កាលល្ងាចពីថ្ងៃទី២៦ មេសា មជ្ឈមណ្ឌលវប្បធម៌បារាំង បានបើកព្រឹត្តិការណ៍ពិរព័រណ៌ផ្ទាំងគំនូរទ្រង់ទ្រាយធំ ក្រោមវត្តមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងពិធីនោះអ្វីដែលគេកត់សម្គាល់គឺមានវត្តមានសិល្បករសិល្បការិនីមកពីគ្រួសារតារាកម្ពុជាចាស់ក្មេងល្បីៗជាច្រើនរូប បង្ហាញខ្លួនក្នុងឈុតកាលពីសម័យបុរាណកាល។ សម្លៀកបំពាក់ក្នុងសម័យលង្វែក សម័យលោកម្ចាស់ សម័យអាណានិគមបារាំង សម័យបុរេប្រវត្តិ និងសម័យផ្សេងៗដែលសុទ្ធតែសឹងតែជាទម្រង់សម្លៀកបំពាក់ក្នុងពេលអតីតកាល សុទ្ធតែត្រូវបានតារាសិល្បៈរំលេចអោយមានភាពរស់រវើកឡើងវិញ នៅក្នុងពិធីនោះ។
តារាសិល្បៈដែលបានរំលេចឈុតប្រពៃណីស្ទើរតែគ្រប់ជំនាន់នៅក្នុងពិធីនោះរួមមាន សិល្បកររៀមច្បង លោក សុះ ម៉ាច, អ្នកនាងព្រំ រដ្ឋា, អ្នកនាងឈួន សុវណ្ណឆៃ, តារាសម្ដែង អ្នកនាងភិន សុដាលីស, លោកភឹម តារាវិបុល តារាសម្ដែង, កញ្ញារំដួលលិចទឹក, លោកលាង ឧត្តម តារាសម្ដែង, លោកស៊ិន សុធារិទ្ធិ តារាសម្ដែង, កញ្ញាអ៊ុង នីនិច តារាចម្រៀង, លោកថៃ ប៊ុននាង តារាសម្ដែង, លោកសន សុវណ្ណារ៉ា, លោកដួង តារាផាឌីន តារាចម្រៀង, អ្នកនាងចាន់ តារាគន្ធី តារាចម្រៀង, លោក ឈឹម ចំរើន តារាសម្ដែង, កញ្ញារៀម ច័ន្ទបរមី តារាសម្ដែង, លោកខេន វណ្ណាថាត់ ពិធីករ, លោក លោកទេព រិទ្ធីនី តារាសម្ដែង, លោកហួរ សុផល តារាចម្រៀង, លោកឡុង សុខហៀង តារាសម្ដែង, លោកង៉ែត សុភ័ក្រ្ត តារាសម្ដែង, កញ្ញារក្សា តារាសម្ដែង, លោក មាស សៀវប៉ាយ តារាសម្ដែង, កញ្ញានី ម៉ារីណា តារាសម្ដែង, កញ្ញាមុន្នីរក្សា តារាសម្ដែង, កញ្ញាអូនពេជ្រ តារាសម្ដែង, និងសមាសភាពសិល្បករសិល្បការិនីជាច្រើនរូបទៀត ដែលត្រូវគេស្គាល់ថាសុទ្ធសឹងតែជាសមាជិករបស់គ្រួសារតារាកម្ពុជា។
អ្នកនាង ព្រំ រដ្ឋា ដែលបានតែងជាក្នុងសម័យលង្វែក ក្នុងទម្រង់នាងទុំទាវ ឬក្នុងរឿងម៉ាក់ថឺង បានថ្លែងបញ្ជាក់ថានេះ ព្រឹត្តិការណ៍ដែលមានតម្លៃយ៉ាងខ្លាំងសម្រាប់ក្រុមសិល្បករ ដោយសារតែសម្លៀកបំពាក់បុរាណ ដែលតារាសិល្បៈមិនសូវមានឱកាសបានស្លៀកជុំគ្នា ត្រូវបានលេចឡើង។ អ្នកនាងថាចង់ឃើញកម្មវិធីដែលមានលក្ខណៈសិល្បៈបែបលើកស្ទួយវប្បធម៌បុរាណបែបនេះអោយបានច្រើន ដើម្បីរំលេចអោយខ្មែរ និងក្មេងជំនាន់ក្រោយមើលឃើញពីតម្លៃរបស់សម្លៀកបំពាក់របស់ខ្មែរឡើងវិញ។
លោក សុះ ម៉ាច ដែលជាសិល្បកររៀមច្បងបានអះអាងថា បើទោះជាការចូលរួមនេះ ក្រុមសិល្បករមិនទទួលបានផលប្រយោជន៍ណាមួយ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្ត គឺក្រុមតារាសិល្បៈរបស់គ្រួសារតារាកម្ពុជាបានរួមចំណែកលើកស្ទួយនូវសម្លៀកបំពាក់បុរាណ ដោយសម្លៀកបំពាក់ទាំងនោះគឺក្រុមសិល្បករប្រើគ្រប់មធ្យោបាយ ដើម្បីបានតែងខ្លួនយកមកលំអរកម្មវិធី ដែលមានន័យថាលះបង់ទាំងកម្លាំងកាយហើយ លះបង់ទាំងពេលវេលា និងលុយកាក់ផ្ទាល់ខ្លួនទៀត គឺព្រោះតែចង់រួមចំណែកលើកស្ទួយវប្បធម៌។
ខាងក្រោមនេះជាទិដ្ឋភាពរបស់គ្រួសារតារាកម្ពុជា ក្នុងទម្រង់បុរាណដែលបានធ្វើឡើង៖