ពេជ្រ ខេនឌី ផ្ទុះជម្លោះជាមួយក្រុមហ៊ុនធំមួយ នៅសៀមរាប

0

នៅទីបំផុតតារាចម្រៀង អ្នកនាង ពេជ្រ ខេនឌី បានទម្លាយអោយដឹងជាផ្លូវការហើយ ថាអ្នកនាង ពិតជាមានជម្លោះធំមួយជាមួយក្រុមហ៊ុនសន្ដិសុខមួយនៅខេត្តសៀមរាបពិតមែន បន្ទាប់ពីមានការទម្លាយថាក្រុមហ៊ុនសន្ដិសុខមួយនេះ បានប្រមូលយកឥវ៉ែឥវ៉ាន់ពីហាងរបស់នាងស្ថិតនៅខេត្តសៀមរាប ដែលគិតជាទឹកប្រាក់មិនក្រោមរាប់ពាន់ដុល្លារ ហើយក្រោយមានការតវ៉ា ក៏មានការប្រើសម្ដីមាក់ងាយចំពោះនាង។ មកទល់ពេលនេះ ជម្លោះរបស់នាង និងក្រុមហ៊ុនសន្ដិសុខនោះ នៅមិនទាន់បញ្ចប់នោះទេ ស្របគ្នាដែលនាងក៏ប្រកាសថាមិនអាចទទួលយកបាននូវពាក្យសម្ដីមាក់ងាយរបស់តំណាងក្រុមហ៊ុននោះ ក្រោយពេលផ្ទុះជម្លោះបានទេ។

អ្នកនាង ពេជ្រ ខេនឌី និយាយថា ហេតុដំបូងដែលនាំអោយមានជម្លោះកើតឡើង ដោយសារតែក្រោយពេលដែលភោជនីយដ្ឋាន«ល្បុកកត្តោក្លិប»របស់នាងឈានដល់ការបិទទ្វារ គឺនាងបានប្រគល់ថវិកាអោយម្ចាស់ភាគហ៊ុនរបស់នាងស្ថិតនៅខេត្តសៀមរាប ជាអ្នករាប់រងបង់ថ្លៃសន្តិសុខ អោយក្រុមហ៊ុនដែលទទួលរ៉ាប់រងលើការមើលខុសត្រូវហាងរបស់នាងជាប្រចាំ ប៉ុន្តែមិនដឹងជាយ៉ាងមិចស្រាប់តែដៃគូភាគហ៊ុនរបស់នាងបែរជាជំពាក់ក្រុមហ៊ុននោះដល់ទៅរាប់រយដុល្លារ ហើយតម្រូវអោយក្រុមហ៊ុននៅរឹបអូសយកឥវ៉ាន់មួយចំនួនចេញពីហាង។ នាងថាខ្លួនបានដាក់បណ្ដឹង ដើម្បីទាមទារអោយប្រគល់មកវិញ ដោយនាងសុខចិត្តប្រគល់ប្រាក់ដែលជំពាក់នោះអោយ ដោយក្រុមហ៊ុនសុខចិត្តប្រគល់មកអោយវិញតាមការចចារ ប៉ុន្តែដល់ពេលដែលនាងទទូចអោយតំណាងក្រុមហ៊ុនដឹកឥវ៉ាន់ទាំងនោះត្រឡប់មកវិញ បែរជាតំណាងក្រុមហ៊ុនឈានដល់ការប្រើពាក្យសម្ដីមាក់ងាយដល់នាង ដែលនាងប្រកាសថាមិនអាចទទួលយកបាន។

ពេជ្រ ខេនឌី បញ្ជាក់ថា តំណាងក្រុមហ៊ុនសន្តិសុខមិនមែនមិនស្គាល់នាងនោះទេ ហើយក៏មិនដែលទាក់ទងមកនាងមុនពេលប្រមូលយកទ្រព្យសម្បត្តិពីហាងរបស់នាងចេញពីហាង ទើបនាងប្រកាសថានេះ ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនសន្តិសុខដែលនាងបានកុងត្រាអោយបញ្ជូនសន្តិសុខមកមើលខុសត្រូវប្រចាំហាង។

នាងនិយាយថា«ខ្ញុំអត់ដឹងរឿងអ្នកមើលការហាងខ្ញុំ អត់បង់លុយអោយខាងក្រុមហ៊ុនសន្តិសុខនឹងសោះ ព្រោះតែលុយខ្ញុំផ្ញើអោយមករាល់ខែ ចឹងហើយទើបខ្ញុំហួសចិត្ត នៅពេលដែលគាត់ស្រាប់តែទៅប្រមូលឥវ៉ាន់ពីហាងខ្ញុំ ដោយគ្រាន់តែឃើញខ្ញុំទៅដឹកឥវ៉ាន់ខ្លះយកមកទុក»។

នាងថាបញ្ហាក្រុមហ៊ុនប្រមូលយកឥវ៉ាន់ពីហាងនាង ដោយមិនប្រាប់ដំណឹង មិនមែនជាកំហុសនោះទេ ដោយសារតែនាងក៏យល់ថានោះក៏ដោយសារតែក្រុមហ៊ុនស្មានថាមានអ្នកផ្សេងទៅប្រមូលយកឥវ៉ាន់ចេញពីហាងនាង ហើយចង់រក្សាទុកឥ៉វ៉ាន់អោយនាងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកំហុសគឺក្រុមហ៊ុនប្រមូលយកឥវ៉ាន់នោះមិនជូនដំណឹងជាមុន ហើយនៅពេលសួរនាំពីហេតុផលគឺដោយសារតែហាងនាងជំពាក់លុយក្រុមហ៊ុន ទាំងមិនដែលទាក់ទងមកនាងជាមុន និងបែរជាប្រើសម្ដីមើលងាយនាង នៅពេលនាងទទូចអោយយកឥវ៉ាន់មកទម្លាក់ក្នុងហាងជាថ្នូរនឹងការប្រគល់លុយដែលខ្វះអោយវិញ ទើបបង្កអោយក្លាយជាជម្លោះ។ យ៉ាងណាមិញ នាងថាមិនឈានដល់ការប្ដឹងផ្ដល់គ្នានោះទេ គឺនាងគ្រាន់តែមានគម្រោងទម្លាយអោយដឹងពីឈ្មោះរបស់ក្រុមហ៊ុនសន្ដិសុខនោះ ដើម្បីអោយដឹងថានោះជាក្រុមហ៊ុនដែលខ្វះការទទួលខុសត្រូវ និងបានមាក់ងាយនាងមិនសមជាក្រុមហ៊ុនសន្ដិសុខអាជីព៕