តាមរយៈ Trailer ក្នុងរឿង”ធាតុយាយខ្ញុំ” បានបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែងអ្នកនាង ស្វែង សុជាតា គឺជាតួឯកស្រី ដោយអ្នកនាងត្រូវបានផលិតករ គឺលោក ស៑ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យភាពយន្ត អោយសម្ដែងជាតួកូនស្រីមេម៉ាយវ័យជ្រេ ចង់បានតែទ្រព្យសម្បត្តិហើយនៅពេលដឹងថាម្ដាយចែកទ្រព្យអោយខ្លួនមិនស្មើប្អូនៗ ក៍ប្រើចរឹតពិលពុលទុកអោយម្ដាយស្លាប់ទាំងបិទភ្នែកមិនជិត ហើយព្រលឹងម្ដាយក៍ក្លាយជាវិញ្ញាណកាចសាហាវ លងបន្លាចពេញក្នុងផ្ទះ។ អ្នកនាងត្រូវបានគេអះអាងថា បានសម្ដែងជាកូនស្រីច្បងរមិលគុណ ហើយទីបំផុតដោយសារតែចិត្តលោភលន់ ដែលកើតពីភាពច្រណែន ទើបធ្វើអោយគ្រួសារទាំងមូលមានវិបដិសារី។
លោក ស៑ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ បានអះអាងថា តារាជើងចាស់វ័យជ្រេមិនសុទ្ធតែមិនអាចអោយសម្ដែងជាតួឯកនោះទេ សំខាន់អោយតែសាច់រឿងនោះ តម្រូវអោយត្រូវនឹងវ័យរបស់តារាជើងចាស់នោះ? លោកថា អ្នកស្រីត្រូវបានជ្រើសអោយដើរតួឯក ដោយសារតែតួអង្គក្នុងរឿង”ធាតុយាយខ្ញុំ” សំដៅត្រូវស្ត្រីវ័យជ្រេ ហើយសមនឹងការជ្រើសអោយអ្នកនាងស្វែង សុជាតា ជាតួឯក។ ក្នុងនោះ តារាកំប្លែង នាយគ្រឿន ក៍ជាតួអង្គឯក ដែលរំលេចផ្ទៃរឿងអោយសើចសប្បាយផងដែរ ដែលមានន័យថា ក្រៅពីឈុតឆាកភ័យរន្ធព្រឺព្រួចឆ្អឹងខ្នង ឈុតកម្សត់ និងខ្លឹមសារអប់រំពាក់ព័ន្ធនឹងការរមិលគុណឳពុកម្ដាយ ឈុតឆាកកំប្លែង ជាល្បោយសំខាន់មួយ មិនអាចខ្វះបាន។ លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង”ធាតុយាយខ្ញុំ ” នឹងទទួលបានការគាំទ្រពេញទំហឹង នៅថ្ងៃដាក់បញ្ចាំងលក់សំបុត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ចុងឧសភា ដ៍ខ្លីនេះ។
លោក ស៑ុម ភារិន បន្តថា ភាពយន្តមួយនេះ មានចំណុចសំខាន់៤ គឺកំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំ ដែលក្នុងមួយរឿងនេះ យោងលើទេពកោសល្យសម្ដែងដ៍ល្អ របស់ អ្នកនាង ស្វែង សុជាតា នាយគ្រឿន និងតួអង្គផ្សេងទៀត បូករួមទាំងក្មេងៗផង លោកកាន់តែពេញទំហឹង ថាភាពយន្តរឿង”ធាតុយាយខ្ញុំ” នឹងក្លាយជាភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់មួយ ស្របគ្នាដែលផ្នែកបច្ចេកទេស និង ស្ដង់ដារផលិត ក៍ត្រូវបានសម្រាំងលើសពីរឿងមុនៗដាច់ឆ្ងាយ៕