ខុសពីមនុស្សភាគច្រើនដែលមានរឿងម្ដង គេចមិនចង់ប្រឈមមុខ អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំមីកាសា បានអះអាងថាបើទោះជាអ្នកស្រីធ្លាប់មានប្រវត្តិគេធ្វើស៊ី ហើយមានឈ្មោះម៉ែយ៉ែម ដល់ថ្នាក់ជាប់ពន្ធនាគារកាលពីមុនក៏ដោយ ក៏អ្នកស្រីត្រលប់មកវិញនៅតែមានអារម្មណ៍ធម្មតា និងថានៅតែមានកម្លាំងចិត្តប្រឹងឈរ មិនរុញរាឡើយ។ អ្នកស្រីគម្រោងនឹងបើកហាងសាឡនធំមួយក្នុងពេលខាងមុខនោះផង ដើម្បីពង្រឹងជីវិតដែលធ្លាក់ដុនដាបអោយមានលំនឹងឡើងវិញ។
អ្នកស្រី ចាន់ ស្រីណុច និយាយថា អ្នកស្រីមិនខ្វល់រឿងអ្នកណាសើចយំអ្នកស្រី និងមាក់ងាយអ្នកស្រីក្រោយទើបប្រទះនូវរឿងអាស្រូវក្នុងជីវិតដែលបានធ្លាប់ជួបនោះទេ ដោយអ្នកស្រីបានទាំងចាត់ទុកថាអ្វីៗដែលបានកើតឡើងគឺមេរៀនជីវិត ដែលអ្នកស្រីត្រូវចងចាំ និងត្រូវប្រឹងឈរអោយកាន់តែខ្លាំងក្រោយពេលបានរួចពីសំណាញ់ច្បាប់នោះផង។ អ្នកស្រីមិនខ្លាចនឹងការប្រឈមមុខសូម្បីតែមួយភាគរយ ទើបអ្នកស្រីនៅតែបន្តទំនាក់ទំនងជាមួយតារាសិល្បៈ ដោយអ្នកស្រីយល់ថាគ្មានមនុស្សណាម្នាក់មិនធ្លាប់ជួបរឿងអាក្រក់ក្នុងជីវិតនោះទេ សំខាន់គឺចេះតែតតាំង និងប្រឈមមុខដើម្បីឆ្ពោះទៅមុខ។ អ្នកស្រីថាក្រោយពីចេញពីពន្ធនាគារថ្មីអ្នកស្រីហាក់បាក់ទឹកចិត្ត ប៉ុន្តែក្រោយពីមានកម្លាំងចិត្តអ្នកស្រី មិនត្រឹមតែមិនខ្លាចនោះទេ គឺថែមទាំងកក់ក្ដៅ នឹងការក្រោយឈររបស់ខ្លួននោះផង ជាពិសេសបន្ទាប់ពីអ្នករាប់អានអ្នកស្រីកាលពីមុននៅតែបានរាប់អានដោយមិនប្រកាន់អតីតកាលរបស់ខ្លួន។
យ៉ាងណាមិញ អ្នកស្រីថាអតីតកាលដែលធ្លាប់កើតឡើងនឹងមិនអោយកើតមានជាលើកទី២នោះទេ ខណៈដែលអ្នកស្រីត្រូវការកសាងកេរ្តិ៍ឈ្មោះអោយកាន់តែប្រសើរ នៅថ្ងៃខាងមុខ។ អ្នកស្រីថាបើខ្មាស់គេហើយបណ្ដោយអោយជីវិតដេកដួល មិនខុសពីកាន់តែធ្វើខុសនោះទេ ប៉ុន្តែបើខុសម្ដងហើយ លែងខុសម្ដងទៀត ហើយធ្វើអោយជីវិតកាន់តែរឹងមាំ ទើបជារឿងដែលមនុស្សគួរធ្វើ។
អ្នកស្រីចាន់ ស្រីណុច បញ្ជាក់ថា ក្រោយពេលអ្នកស្រីរំលេចមុខរបរជាថ្មី អ្នកស្រីនៅតែជឿនឹងមានតារាសិល្បៈ និងស្រទាប់មហាជនគាំទ្រដូចហាងមីកាសា ខណៈដែលអ្នកស្រីបញ្ជាក់ថាជំនាញបើកហាងរបស់អ្នកស្រីមិនអាចកប់ចោលបានទេ គឺត្រូវតែរំលេចឡើងវិញ ដើម្បីប្រាក់ចំណូលផង និងដើម្បីលំនឹងក្នុងជីវិតផង៕