ល្បីប៉ុណ្ណឹងដែរ រំដួលលិចទឹក បែរជាសារភាពថាគ្មានលទ្ធភាព ត្រឹមលុយធ្វើ….

0

មកទល់ពេលនេះ ហាងសាឡនធំមួយរបស់តារាម៉ូដែលកញ្ញា រំដួលលិចទឹក ត្រូវគេដឹងថាបានបើកដំណើរការប្រមាណជិតមួយឆ្នាំមកហើយ ដោយហាងរបស់នាងមានការចំណាយមិនក្រោម៤ម៉ឺនដុល្លារនោះទេ។ អ៊ីចឹងហើយទើបជារឿងពិបាកជឿទៅវិញ ក្នុងពេលដែលនាងប្រឹងប្រែងបើកហាងអស់ដល់ខ្ទង់ម៉ឺន ប៉ុន្តែបែរជាសារភាពថាអត់មានលទ្ធភាព ដំឡើងស្លាកយីហោហាង ដោយសុខចិត្តដាក់បិទត្រឹមស្លាកយីហោកៅស៊ូ ជាជំនួស។

កញ្ញា រំដួលលិចទឹក បានសារភាពថា ទម្រាំអាចបើកសាឡនមួយនេះ នាងត្រូវចាប់ផ្ដើមតាំងពីប្រាក់មួយពាន់ពីរពាន់ដុល្លារឡើងទៅ ដោយក្នុងពេលបើកដំបូងៗ គឺនាងប្រឹងប្រែងដើរផាត់មុខអោយគេបណ្ដើរ ប្រឹងទទួលការងារសិល្បៈបណ្ដើរ ហើយយកលុយមកពង្រីកបន្តិចម្ដងៗ។ នាងថាសូម្បីដេគ័រហាង ក៏នាងជាអ្នកចេញម៉ូដ និងច្នៃធ្វើដោយផ្ទាល់ បើមិនដូច្នោះទេ គឺប្រហែលជាចំណាយយ៉ាងគំហ៊ុកមិនតិចនោះទេ ទម្រាំតែអាចបានហាងសាឡនដូចដែលបានឃើញនេះ។ យ៉ាងណាមិញនាង បើទោះជាហាងបានក្លាយជាសាឡនពេញរូបពេញរាងប្រមាណជាច្រើនខែហើយក៏ដោយ ក៏នាងនៅតែមិនទាន់មានលុយដើម្បីដំឡើងស្លាកយីហោហាងបាននោះទេ ដោយសារតែស្លាកយីហោហាងរបស់នាង គឺមានរចនាបទបែបខ្មែរ លំអរដោយផ្ការំដួលដែល ដែលតាមការចំណាយគឺរង្វង់ជា២ពាន់ដុល្លារ។

នាងថាខ្លួនត្រូវធ្វើផ្លាកហាងតាំងពីកន្លះឆ្នាំមុនម្ល៉េះ ប៉ុន្តែដោយសារតែអត់លុយធ្វើ ទើបសុខចិត្តប្រើកៅស៊ូដាក់បិទធ្វើយីហោសិន ដោយសុខចិត្តសន្សំលុយតិកតក់ៗ ទម្រាំអាចបានលុយគ្រប់ទើបធ្វើអោយស្អាតតែម្ដង។ នាងថាបើធ្វើត្រឹមស្លាកយីហោ ដែលមានមានក្បូរក្បាច់ដូចអ្វីដែលនាងបានគូស គឺប្រហែលជាអស់ត្រឹមតែប៉ុន្មានរយនឹងអាចដំឡើងបានហើយ ប៉ុន្តែបណ្ដាលមកពីក្បូរក្បាច់នៃស្លាកយីហោដែលនាងចង់បាន គឺមានរចនាប្លែក ហើយត្រូវចំណាយមិនក្រោម២ពាន់ដុល្លារ ទើបធ្វើអោយនាងសម្រេចចិត្តមិនទាន់ធ្វើតែម្ដង ដរាបនាងមិនមានលទ្ធភាពអាចធ្វើដូចការចង់បាន។

នាងថាជាការប៉ះពាល់ដែលហាងសាឡនរបស់ខ្លួន អត់មានស្លាកយីហោទាក់ទាញ ហើយធ្វើអោយម៉ូយ និងអតិថិជនមួយចំនួនមិនសូវមានចាប់អារម្មណ៍ ឬទៅហួសមកហួស។

រំដួលលិចទឹក បញ្ជាក់ថា បើទោះជានាងទទួលបានតម្លៃខ្លួនយ៉ាងហោច៣០០ដុល្លារ ជាថ្នូរនឹងការតែងខ្លួនប្លែកៗ អោយស៊ីនឹងកម្មវិធី និងទទួលបានឱកាសឡើងច្រៀង និងឡើងបង្ហាញម៉ូដច្រើនឡើងនាពេលចុងក្រោយ ប៉ុន្តែនាងថាចំណូលដែលរកបាននោះ គឺបានត្រឹមតែទប់ការចំណាយក្នុងហាងសាឡន និងការពង្រីកហាងប៉ុណ្ណោះ ដោយសារតែហាងនៅមិនទាន់ចំណេញនៅឡើយ ដែលនាងបានដាក់បញ្ហានេះថាបណ្ដាលមកពីមិនទាន់មានស្លាកយីហោទាក់ទាញនៅឡើយ។ យ៉ាងណាមិញ នាងអះអាងថា ប្រហែលជាមួយខែ២ខែទៀត នាងនឹងមានលទ្ធភាពដំឡើងស្លាកយីហោដែលមានតម្លៃប្រមាណជា២ពាន់ដុល្លារនោះបានហើយ ដោយសារតែនាងនៅក្នុងពេលនេះ ក៏អស់បន្ទុកកែកុនផ្នែកខាងក្នុង និងទិញសម្ភារៈចូល ដែលអាចនឹងគិតដល់គម្រោងធ្វើផ្នែកខាងក្រៅហាងវិញម្ដង។ នាងថាតារាម្នាក់ ដែលគ្មានអ្នកចិញ្ចឹម ហើយត្រូវប្រឹងរកលុយដោយកម្លាំងខ្លួនផ្ទាល់ គឺមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំសន្សំបានមួយពាន់ពីរពាន់ដុល្លារ៕