កាលពីយប់ថ្ងៃទី៨ មិថុនា ម៉ោងនៅប្រទេសកម្ពុជា តារាចម្រៀង ធ្លាប់គ្រងតំណែងល្បីល្បាញក្នុងក្រុមរ៉ៃមាស អ្នកនាង ផាន់ ណាវី បានរៀបចំពិធីខួបកំណើតជាមួយសាច់ញាតិ និងមិត្តភ័ក្ត្រនៅលើទឹកដីអាមេរិក។ អ្វីដែលគេចាប់អារម្មណ៍ គឺនំខួបរបស់អ្នកនាង ស្អាត ប្លែក មានន័យ គឺថាឃើញហើយមិនចង់កាត់ដូចនំខួនផ្សេងៗតែម្ដង។
នំខួបដែលអ្នកនាងបានប្រើដើម្បីប្រារព្ធពិធីខួបកំណើតរបស់ខ្លួននេះ គឺច្នៃពីផ្លែឳឡឹកធំមួយ ដោយនៅលើឪឡឹកត្រូវបានឆ្លាក់ជាភាសាខ្មែរផង អក្សរអង់គ្លេសផង ថារីករាយខួបកំណើត ហើយមានទាំងឈ្មោះរបស់អ្នកនាង និងរូបតំណាង ដើម្បីបង្ហាញថាអ្នកនាងគឺតារាចម្រៀងម្នាក់។ អមដោយផ្លែឪឡឹកដែលមានរចនាស្រស់ស្អាត ឃើញហើយមិនចង់កាត់ដូចនំដទៃ នាងក៏រៀបចំនំខួបមែនទែន ពីរបីផ្សេងទៀតផងដែរ ទើបធ្វើពិធីខួបឆ្លងអាយុរបស់អ្នកនាង មើលទៅអធឹកអធម បើទោះមិនធំដូចកាលអ្នកនាងប្រារព្ធធ្វើពេលកំពុងល្បីខ្លាំងនៅកម្ពុជា។ អ្នកនាងគឺជាតារាចម្រៀងមួយរូប ដែលបានចាកចេញទៅរស់នៅអាមេរិក ក្រោយពីមានស្វាមី ប៉ុន្តែអ្នកនាងនៅតែបន្តអាជីពចម្រៀង និងនៅតែបង្ហាញអោយអ្នកអាមេរិកថាអ្នកនាងគឺជាខ្មែរដដែល តាមរយៈការបង្ហាញខ្លួនច្រៀងរាំក្នុងការប្រគំតន្រ្តីលើទឹកដីអាមេរិក ដោយស្លៀកសំលៀកបំពាក់បែបខ្មែរ និងតាមរយៈពិធីកាត់នំមុននេះ ដែលអ្នកនាងបានប្រើផ្លែឪឡឹកឆ្លាក់ជានំខួបដែលមានរចនាបទខ្មែរបែបនេះ។
ខុសពីនំខួបដែលគេតែងផ្លុំទៀនហើយគឺកាត់ចែកភ្ញៀវ សម្រាប់ផ្លែឪឡឹកដែលអ្នកនាង ប្រើជានំខួបយ៉ាងប្លែក ហើយស្រស់ស្អាតខុសពីគេបែបនេះ គឺអ្នកដែលឃើញសុទ្ធតែសរសើរថា ស្អាត ហើយមិនចង់កាត់ក្រោយផ្លុំទៀនគ្រប់គ្នា ដោយសារតែរចនាបទ និងអត្ថន័យរបស់នំខួប ដែលតំណាងដោយផ្លែឪឡឹកនោះ ស្អាត ហើយទាក់ទាញ ពេលនៅរក្សារូបរាងមិនទាន់កាត់ជ្រាក៕