ប៉ុស្ដិ៍លេខ៥ បោះទុនផលិតរឿងភាគ និយាយពីកងខេមរៈភូមិន្ទ នៅកម្ពុជា

0

កាលពីព្រឹកថ្ងៃទី៥ មិថុនា ផលិតករថៃប្រចាំនៅប៉ុស្ដិ៍លេខ៥ បានសម្រេចបោះទុនផលិតភាពយន្តភាគ រឿង«មន្តស្នេហ៍ វរៈសេនីយ៍» ដោយសាច់រឿងទាំងមូលបង្ហាញយ៉ាងស៊ីជម្រៅពីការងាររបស់ក្រុមខេមរៈភូមិន្ទ បើទោះជាភាពយន្តនេះមានសាច់រឿងច្រើនបង្ហាញពីស្នេហា និងការបែងចែកវណ្ណៈ។

យ៉ាងណាមិញអ្វីដែលជាគោលចំណុចសំខាន់ក្នុងរឿងមួយនេះ គឺចង់លាតត្រដាងអោយឃើញពីការលំបាករបស់កងទាហានខេមរៈភូមិន្ទ និងពីការលះបង់របស់កងទាហានទាំងនោះ ក្នុងកិច្ចការជាតិ និងសកម្មភាពក្នុងបន្ទាយជាច្រើន ដើម្បីអោយដឹងពីជីវភាពរបស់កងទាហានខ្មែរ។

ផលិតករប្រចាំនៅប៉ុស្ដិ៍លេខ៥បញ្ជាក់ថា ភាពយន្តដែលទើបក្រុងពាលីចេញថតនេះ គម្រោងបង្ហាញពីរបៀបរបបក្នុងការរស់នៅរបស់កងទាហានខេមរៈភូមិន្ទខ្មែរតាំងពីដើមរឿងដល់បញ្ចប់រឿង ដោយសារតែតួអង្គប្រុស និងតួអង្គស្រី សុទ្ធសឹងតែតំណាងអោយមន្ត្រីកងយោធពលខេមរៈភូមិន្ទ ដើម្បីរំលេចពីតួនាទីរបស់ផ្នែកនេះ។

បើទោះជាក្នុងពេលក្រុងពាលីមានការតារាសម្ដែងច្រើននាក់ ត្រូវបានកំណត់អោយតែងតួជាមន្ត្រីទាហានក្នុងជួរខេមរៈភូមិន្ទ ប៉ុន្តែសកម្មភាពក្នុងរឿងទាំងមូល នឹងមានការចូលរួមសម្ដែងពីទាហានអាជីពក្នុងបន្ទាយរហូតដល់រាប់រយនាក់ ដើម្បីបង្ហាញពីសក្កានុពល និងភាពរឹងមាំរបស់កងទាហានខ្មែរ លើកិច្ចការជាតិ។ ភាពយន្តមួយនេះ ក្រៅពីមានឈុតឆាកស្នេហា និងភាពកំប្លុកកំប្លែង ក៏បង្ហាញពីអោយឃើញពីការលះបង់ និងស្នាដៃរាប់មិនអស់របស់មន្ត្រីខេមរៈភូមិន្ទ ដើម្បីអោយអ្នកមិនបានដឹងកាន់តែស្វែងយល់ពីការលំបាករបស់ និងស្រឡាញ់លើកតម្កើងចំពោះកងទាហានខ្មែរផងដែរ។ ការសម្រេចចេញថតរឿងនេះ គឺដោយសារតែប៉ុស្ដិ៍លេខ៥សម្អាងថាមានការយល់ព្រម និងសហការពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នកងយោធពលខេមរៈភូមិន្ទប៉ុណ្ណោះ បើមិនដូច្នេះនោះទេ គឺពិតជាមិនអាចផលិតភាពយន្តនេះបានឡើយ ដោយសារតែផ្ទៃរឿងទាំងមូល គឺទាក់ទងរហូតដល់៩០ភាគរយ និងសកម្មភាពការងាររបស់កងទាហានក្នុងបន្ទាយរបស់កងយោធពលខេមរៈភូមិន្ទ។

លោកហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥បានថ្លែងបញ្ជាក់ថា ការផលិតរឿង«មន្តស្នេហ៍ វរៈសេនីយ៍» គឺដើម្បីជាការលើកតម្កើងតួនាទីរបស់កងយោធពលខេមរៈភូមិន្ទ និងបង្ហាញអោយឃើញពីសកម្មភាពមានតម្លៃរាប់មិនអស់ក្រៅពីតួនាទីការងារជាតិរបស់មន្ត្រីទាំងនោះ។ លោកថាភាពយន្តមួយរឿងនេះ គម្រោងចេញថតក្នុងបន្ទាយទាហានមិនតិចជាង៧០ភាគរយនោះទេ ខណៈដែលក្រៅពីតួជាតារាៗ ដែលស័ក្ដសមនឹងតួនាទីជាទាហាន ក៏មានទាហានពិតដល់រាប់រយនាក់នឹងក្លាយជាតួអង្គសម្ដែងនៅក្នុងរឿងទាំងមូលផងដែរ ដើម្បីអោយរឿងកាន់តែរស់រវើក៕