ហេតុការណ៍ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ មេសា នៅតែធ្វើអោយអ្នកចូលរួមពិធីបើកសម្ពោធពិព័រណ៌ផ្ទាំងគំនូរនៅមជ្ឈមណ្ឌលវប្បធម៌បារាំងស្លុតចិត្តមិនទាន់បាត់នោះទេ ជុំវិញករណី ពិធីករ លោក ខេន វណ្ណាថាត់ សន្លប់បាត់មាត់បាត់.ក ដោយសារតែជំងឺគាំងបេះដូងធ្វើទុក្ខនៅកណ្ដាលចំណោម នាថ្ងៃនោះ។
លោកប៊ិះនឹងត្រូវបានសង្គ្រោះមិនទាន់ ក្នុងពេលដែលអ្នកបានឃើញហេតុការណ៍សុទ្ធតែស្លត់ស្លោរ ភ្នែកនៅកញ្ចឹង.ក បារម្ភពីលោក។
ស្ថិតក្នុងការតែងខ្លួនជាសម័យបារាំង ពិធីកររូបនេះ ស្រាប់តែប្រកាច់ និងមានសភាពគាំងបេះដូងតែម្ដង នៅក្រោយពិធីដើរម៉ូដបង្ហាញសម្រស់របស់គ្រួសារតារាកម្ពុជាត្រូវបានបញ្ចប់។ គេមិនដឹងថាលោកមានជំងឺនេះតាំងពីពេលណានោះទេ ប៉ុន្តែក្រោយភ័យស្លន់ស្លោរ ទើបដឹងថាលោកមានជំងឺបេះដូងបែបនេះជាយូរមកហើយ ប៉ុន្តែវាកម្រធ្វើទុក្ខនាពេលកន្លងមក។
ម្នាក់ៗមិនត្រឹមតែដង្ហើយរករថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ គឺថែមទាំងខលអោយក្រុមគ្រួសាររបស់លោកយកថ្នាំបេះដូងរបស់លោក និងធ្វើចលនាអោយលោកដើម្បីអោយលោកត្រឡប់មកសភាពដើមនោះទេ ប៉ុន្តែស្ថានភាពធ្វើទុក្ខនៅតែធ្វើអោយម្នាក់ៗតក់ស្លុត។ យ៉ាងណាមិញ សភាពជំងឺរបស់លោកត្រូវបានធូរស្បើយក្រោយធ្វើចលនាសង្គ្រោះ បើទោះជាលោកមិនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីបេះដូងដែលមានបញ្ហាត្រលប់មកដើរចលនាឡើងវិញ។
លោក ខេន វណ្ណាថាត់ បានអះអាងថា នេះជាការធ្វើទុក្ខដែលបានកើតឡើងក្រោយពីលោកហត់ខ្លាំង ហើយលោកក៏ភ័យណាស់ដែរនៅពេលបញ្ចប់កម្មវិធីមិនទាន់ស្រួលបួលផង ស្រាប់តែមានសភាពខ្យល់គរ សូម្បីតែដកដង្ហើមក៏ដកមិនបាន។
មកទល់ពេលនេះសុខភាពរបស់លោកមិនទាន់ស្រួលនោះទេ ដោយលោកប្រកាសថានឹងរកពេល និងប្រឹងរកលុយតាមដានសភាពជំងឺនេះអោយបានម៉ត់ចត់ ដើម្បីចៀសវាងការប៉ះពាល់ដល់ជីវិត៕