តារា៣ដួង ស្ងាត់ៗមានមុខ ផ្ដល់សំណាងជាង១ម៉ឺនដុល្លារ ជំនួស សារ៉ាយ សក្ខណា

0

បើទោះជាអ្នកនាង សារ៉ាយ សក្ខណា មិនបានបង្ហាញខ្លួន ប៉ុន្តែយោងតាមវេទិកាសន្និសទ្ធិ កាលពីរសៀលថ្ងៃទី១១ មិថុនា មជ្ឈមណ្ឌលថែរក្សាសម្រស់របស់អ្នកនាង ដែលមានឈ្មោះថា Xeno បានសម្រេចបើកកម្មវិធីមួយគឺ កម្មវិធី«Xeno Make Over» ដើម្បីផ្ដល់ឱកាសអោយបេក្ខជនបេក្ខនារីរាប់រយនាក់ដែលបានដាក់ពាក្យចូលប្រកួត មានឱកាសឈ្នះបានទឹកប្រាក់រហូតដល់ជាង១២០០ដុល្លារ ក្នុងការសម្រកទម្ងន់ និងកែរក្សាសម្រស់ពីសក់ក្បាលដល់ចុងជើងម្នាក់។ កម្មវិធីនេះតម្រូវអោយតារា៣ដួង បំពេញតួនាទីជាគ្រូបង្វឹក អ្នកផ្ដល់ប្រឹក្សាពីការកែសម្រស់ និងជាពិធីការិនីដើម្បីសម្របសម្រួលកម្មវិធី។

លោក រ៉ាប៊ីត អ្នកគ្រប់គ្រងមជ្ឈមណ្ឌលថែរក្សាសម្រស់ Xeno ដែលត្រូវគេស្គាល់ជាហាងរបស់អ្នកនាង សារ៉ាយ សក្ខណា បានថ្លែងបញ្ជាក់ថា កម្មវិធីដែលផ្ដើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី១២ មិថុនា ដោយមិនប្រកាន់ថាប្រុសស្រីតែអោយតែអ្នកធាត់ចាប់ពីទម្ងន់ជាង៧០គីឡូនេះ មានបំណងតែមួយគត់ គឺចង់អោយអ្នកមានគីឡូធាត់ដែលដាក់ពាក្យប្រកួតទាំងអស់ដែលឈ្នះ ទទួលបានឱកាសសម្រកខ្លាញ់ សម្រករាង និងកែទម្រង់មុខអោយក្លាយជាមុខV ដែលគិតជាទឹកប្រាក់គឺរហូតដល់ជាង១២០០០ដុល្លារ។ លោកថាការប្រកួតនេះ គ្រោងនឹងមានអ្នកដាក់ពាក្យរហូតដល់រាប់រយ ដោយក្នុងចំណោមអ្នកដាក់ពាក្យនឹងជម្រុះយកតែ២០រូបតាមរូបថត ហើយជម្រុះយក១០នាក់ អោយឡើងប្រកួតក្នុងកម្មវិធីក្រោមការបង្វឹករបស់កញ្ញា ទឹម រដ្ឋា និងកញ្ញា ឌុច លីដា ដោយមានពិធីការិនីមួយរូបជាអ្នកសម្របសម្រួល។ លោកថា កម្មវិធីនេះតារា៣ដួងនឹងមានតួនាទីដោយឡែកពីគ្នា ដោយកញ្ញាទឹម រដ្ឋា ត្រូវបំពេញការងារជាគ្រូបង្វឹក ជាអ្នកបង្ហាត់បេក្ខជនបេក្ខនារី ជាអ្នកសង្កេតអត្តចរឹក និងការវិវត្តន៍របស់អ្នកប្រកួត កញ្ញាឌុច លីដា គឺជាអ្នកបង្ហាញពីបទពិសោធន៍ក្នុងការសម្រកខ្លាញ់ដល់បេក្ខជន ដោយត្រូវប្រាប់របៀបថាមុនពេលសម្រកខ្លាញ់ត្រូវធ្វើយ៉ាងមិច ក្រោយសម្រកត្រូវធ្វើយ៉ាងមិចខ្លះ ដើម្បីកុំអោយបេក្ខជនបេក្ខនារីដែលភ័យខ្លាចមុនពេលបូបខ្លាញ់ និងកញ្ញា ជីមី គឺជាពិធីការិនីក្នុងកម្មវិធីតាំងពីដើមដល់ចប់ ដែលនាងគឺជាតួឯកធំមួយសម្រាប់ការប្រកួតប្រជែងទាំងមូល ខណៈដែលការប្រកួតនេះ លោកថានឹងមានតែមួយគត់ ដើម្បីអោយអ្នកឈ្នះដែលមានរូបរាងធាត់បានស្អាត និងក្លាយជាមនុស្សថ្មីក្រោយកែសម្រស់។

កញ្ញា ទឹម រដ្ឋា ដែលត្រូវបានតែងតាំងជាគ្រូបង្វឹក និយាយថា នាងនឹងប្រើសមត្ថភាពដែលធ្លាប់មាននៅក្នុងសិល្បៈ ដោយរំពឹងកញ្ញាបង្វឹករបស់នាង នឹងធ្វើអោយបេក្ខជនបេក្ខនារីដែលឈ្នះឱកាសកែសម្រស់ក្នុងតម្លៃជាង១២០០០ដុល្លារ ពីហាងរបស់អ្នកនាង សារ៉ាយ សក្ខណា។ កញ្ញា ឌុច លីដា និងកញ្ញា ជីមី ឯណោះវិញ ក៏បានប្រកាសថាខ្លួននឹងប្រឹងបំពេញការងារអោយបានល្អសម្រាប់កម្មវិធីនេះអោយអស់ពីសមត្ថភាពផងដែរ បើទោះជាកិច្ចការដែលត្រូវបំពេញ មិនមែនជារឿងងាយស្រួល៕