លួនរមែងឡើងចុះទៅមើលកូនច្រើនលើកក្នុងមួយសប្ដាហ៍ៗ ហើយអោយតែឆ្លៀតទៅបាន គឺអ្នកនាង និងស្វាមី រមែងចុះទៅភ្លាម។

អ្នកនាង ឆ័យលី ដាឡែន និយាយថាខ្លួនរាល់ថ្ងៃពឹងលើការងារសម្ដែងរឿងជាជំហានដំបូង ទើបនាងសុខចិត្តគ្រាំចិត្តពិបាកចិត្តរឿងកូនប្រុស ហើយសុខចិត្តអោយម្ដាយក្មេកជាអ្នកមើលថែកូនប្រុសជំនួស បើទោះជាដឹងថាមិនបានផ្ដល់ភាពកក់ក្ដៅអោយក្មេង។ អ្នកនាងថា អោយតែកូនប្រុសបានចំរើនវ័យជាងនេះ ហើយអាចយកដើររាល់ពេលចេញថតបាន គឺអ្នកនាងនឹងយកកូនមកបៀតក្លៀកហើយ ដោយមិនសុខចិត្តគ្រាំចិត្ត ព្រោះតែកូននៅឆ្ងាយ ជាពិសេសនៅពេលមានដំណឹងឈឺចំពេលអ្នកនាងជាប់ដៃថតរឿង ទៅមិនបានម្ដងៗនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here