សឿ សុធារ៉ា ប្រកាសក្ដីស្រម៉ៃជាមួយសម្ដេចនាយករដ្ឋមន្ត្រី

0

ទើបតែបានបង្ហាញខ្លួនទាំងគ្រួសារក្នុងកម្មវិធីសំនៀងខ្មែរ អ្នកនាង សឿ សុធារ៉ា ហើយធ្វើអោយគេចាប់អារម្មណ៍ថា អ្នកនាង និងស្វាមី អាចនឹងត្រលប់មកកាន់វិថីសិល្បៈជាថ្មី។ ប៉ុន្តែផ្ទុយពីការប៉ាន់ស្មាន អ្នកនាងបែរជាអះអាងថា ខ្លួន និងលោក សាពូន មីដាដា អត់មានបំណងត្រលប់ថយក្រោយនោះទេ ប៉ុន្តែអ្វីដែលគ្រួសារអ្នកនាងទទួលឡើងក្នុងកម្មវិធីនោះ គឺដោយសារតែចង់ប្រកាសបំណងមួយ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវ ដែលអ្នកប្រកាសថា បើមិនបានសម្រេច គឺមិនអស់ចិត្ត។

អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលអ្នកនាងតែងហៅថា សម្ដេចតេជោមហាវិរៈបិតាសន្តិភាពជាតិខ្មែរ ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីនោះ ព្រោះដឹងថា សម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ អ្នកនាងថា ខ្លួន និងគ្រួសារមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកនាង និងស្វាមី បកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូលComment សួរសុខទុក្ខអ្នកនាង និងស្វាមី ព្រមទាំងកូនទាំង២នៅក្នុងថ្ងៃនោះ។ អ្នកនាងថានេះជាអ្វីដែលអ្នកនាង និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថាខ្លួន និងគ្រួសារ នៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយកដ្ឋមន្ត្រី និង លោកជំទាវ ជាលក្ខណៈគ្រួសារដើម្បីតាំងផ្ទះ។ អ្នកនាងថា ក្នុងឆ្នាំ២០១៩ ពោលគឺចាប់តាំងពីកូនប្រុសរបស់អ្នកនាងកាន់តែចម្រើនវ័យ អ្នកនាង និង លោក សាពូន មីដាដា តែងនឹកស្រមៃជាប្រចាំថា បើបានថតរូបរូបទាំងប្ដីទាំងប្រពន្ធ និងកូនទាំង២ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវទុកដាក់តាំងផ្ទះ មិនដឹងថាគ្រួសាររបស់អ្នកនាង អស់ចិត្ត និង មានសុភមង្គលយ៉ាងណា។ អ្នកនាងថា ក្នុងឆ្នាំ២០១៩នេះ បើអ្នកនាង និងគ្រួសារ មិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវ ដើម្បីមកផ្ដិតតាំងផ្ទះ នោះអ្នកនាង នឹងមិនអស់ចិត្តនោះទេ ក្នុងពេលអ្នកនាង ចង់បានរូបថតមួយសន្លឹកជួបជុំគ្រួសារមួយជាមួយសម្ដេច និងលោកជំទាវ ដើម្បីអោយកូនទាំង២បានមើល និងទុកមើលជាអនុស្សាវរីយ៍។

អ្នកនាង សឿ សុធារ៉ា ថានេះគឺជាបំណងធំតែមួយគត់ ដែលអ្នកនាងចង់បានក្នុងឆ្នាំ២០១៩។ យ៉ាងណាមិញអ្នកនាងថា មិនដឹងថាអ្វីដែលអ្នកនាងនឹកស្រម៉ៃអាចក្លាយជាការពិតឆាប់ៗ ឬ យ៉ាងណានោះទេ ក្នុងពេលដែល អ្នកនាងថា អ្នកនាង និងស្វាមី ខានជួបដោយផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាលក្ខណៈជាកូនជាចៅ ប្រមាណជាយូរឆ្នាំមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here