តារាសម្ដែង ឃីម រតនៈ ប្រឈមនឹងជីវិត បើការវះកាត់ដុំសាច់មហារីកមិនជោគជ័យ

0

ជាយូរមកហើយដែលតារាសម្ដែង ឃីម រតនៈ មានជំងឺដុះដុំសាច់មហារីកនៅក្នុងពោះវៀនធំ ដោយបណ្ដាលអោយលោកមានអាការៈចុកម្ដងចង់ដាច់ដង្ហើម ប៉ុន្តែរមែងទទូចមិនអោយចុះផ្សាយដើម្បីសុំជំនួយពីបងប្អូនសិល្បៈ និងមហាជន ដើម្បីអាចអោយខ្លួនមានលទ្ធភាពវះកាត់នោះឡើយ។ លោកត្រូវគេឃើញនៅតែទទួលសម្ដែង និងបង្ហាញមុខនៅក្នុងសកម្មភាពសប្បុរសធម៍ជារឿយៗ អមជាមួយឃ្លាថាខ្លូនរស់មិនយូរទេ ដូច្នេះត្រូវតែចំសម្ដែង និងធ្វើសកម្មភាពើម្បីបន្សល់ទុកស្នាដៃ។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៥ មេសា នេះ លោកមានលទ្ធភាពវះកាត់យកដុំដាច់នោះហើយ ក្រោមការជ្រោមជ្រែងពីសប្បុរសជនម្នាក់នៅក្នុងប្រទេសថៃ តែស្ថានភាព និងលទ្ធផលនៃការវះកាត់នៅមិនទាន់ដឹងនៅឡើយទេ។

លោកឃីម រតនៈ ថ្លែងប្រាប់ពីមន្ទីរពេទ្យមុនបញ្ជូនចូលបន្ទប់វះកាត់ថា ដំណាក់កាលវះកាត់ដែលលោកកំពុងធ្វើឡើងនៅក្នុងប្រទេសថៃនេះ គឺជារឿងសំខាន់មួយ ដោយប្រសិនបើការវះកាត់ទទួលបានភាពជោគជ័យ នោះលោកនឹងបានជាដូចដើម ប៉ុន្តែបើដុំមហារីកដែលរីករាលទៅហើយ នៅតែធ្វើទុក្ខកន្លែងផ្សេងទៀតនោះគឺជារឿងប្រឈមមួយ។ លោកថាការវះកាត់ដុំសាច់មហារីកពីពោះវៀនធំ លោកមិនតក់ស្លុតទេ ប៉ុន្តែអ្វីដែលលោកតក់ស្លុតថាតើមេរោគមហារីកដែលបង្កជាដុំសាច់មហារីកនេះ មានរីករាលដាលនៅក្នុងសរីរាង្គផ្សេងៗឬទេ។

ពេទ្យថៃតម្រូវអោយលោកសម្រាកក្រោយវះកាត់ចំនួន៥ថ្ងៃ ដើម្បីតាមដានសភាពជំងឺ ហើយអ្វីដែលបន់ស្រន់នៅក្នុងពេលនេះ គឺសូមដុំសាច់មហារីក មិនរីករាលដាលនៅក្នុងសរីរាង្គផ្សេងៗ ដើម្បីអោយលោកបានជាទាំងស្រុង។ លោកថាខ្លួនដឹងពីដុំសាច់នេះជាយូរមកហើយ ហើយក៍ចង់វះកាត់ជាយូរមកដែរ ប៉ុន្តែដោយសារតែខ្វះខាតលទ្ធភាពទើបបណ្ដោយមកទល់ពេលនេះ។ លោកពិតជាអរគុណដល់បងធម៍របស់លោកយ៉ាងខ្លាំង ដែលក្រោយពីដឹងថាលោកស្ថិតក្នុងជីវិតផុយស្រួយបើមិនវះយកដុំសាច់នោះចេញ ហើយបានផ្ដល់ការចំណាយទាំងស្រុងអោយលោកបានទៅវះកាត់នៅក្នុងប្រទេសថៃ ដោយគ្រោងចំណាយមិនក្រោម៦ពាន់ដុល្លារ ហើយបានបោះពាក្យអោយលោកថា បើបានជាមានលុយចាំសង បើមិនសងក៍បងធម៍លោកមិនយកវិញ ធ្វើអោយលោកចង់ស្រក់ទឹកភ្នែក។ លោកបញ្ជាក់យ៉ាងខ្លីថា ខ្លួនមិនមែនជាកូនអ្នកអត់ប៉ុន្មានទេ ប៉ុន្តែគ្រួសាររបស់លោកមិនសូវរវីរវល់ខ្វល់ខ្វាយនឹងសុខទុក្ខរបស់លោកទេ ទើបលោកត្រូវរស់ និងត្រូវរកលុយមកព្យាបាលជំងឺដោយខ្លួនឯង តាំងពីមានជំងឺកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here